ព្រះសីហនុៈ ពលរដ្ឋ​ប្រមាណ ​​១០០ ​​គ្រួសារ រស់នៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្នើឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទៅ​អគ្គិសនី​ខេត្ដ​ព្រះសីហនុ ដើម្បី​ជួយ​ដោះ​​ស្រាយ​បញ្ហា​ខ្វះ​ថាមពល​អគ្គិសនី ប្រើប្រាស់​ប្រចាំថ្ងៃ​នៅក្នុង​មូល​​ដ្ឋា​ន​របស់ខ្លួន បន្ទាប់ពី​អះអាងថា បានដាក់​លិខិត​ចំនួន​ ២ ​ដង​រួចមកហើយ ប៉ុន្តែ​មិនមាន​ដំណោះស្រាយ ខណៈ​អគ្គិសនី​​ខេត្ត បាន​អះអាងថា កំពុង​សិក្សា​។

​ការស្នើសុំ​ជាថ្មី​នេះ បន្ទាប់ពី​ថ្ងៃទី ​២៣ វិច្ឆិកា ប្រជា​ពលរដ្ឋ​ជាង​ ១០០ នាក់ តំណាងឱ្យ​ពលរដ្ឋ​ជាង​ ១០០ ​គ្រួសារ បាន​ផ្ដិតមេដៃ​រួមគ្នា​ក្នុង​ញត្តិ ដាក់ជូន​ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ​ជា​លើក​ទី​ ២ ដើម្បី​ស្នើសុំ​ភ្ជាប់​ចរន្តអគ្គិសនី​នៅតាម​ខ្នង​ផ្ទះ​របស់ខ្លួន ដោយបាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ឃុំ​កាល​​ពីថ្ងៃ​ទី​ ១៤ វិច្ឆិកា ឆ្នាំ​ ២០២២ ឱ្យជួយ​អន្តរាគមន៍​ក្នុងករណីនេះ​។​

​អ្នកស្រី សេង ម៉េង ដែល​រស់នៅ​ក្នុងភូមិ​ថ្ម​ធំ​នេះ​ជិត​ ១០ ​ឆ្នាំ ដោយ​អះអាងថា គាត់​បាន​កាន់កាប់​ដី​នេះ​ចាប់តាំងពី​ឆ្នាំ ១៩៩៧ ដើម្បី​ធ្វើស្រែ​ចម្ការ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៩​ ធ្នូ​ថា ពលរដ្ឋ​ជាង​ ១០០ គ្រួសារ បានដាក់​សំណើ​ទៅ​លោក​ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ តាមរយៈ​អាជ្ញាធរ​មេឃុំ​រាម​ចំនួន​ ២​ លើក​រួចមកហើយ ដើម្បី​សុំ​ភ្ជាប់​ចរន្តអគ្គិសនី​។​

​អ្នកស្រីបានឱ្យដឹង​បន្តថា ប្រជាពលរដ្ឋ​ប្រមាណ​ ១០០ គ្រួសារ រស់នៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រង់ចំណុច​ខាងកើត មហាវិថី​​រាម នៅ​មិនទាន់មាន​បង្គោល​​ភ្លើង រត់​ទៅដល់​ទីលំនៅ​រប​ស់​ពួកខ្លួន​នៅឡើយ​ទេ ខណៈ សព្វថ្ងៃ ពលរដ្ឋ បាន​ត​បណ្តាញ​ភ្លើង ដោយ​អូស​ខ្សែ​ចេញពី​ផ្លូវជាតិ​លេខ ​៤៥ ដែលមាន​ចម្ងាយ​ឆ្ងាយ ដើម្បី​ប្រើប្រាស់​រួមគ្នា ដែល​ធ្វើឱ្យ​ចរន្តអគ្គិសនី​ប្រើប្រាស់​មិន​គ្រប់គ្រាន់​។​

