
ពលរដ្ឋរង់ចាំទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅទីតាំងផ្សារទំនើបអុីអន សែនសុខ រាជធានីភ្នំពេញ ទីដែលមន្ត្រីនគរបាលធ្វើឱ្យពួកគេ។ ហុង មិនា
ភ្នំពេញៈ រយៈពេល ១៨ ថ្ងៃ នៃយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋជាង ១ ម៉ឺន ៦ ពាន់នាក់ ដែលយុទ្ធនាការនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាល អះអាងថា យុទ្ធនាការនេះ មានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ។
កាលពីថ្ងៃទី២៧ តុលា ក្រសួងមហាផ្ទៃ បានបង្កើតយន្តការអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ដើម្បីដឹកនាំគណៈកម្មការជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រាជធានី-ខេត្ត ក្នុងការអនុវត្តយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៣។
លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ថា យុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិ និងតាមខ្នងផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន។
លោកបញ្ជាក់ថា ក្នុងរយៈពេលនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋចំនួន១៦ ១៨៥នាក់ ហើយសម្ទុះនៃការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ គឺមានការកើនឡើង។
លោកអះអាងថា៖«យុទ្ធនាការនេះគឺពិតជាល្អ ដែលបានផ្តល់សេវាកាន់តែកៀកដល់ប្រជាពលរដ្ឋ។ បងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការមកធ្វើអត្តសញ្ញាណប័ណ្ណ ដោយពួកគាត់បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានផ្តួចផ្តើម និងជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ផ្នែកអត្តសញ្ញាណប័ណ្ណ ចុះធ្វើជូនប្រជាពលរដ្ឋតាមភូមិ និងតាមខ្នងផ្ទះ ហើយវាជាចំណុចមួយល្អ ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ»។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញបន្ថែមក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីជូនប្រជាពលរដ្ឋទាំង២ភេទ លោកស ថេត បានជំរុញបន្ថែមដល់យុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បីចំណេញទាំងពេលវេលា ក្នុងការទទួលយកទៅប្រកបរបររកស៊ីផ្សេងៗ ដោយមិនចាំបាច់ពិបាកមករង់ចាំទៀតទេ។
លោកប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និយាយថា ការចុះតាមភូមិធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនេះ គឺជាយុទ្ធនាការល្អជួយសម្រួលដល់ពលរដ្ឋដែលត្រូវផ្លាស់ប្តូរ និងធ្វើអត្តសញ្ញាណប័ណ្ណថ្មី។ ប៉ុន្តែលោកថា លោកចង់ឃើញឱ្យមានការផ្សព្វផ្សាយបានទូលំទូលាយដល់ពលរដ្ឋ ដើម្បីឱ្យពលរដ្ឋបានដឹង និងត្រៀមរៀបចំខ្លួន ហើយលោកក៏ចង់ឃើញអភិបាលកិច្ចល្អក្នុងការផ្តល់ជូនដល់ពលរដ្ឋផងដែរ។
លោកបញ្ជាក់ថា៖«ដំណើរការនៃការគ្រប់គ្រងទិន្នន័យ និងការធ្វើអត្តសញ្ញាណប័ណ្ណនេះ គឺត្រូវតែមានអភិបាលកិច្ចល្អ ដើម្បីចៀសវាងកុំឱ្យមានអំពើពុករលួយ ឬក៏បន្លែបន្លំក្នុងការចេញអត្តសញ្ញាណប័ណ្ណជូនជនដែលមិនត្រូវធ្វើឱ្យ។ បន្ថែមពីនេះ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណនេះ មិនត្រូវរើសអើងប្រជាពលរដ្ឋ ដោយសារតែឋានៈនៅក្នុងសង្គម ឬក៏និន្នាការនយោបាយ ហើយជាពិសេសត្រួតពិនិត្យឱ្យបានហ្មត់ចត់កុំឱ្យអំពើពុករលួយសូកប៉ាន់នៅក្នុងដំណើរនេះ»។
ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋបានចំនួន១២ ៣៣៦ ២៣៥នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង គិតដល់ខែកក្កដា ឆ្នាំ២០២៣ មានចំនួន១១ ៦៧០ ៨៦២នាក់។
ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេគ្រប់គ្រងទិន្នន័យ ក្រសួងមហាផ្ទៃក៏បានរកឃើញថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលបានផ្តល់ជូនប្រជាពលរដ្ឋ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ មានសុពលភាព១០ឆ្នាំ បានចាប់ផ្តើមផុតសុពលភាពប្រើប្រាស់ជាបន្តបន្ទាប់ ចាប់ពីខែមិថុនា ឆ្នាំ២០២២។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានផ្ដល់ក្នុងឆ្នាំ២០១៣ នឹងត្រូវផុតសុពលភាពត្រឹមខែកក្កដា ឆ្នាំ២០២៣ សរុបប្រមាណ១ ៧០០ ០០០សន្លឹក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង៕