
ផ្ទាំងរូបភាព ១ ផ្នែកក្នុងតំបន់អភិរក្សសត្វព្រៃ។ រូបថត Wildlife Insights
ភ្នំពេញៈ យុវជនមួយក្រុម រួមគ្នាបង្កើតយុទ្ធនាការមួយដែលមានឈ្មោះថា ១ កាក់ ១ សេនដើម្បីសត្វព្រៃកម្ពុជា ដែលជាផ្នែកមួយនៃគម្រោង កែវភ្នែក ដើម្បីប្រមូលថវិកា និងកៀរគរការចូលរួមពីសាធារណជន ដើម្បីរួមគ្នាលើកកម្ពស់ការអភិរក្ស សត្វព្រៃនៅតំបន់ភ្នំត្នោត ភ្នំពកនៃដែនជម្រកសត្វព្រៃខេត្តព្រះវិហារ។
គម្រោង កែវភ្នែក ឬ Wildlife Insights គឺជាគម្រោងដែលបង្កើតឡើងដោយនិស្សិតក្នុងរាជធានីភ្នំពេញចំនួន ១២ នាក់ ក្នុងគោលបំណងលើកកម្ពស់ការអភិរក្សសត្វព្រៃនៅតំបន់ភ្នំត្នោត ភ្នំពកនៃដែនជម្រកសត្វព្រៃខេត្តព្រះវិហារ ក្រោមការគ្រប់គ្រងរបស់លោក Ben ដែលជាអ្នកអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ។
ក្នុងពេលបច្ចុប្បន្ន លោក Ben កំពុងជីកប្រឡាយ ដើម្បីធ្វើជារបងខណ្ឌការពារកុំឱ្យសត្វព្រៃឆ្លងចូលដី ដំណាំអ្នកភូមិ និងអាចជាប់អន្ទាក់ព្រានព្រៃផងដែរ។ លើសពីនេះលោក Ben ក៏មានគម្រោងបន្ទាន់មួយ ដើម្បីជួយដល់សហគមន៍មួយដែលរស់នៅក្នុងដែនជម្រកសត្វព្រៃ ស្របពេលភូមិម្រេចនៃឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលពលរដ្ឋរស់នៅ គឺជាភូមិដាច់ស្រយាលមួយ ហើយអ្នកភូមិត្រូវការជំនួយដើម្បីជួសជុលផ្លូវធំទៅភូមិ។
យុវតី ហេង ហ្កេចជិន ជានិស្សិតឆ្នាំទី ២ នៃសាលា Paragon និងជាសមាជិកម្នាក់ក្នុងចំណោម ១២ នាក់ ដែលបានរួមគ្នាបង្កើតគម្រោងនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៨ ធ្នូថា ដោយសារតែក្រុមខ្លួន បានមើលឃើញពីតម្រូវការ និងត្រូវការការចូលរួមពីប្រជាពលរដ្ឋ ទើបក្រុមខ្លួន បានបង្កើតជាគម្រោងដែលមានយុទ្ធនាការនេះឡើង ដើម្បីកៀរគរការចូលរួមជាកម្លាំង និងថវិកា។ គម្រោងនេះ គឺចាំបាច់ណាស់ ត្រូវការ ការចូលរួមរបស់អ្នកទាំងអស់គ្នានេះ ដើម្បីគាំទ្រដល់ការចិញ្ចឹមជីវិតរបស់ពលរដ្ឋនៅទីនោះ និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់ពលរដ្ឋទៅលើសត្វព្រៃដែលពួកគេរស់នៅក្បែរនោះ ខណៈសាធារណជន អាចចូលរួមបានតាមរយៈការបរិច្ចាគជាអាហារ សម្ភារ និងថវិកាមកកាន់គណនីភរិយារបស់លោកបេនផ្ទាល់ គឺអ្នកស្រី សារីន។
កញ្ញា បានបញ្ជាក់ថា ការកៀរគរការចូលរួមរបស់សាធារណជននេះ នឹងត្រូវធ្វើឡើងតាមបណ្តាញសង្គម ដែលក្រុមនិស្សិត នឹងធ្វើការផ្សព្វផ្សាយ ដោយជំរុញឱ្យអ្នកចូលរួមបន្តចែករំលែកព័ត៌មានទាំងនេះ ទៅកាន់មិត្តភក្តិ គ្រួសារ និងអ្នកប្រើប្រាស់ដទៃទៀត។
