ភ្នំពេញៈ គម្រោង​អនាគត​បៃ​តង​កម្ពុជា​​ (Cambodia Green Future)​​ ​ក្រោម​ការគាំទ្រ​ពី USAID ប្រកាស​ជ្រើសរើស​បេក្ខជន​ឱ្យចូល​រួម​ប្រកួត​ស្នាដៃ​និង​គំនិត​ច្នៃប្រឌិត​ក្រោម​ប្រធាន​បទ​ទី​ ៣ «​បញ្ឈប់​ការ​ចោល​សំរាម​មិន​ត្រឹមត្រូវ​» ​ដើម្បី​ស្វែងរក​ជយ​លា​ភី ​៥ ​នាក់ ឬ​ក្រុម ខណៈ​ការ​​ឈប់​ទទួល​ពាក្យ​នឹងត្រូវ​បញ្ចប់​នៅ​ទី​ ៩ ខែមករា ឆ្នាំ​ ២០២៣​។​

​គម្រោង​អនាគត​បៃតង​កម្ពុជា បានប្រកាស​នៅ​ថ្ងៃទី​ ១៨ ធ្នូ​ថា សម្រាប់​លក្ខខណ្ឌ​ចូលរួម គឺ​បេក្ខជន ត្រូវជា​យុវជន​កម្ពុជា និង​រស់នៅ​កម្ពុជា ខណៈ​ការ​​ផលិតផល​ឬ​ (​ស្នាដៃ​) ក្នុងករណី​មាន​សមាជិក​ច្រើនជាង​ ១ ​រូប គឺ​សមាជិក​១​រូប ក្នុងចំណោម​នោះ​ត្រូវមាន​អាយុ​ចន្លោះ​ពី​ ១៥ ទៅ​ ២៤ ​ឆ្នាំ​។

​គម្រោង​នេះ​ថា ការប្រកួត​អាចមាន​ទម្រង់​ជា​វីដេអូ​ខ្លី ​(១-៣​នាទី​) ហើយ​រឿង​ដែល​បង្ហាញ​ជា​រូបថត (Photo Story) ឬ Comic Book, Creative Infographic គំនូរ​ឬ​ផ្ទាំង​រូប​​ភាព​ច្នៃប្រឌិត ឬ​បទ​ចម្រៀង បទ​ភ្លេង ឬ​កំណាព្យ (​អមដោយ ទំនុកច្រៀង និង​អត្ថបទ​) ឬ ស្នាដៃ ជា​រូបភាព ឬ​សោត​ទស្សន៍ (​សំឡេង​)​ ឬ​សំណេរ នានា​។ ចំពោះ​ស្នាដៃ​ប្រកួត​គឺត្រូវធ្វើ​ឡើងជា​ភាសា​ខ្មែរ និង​ផ្តល់នូវ​គំនិត ឬ​ដំណោះស្រាយ ពាក់ព័ន្ធ​នឹង​ប្រធានបទ ​«​បញ្ឈប់​ការ​ចោល​សំរាម​មិន​ត្រឹមត្រូវ​»​។​

​នេះ​បើតាម​ការអះអាង​របស់​គម្រោង​អ​នា​គ​ត​បៃតង​កម្ពុជា​។​ប្រភព​ដដែល​បញ្ជាក់ថា​ «​យុវតី និង​យុវជន ជនជាតិដើម​ភាគតិច ត្រូវបាន​លើកទឹកចិត្ត ក្នុងការ​​ចូលរួម​ប្រកួត​។ សមាសភាព​ក្រុម មាន​យ៉ាងច្រើន​ ៣ ​រូប (​ហើយ​ត្រូវមាន​ស្រី្ត​យ៉ាងតិច​ ១ ​រូប​) ក្នុង​ការចូល​រួមការ​ប្រកួត​។ បេក្ខភាព​ដែល​ចូលរួម​ការប្រកួត អាចជា​បុគ្គល​ឬ​ជា​ក្រុម ប៉ុន្តែ​ការប្រកួត​បានតែ​ ១ ​និង​តែម្តង​ប៉ុណ្ណោះ​។ បេក្ខភាព​ដែល​ធ្លាប់​ប្រកួត​ម្តង​រួចហើយ ត្រូវបាន​លើកទឹកចិត្ត ដាក់ពាក្យ​ចូលរួម​ម្តងទៀត​»​។​