​អ្នកស្រីបាន​បញ្ជាក់ថា​៖ «​ការ​​ប្រើប្រាស់​ចរន្ដ​នៅ​តំបន់​នោះ​មានការ​រអាក់រអួល (​ដាច់​ភ្លើង​ញឹក​) ដែល​ធ្វើឱ្យ​សម្ភារ​បរិក្ខារ​ប្រើប្រាស់​អគ្គិសនី​របស់​ពួក​ខ្ញុំ​ខូច​ញឹកញាប់ ពេលខ្លះ​រកតែ​ប្រើ​ទូទឹកកក​ ១​ មិនបាន​ផង​។ ដូច​ផ្ទះ​ខ្ញុំ បើក​អាជីវកម្ម ដល់ពេល​បើក​ដាច់ៗ ខូច​សម្ភារ​ស្ទើរ​រាល់ថ្ងៃ​។ ខ្ញុំ​សំណូម​ពរ​សុំ​មេត្តាជួយ​បោះបង្គោល​ភ្ជាប់​ចរន្តអគ្គិសនី និង​ត​ភ្ជាប់​ឱ្យទៅដល់​ទីលំនៅ​របស់ខ្ញុំ ដើម្បី​បាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់​ផង​»​។​

​លោក សោ លីម ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អគ្គិសនី​ខេត្ត​បាន​ចាត់​មន្ត្រី​ឱ្យ​ចុះ​សិក្សា​នៅក្នុង​តំបន់​នោះ​ហើយ ដើម្បី​ធ្វើ​របាយការណ៍​ដាក់​ស្នើ​បន្តទៅ​អាជ្ញាធរ​ស្រុក មុននឹង​ធ្វើការ​ចុះ​ត​ភ្ជាប់​ចរន្តអគ្គិសនី​ជូន​ពលរដ្ឋ​។

​លោកអះអាង​បន្តថា ការ​ដែលមាន​ភាពយឺត​យ៉ាវ​ក្នុងការ​ផ្តល់ជូន​ពលរ​ដ្ឋ ដោយសារតែ​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​នោះ មិនទាន់មាន​ឯកសារ​បញ្ជាក់​អត្ត​​សញ្ញាណ​ត្រឹមត្រូវ ខណៈដី​ដែល​ពលរដ្ឋ​កាន់កាប់ គឺ​ពុំទាន់​មានកម្ម​សិទ្ធិ​ច្បាស់លាស់​ទេ​។​

​លោក សោ លីម បានបញ្ជាក់​ទៀតថា អគ្គិសនី​ខេត្ត គ្រោង​នឹងដាក់​សំណើ​ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​សុំ​ការអនុញ្ញាត និង​ពិនិត្យ​សំណើ​របស់​ពលរដ្ឋ​ក្នុង​ការតភ្ជាប់​ចរន្តអគ្គិសនី​ប្រើប្រាស់ បន្ទាប់ពី​ក្រុមការងារ បានបញ្ចប់​ការសិក្សា​នៅក្នុង​តំបន់​នេះ​ចប់​រួចរាល់​។​

​លោកបាន​បញ្ជាក់ថា​៖ «​បើ​អតិថិជន​យើង​មានកម្ម​សិទ្ធិ​ដីធ្លី​ជាក់លាក់ អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង​មាន​ទីលំនៅ​ត្រឹមត្រូវ​ស្របច្បាប់ ខាង​ខ្ញុំ​មិនបាច់​ទាក់ទង​ទៅ​អាជ្ញាធរ​ទេ គឺ​ខាង​ខ្ញុំ​ចុះ​សិក្សា​ហើយ និង​ត​ភ្ជាប់​ជូន​គាត់​ភ្លាម​ហើយ​។ ប៉ុន្តែ​ទីនេះ អតិថិជន​យើង​មួយចំនួន ពេល​សួរ​ទៅ គាត់​អត់​មានកម្ម​សិទ្ធិ​ដីធ្លី​ពិតប្រាកដ អត់​លិខិត​បញ្ជាក់ជូន​ផង​។​អ៊ីចឹង ខាង​ខ្ញុំ ត្រូវការ​ការបញ្ជាក់​ពី​អាជ្ញាធរ​ដែនដី​ជាមុនសិន​ថា ទីតាំង​នេះ អាចឱ្យ​ខ្ញុំ​ធ្វើការ​ពង្រីក​បណ្តាញ​បាន​អត់​?»​។​