យុវតី ហេង ហ្កេចជីន បានបញ្ជាក់ថា៖ «ខ្ញុំផ្ទាល់គឺ មានសេចក្តីរីករាយដែលបានចូលរួមជាចំណែកមួយនៅក្នុងគម្រោង កែវភ្នែកនេះ ព្រោះគម្រោង ១ នេះគឺបង្កើតឡើងដោយមិនត្រឹមតែលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សសត្វព្រៃប៉ុណ្ណោះទេ។ គម្រោងនេះ ក៏បានឱ្យយុវជន និងមហាជនចូលរួមជាចំណែកក្នុងការអភិរក្យសត្វព្រៃទាំងអស់គ្នាផងដែរ។ ដូចនេះខ្ញុំសង្ឃឹមថា នឹងមានការចូលរួម និងគាំទ្រពីសំណាក់មហាជនទាំងឡាយ ដើម្បីឱ្យគម្រោងមួយនេះប្រព្រឹត្តទៅដោយជោគជ័យ»។
បើតាមកញ្ញា ហ្កេចជីន ការទទួលការចូលរួមជាអាហារ សម្ភារ និងថវិកា នឹងធ្វើរហូតដល់ចុងខែមករា ឆ្នាំ ២០២៣ ខាងមុខ ហើយបន្ទាប់ពីចប់គម្រោងនេះ ក្រុមខ្លួន ក៏នឹងចុះទៅដោយផ្ទាល់ដល់តំបន់អភិរក្ស សត្វព្រៃនៅតំបន់ភ្នំត្នោត ភ្នំពក ដើម្បីចូលរួមចំណែកបង្កើតជាវីដេអូសម្រាប់ទាក់ទាញការចូលរួមពីសាធារណជនផងដែរ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ រូបលោកផ្ទាល់ បានជួបជាមួយក្រុមការងារកែវភ្នែក ឬ Wildlife Insights ដើម្បីពិភាក្សា និងផ្តល់យោបល់លើគម្រោងលើកកម្ពស់ការយល់ដឹងពីសត្វព្រៃ និងការចូលរួមការពារ និងអភិរក្ស។
លោក ថ្លែងថា គម្រោងរបស់ក្រុមនិស្សិតទាំងនេះ គឺជាផ្នែកមួយដែលបានចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលពួកគេ អាចចូលរួមតាមរយៈគម្រោងផ្សេងៗ ដែលពួកគេបានបង្កើតឡើង ក៏ដូចជាការចូលរួមជាមួយលោក បេន គឺជាផ្នែកមួយដែលសំខាន់ ដោយសារតែលោក បេន ត្រូវការថវិកាបន្ថែមពីអ្វីដែលរដ្ឋាភិបាលបានផ្តល់ជូនជាប្រចាំឆ្នាំ។
លោក បានបញ្ជាក់ថា៖ «កិច្ចការងារនេះ យើងយល់ថា មានសារៈសំខាន់ ហើយក៏ជាការចូលរួមរបស់យុវជននៅក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ នេះជាការជំរុញបន្ថែមសម្រាប់ការចូលរួមរបស់យុវជន និងប្រជាពលរដ្ឋ ក៏ដូចជាការការពារ និងការអភិរក្ស។ យើងសង្ឃឹមថា យុវជនផ្សេងៗទៀត គាត់ចូលរួមសហការដោយភាពស្មោះត្រង់ លើកិច្ចការងារដែលផ្តោតលើសារប្រយោជន៍ជារួម»។
លោក Ben Devis មកកម្ពុជាតាំងពីឆ្នាំ ១៩៩២ ដើម្បីការពារធនធានធម្មជាតិ និងសត្វព្រៃ ជាពិសេសនៅក្នុងតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប មានទំហំផ្ទៃដីសរុបជាង ៤ ម៉ឺនហិកតា ក្នុងនោះលោក បានការអនុញ្ញាតគ្រប់គ្រង លើផ្ទៃដីជាង ៧ ពាន់ហិកតា៕