​តាម​ការប្រកាស​របស់​គម្រោង​អនាគត​បៃតង​កម្ពុជា​លើ​ហ្វេ​ស​ប៊ុ​ក ឱ្យដឹងថា សម្រាប់​រង្វាន់​ជយលាភី​ទាំង ​៥ ​នាក់ ឬ ក្រុម នឹង​ទទួលបាន​ដំណើរ​ទស្សនកិច្ច​សិក្សា បណ្ណ​សរសើរ សម្ភារ​ផ្សេងៗ​ទៀត រីឯ​រង្វាន់​សម្រាប់​បេក្ខភាព​ឈាន​មកដល់​​វគ្គ​ផ្តាច់ព្រ័ត្រ ​(​វគ្គ​ទី ​៣) នឹង​ទទួល​បណ្ណ​សរសើរ សម្ភារ​ផ្សេងៗ​ទៀត តែ​ក្រុមការងារ​គម្រោង​ក៏​សុំ​រក្សា​សិទ្ធិ​ក្នុងការ​កែប្រែ​កម្មវិធី និង​លក្ខខណ្ឌ​នានា​ដែល​ត្រូវបាន​អនុវត្ត​ផងដែរ​។​

​គម្រោង​អនាគត​បៃតង​កម្ពុជា​បាន​បញ្ជាក់ថា​៖ «​ក្រុមការងារ​គម្រោង រក្សា​សិទ្ធិ ដក​សម្ភារ ឬ ផលិតផល ​(​ស្នាដៃ​) ចេញពី​ការប្រកួត​ដោយ​ស្វ័យប្រវត្តិ ក្នុងករណី​សម្ភារ​ស្នាដៃ​របស់​បេ​ក្ខ​ភាព​ណាមួយ មាន​ខ្លឹមសារ និង​បង្ហាញ ភាព​អាសអាភាស ការ​ញុះញង់ ការរំលោភបំពាន ការប្រើ​ហិង្សា ឬ​ខ្លឹមសារ​ទាក់ទង​នឹង​នយោបាយ និង​ប៉ះពាល់​ដល់ វប្បធម៌ សាសនា និង ពូជ​សាសន៍ ឬ​ខ្លឹមសារ​អវិជ្ជមាន​ផ្សេងទៀត​»​។

​គម្រោង​ដែល​គាំទ្រ​ដោយ USAID នេះ ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា ឆ្នាំ ​២០២១ ដើម្បី​ធ្វើ​យុទ្ធនាការ​ទំនាក់ទំនង​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​របស់​យុវជន​គាំទ្រ​បរិស្ថាន​ថ្មី​មួយ ហើយ​គម្រោង​នេះ ធ្លាប់បាន​ប្រកួត​លើ​ប្រធានបទ​ចំនួន​ ២ រួចមកហើយ ដោយ​ទី ​១ ពាក់ព័ន្ធ​នឹង​ការប្រើ​គ្រឿងសង្ហារិម​ធ្វើ​ពី​ឈើ​ប្រណីត និង ទី ​២ ឈប់​ហូប​សត្វព្រៃ​។​

​យុវតី​ម្នាក់ ឈាង សុក្រ​កញ្ញា ដែល​ទើប​ប្រឡង​បញ្ចប់​ថ្នាក់​ទី​ ១២ ក្នុង​ខេត្តស្វាយរៀង និយាយថា កញ្ញា និង​សមាជិក​ក្រុម​ម្នាក់ទៀត បានរួម​គ្នា​ផលិត​ជា​វីដេអូ​អប់រំ​ខ្លី ពី​ការមិន​ចោល​សំរាម​ផ្តេសផ្តាស ខណៈ​យុវជន​ឈ្មោះ​ជឿន ថៃ ដែល​កំពុង​​សិក្សា​នៅ​សៀមរាប បាន​ផ្ញើ​ស្នាដៃ​វី​ឌី​អ ក្រោម​ប្រធានបទ​បញ្ឈប់​ការ​ចោល​សំរាម​មិន​ត្រឹមត្រូវ ដើម្បី​ដាក់ពាក្យ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ក្នុង​យុទ្ធ​​នា​ការ​នេះ​៕