​លោក សោ លីម និង​ពលរដ្ឋ បាន​និយាយ​ដូចគ្នា​ថា ក្នុង​តំបន់​ដែល​ពលរដ្ឋ​រស់នៅ គឺមាន​បង្គោល​ភ្លើង​រួចជាស្រេច​ហើយ ដោយ​គ្រាន់តែ​កា​រត​ចូលទៅ​កាន់​ផ្ទះ​ពលរដ្ឋ​នីមួយៗ គឺមាន​ចម្ងាយ​ឆ្ងាយ ដែល​ទាមទារ ឱ្យមាន​ការបង្កើត​បង្គោល​ភ្លើង​ថ្មី​បន្ថែម ដើម្បី​ងាយស្រួល​រត់​ខ្សែ​ចូលទៅ​កាន់​ខ្នង​ផ្ទះ​ពលរដ្ឋ​នីមួយៗ​។​

​លោក អ៊ី ធា​រិ​ន អភិបាល​ស្រុក​ព្រៃនប់ បាន​អះអាងថា លោក​នឹង​ពិនិត្យ​លើ​ករណីនេះ រួមទាំង​សំណើ​ដែល​ពលរដ្ឋ​បានស្នើ​មក ដើម្បី​បាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ជូន​ពលរដ្ឋ ក្រោយ​ទទួលបាន​លិខិត​ជា​ផ្លូវ​ការ​ពី​អគ្គិសនី​ខេត្ត ដើម្បី​សិក្សា និង​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​។ យ៉ាងណា លោក​គាំទ្រ​ឱ្យ​ពលរដ្ឋ​នៅក្នុង​ខេត្ត​អាច​ទទួលបាន​ចរន្តអគ្គិសនី​ប្រើប្រាស់​គ្រប់គ្នា​។​

​លោកបាន​បញ្ជាក់ថា​៖ «​ករ​ណី​នេះ ខាង​រដ្ឋបាល​ឃុំ បានដាក់​ទៅ​ផ្ទាល់​ជាមួយ​អគ្គិសនី​តើ ទាល់តែ​អគ្គិសនី​គាត់ សុំ​ប្រជុំពិភាក្សា​ជាមួយ​ស្រុក​សិន​។ ខ្ញុំ​មិន​យល់​ដែរ​? តែ​សម្រាប់​ប្រជាពលរដ្ឋ​យើង​គាំទ្រ​គាត់​ឱ្យមាន​ភ្លើង​ប្រើ​អាហ្នឹង​វា​អ៊ីចឹង ហើយ​ការ​​ពិនិត្យ​យ៉ាងម៉េច ទាល់​តែមាន​ឯកសារ​ដាក់​មក​ស្រុក នេះ​មិនឃើញ​ផង​»​។​

​លោក លីម ថ្លែងថា បច្ចុប្បន្ន ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ព្រះ​សីហនុ​ទាំងមូល គឺ​ទទួលបាន​ចរន្ត​អ​គ្កិ​ស​នី​ប្រើប្រាស់​ស្ទើរ​គ្រប់​ខ្នង​ផ្ទះ ឱ្យតែ​ពលរដ្ឋ​រស់​នៅ​ដោយ​ស្របច្បាប់​លើ​ទីតាំង​ដី​ដែលមាន​ការកាន់កាប់​ត្រឹមត្រូវ ខណៈ​ពលរដ្ឋ​មួយចំនួន ដែល​មិន​ទទួលបាន​ចរន្តអគ្គិសនី​ប្រើប្រាស់ ក៏​ព្រោះតែ​ពួកគេ​ភាគច្រើន គឺ​រស់នៅ​លើដី​ដែល​មិន​ស្របច្បាប់​៕