ភ្នំពេញៈ ក្រសួង​បរិស្ថាន​បាន​ឱ្យដឹង​ថា ចំនួន​សត្វ​ក្រៀល​មាន​ការ​ថយ​ចុះ ដែល​មកទ​ល់​ឆ្នាំ​២០២២ ​មាន​សល់​ត្រឹម​តែ​ជាង​១៥០​ក្បាល​ប៉ុណ្ណោះ ​ខណៈ​ដែល​ចំនួន​សត្វ​នេះបា​ន​ថយចុះ​ជា​បន្ត​បន្ទាប់​ពី​ឆ្នាំ​២០២០​មក ហើយ​ក្រសួង​បរិស្ថាន​បាន​និង​កំពុង​សហ​ការ​ជាមួយ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ក្នុងការ​តាម​ដាន​និង​ការពារ​ទីជម្រក​សត្វ​ក្រៀល​ដែល​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជ​នេះ​។

​យោង​តាម​ក្រសួង​បរិស្ថាន​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ ថា​ តាម​ការ​ជំរឿន​សត្វ​ក្រៀល នៅ​ឆ្នាំ​២០២០ ​កម្ពុ​ជា​មាន​សត្វ​ក្រៀល​ចំនួន​១៩៤​ក្បាល​, នៅ​ឆ្នាំ​២០២១ ចំនួន​សត្វ​ក្រៀល​បាន​ធ្លាក់​ចុះ​មក​នៅតែ​១៦៤​ក្បាល ​ហើយ​រហូត​មក​ដល់​ឆ្នាំ​២០២២​នេះ តាម​របាយ​ការណ៍​បណ្តោះ​អាសន្ន ចំនួន​សត្វ​ក្រៀល​បាន​បន្ត​ធ្លាក់​ចុះ​នៅ​សល់​ត្រឹម​ជាង​១៥០​ក្បាល​ប៉ុណ្ណោះ​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោក នេត្រ ភក្ត្រា បាន​ឱ្យ​ដឹង​ថា យោង​តាម​ការ​សិក្សា​រប​ស់​អ្នក​ជំនាញ ​ចំនួន​សត្វ​ក្រៀល​នៅលើ​ពិភព​លោក​សព្វ​ថ្ងៃនេះ​មាន​ចន្លោះ​ពី​១៣ ​០០០​ ទៅ១៥ ​០០០ក្បា​ល ដែល​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​អូស្ត្រាលី វៀត​ណាម ឡាវ និង​កម្ពុជា​។

​លោក​បាន​បន្ត​ថា ៖ «​សត្វ​ក្រៀល​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​យូរលង់​ណាស់​មក​ហើយ ​ហើយ​ប្រសិន​បើយើង​បាន​ទស្សនា​ប្រាសាទ​បាយ័ន​នៅ​ខេត្ត​សៀម​រាប​យើង​នឹង​ឃើញ​រូប​ចម្លាក់​សត្វ​ក្រៀល​ដែល​ត្រូវ​បាន​ឆ្លាក់​ជាប់​នឹង​ផ្ទាំង​ថ្ម​»​។

​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​បរិស្ថាន​រូប​នេះ បាន​បន្ថែម​ថា នៅក្នុង​ទ្វីប​អាស៊ី សត្វ​ក្រៀល គឺជា​និមិត្តរូប​នៃ​ជោគ​វាសនា​ល្អ និង​អាយុ​យឺន​យូរ​។ពួកវា​ក៏ត្រូវ​បាន​គេ​គិត​ថា​ជា​និមិត្ត​រូប​នៃ​មនោ​សញ្ចេត​នា​ស្នេហា​ស្ម័គ្រស្មោះ​ដោយ​យោង​ទៅតាម​ការភ្ជាប់​ចំណង​មេត្រី​ភាព​របស់​ពួកវា​។នៅ​ប្រទេស​ភូមា​សត្វ​ក្រៀល​ត្រូវបាន​គេ​ឃើញ​មាន​ក្នុង​ពុទ្ធ​សាស​នា​។​

​លោក ​នេត្រ ភក្ត្រា បាន​ឱ្យ​ដឹង​ដែរ​ថា ​រហូត​មក​ទល់​ពេល​នេះ​សត្វ​ក្រៀល​ចំនួន​២៦​ក្បាល​បាន​មក​ដល់​តំបន់​ការពារ​ទេស​ភាព​បឹង​ព្រែក​ល្ពៅហើយ​ក្រសួង​បរិស្ថាន​បាន​និង​កំពុង​សហ​ការ​ជា​មួយ​អង្គការ​ជីវិត​ធម្ម​ជាតិ​នៅ​កម្ពុជា​ក្នុង​ការ​តាម​ដាន​ និង​ការ​ពារ​ទីជម្រក​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ​នេះ​។

​លោក​ថា ​៖ «​ក្រសួង​បរិស្ថាន​ក៏បាន​និង​កំពុង​ធ្វើការ​ជាមួយ​អង្គការ​ដៃគូ ​ដើម្បី​អភិរក្ស​សត្វ​ក្រៀល ​និង​ទីជម្រក​របស់​ពួកវា​ដោយ​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បាត​ជាប្រចាំ​កន្លែង​ដែល​សត្វ​ក្រៀល​រស់​នៅ ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ការ​គ្រប់​គ្រង​តំបន់ដី​សើម​ដែល​បាន​កំណត់​។ ចូលរួម​ការពារ​តំបន់​ការពារទេស​ភាព​បឹង​ព្រែក​ល្ពៅ​ទាំង​អស់​គ្នា​»​។​

​យោង​តាម​ក្រសួង​បរិស្ថាន​សត្វ​ក្រៀល​តែងតែ​បង្ហាញ​វត្ត​មាន​នៅ​ទីតាំង​៣​សំខាន់គឺ​អាង​ត្រពាំង​ថ្ម​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ ​តំបន់​ការពារ​ទេស​ភាព​អន្លង់​ព្រីង ខេត្ត​កំពត និង​តំបន់​ការពារ​ទេស​ភាព​បឹង​ព្រែក​ល្ពៅ​នៅ​ខេត្ត​តាកែវ​។ កា​របង្ហាញ​ខ្លួ​នេះ​គឺ​ដើម្បី​រក​ចំណី​បន្ត​ការរស់​នៅ​ក្នុង​តំបន់ដី​សើម​ដែល​សម្បូ​រចំណី​នេះ​ពី​ខែធ្នូ​ដល់​ខែកុម្ភៈ​រៀង​រាល់​ឆ្នាំ ខណៈ​នៅ​រដូវ​ពង​កូន ​សត្វ​នេះ​នឹង​ផ្លាស់​ទី​ទៅ​តំបន់​ព្រៃ​របោះ​ក្នុង​ខេត្ត​ព្រះវិហារ​ រតន​គិរី និង​មណ្ឌល​គិរី​វិញ​៕