​ព្រះ​សីហនុៈ​​ ក្រុមហ៊ុន​ផលិត​ទឹកស្អាត​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា ការ​ផ្គត់​ផ្គង់​ទឹកស្អាត​នៅក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ​នឹង​លែងមាន​បញ្ហា​ខ្វះខាត​ដូច​កាល​ពីមុន​ទៀត​ហើយ ​ទោះ​ជានៅ​ក្នុង​រដូវក្ដៅ​ក៏​ដោយ​។

​លោក​ ណាំ គៀ​តេង នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​ទឹកស្អាត​អាន​កូ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តម្រូវការ​ទឹក​ស្អាត​នៅក្នុង​ខេត្ត​នេះ​នាពេល​បច្ចុប្បន្ន ​គឺមាន​ត្រឹមតែ​៨​ម៉ឺន​ម៉ែត្រគុប​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ប៉ុន្តែ​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹកស្អាត​របស់​ក្រុមហ៊ុន​លោក ​មាន​សមត្ថ​ភាព​ផលិត​ទឹកស្អាត​បាន​ដល់​១៦​ម៉ឺន​ម៉ែត្រគុប​ក្នុង​១​ថ្ងៃ​។ ការ​ផលិត​ក្នុង​បរិមាណ​៥០​ភាគ​រយ​ ច្រើន​ជាង​តម្រូវការ​ជាក់​ស្ដែង​នេះ ​បាន​ជួយ​ឱ្យ​ក្រុម​ហ៊ុន​ទទួល​បាន​ទំនុក​ចិត្ត​យ៉ាង​រឹងមាំ​ពី​ប្រជា​ពលរដ្ឋ​និង​វិស័យ​ឯកជន​មួយ​ចំនួន​ទៀត​ដែលជា​អ្នក​ប្រើប្រាស់​ទឹក​នៅ​ក្នុង​ខេត្ត​នេះ​។

​លោក គៀ​តេង បាន​បញ្ជាក់​ថា​៖«​បើតាម​បរិមាណ​ទឹក ដែល​ក្រុម​ហ៊ុន​យើង​ផលិត​បាន​ក្នុង​ពេល​បច្ចុប្បន្ន គឺ​យើង​លែង​ព្រួយ​កង្វល់​ពី​ការខ្វះ​ខាត​ទឹកស្អាត​សម្រាប់​ការផ្គត់​ផ្គង់​ដល់​អ្នកប្រើ​ប្រាស់​ទៀត​ហើយ​ ទោះជា​នៅ​ក្នុង​រដូវ​ក្ដៅ ដែល​អាច​នឹង​មាន​តម្រូវ​ការ​ទឹក​កើន​ឡើង​ច្រើន​ជាង​នេះ​ក៏​ដោយ​»​។

​ទោះ​ជា​យ៉ាងណា ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ផ្លូវ CT ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ​បាន​ត្អូញ​ត្អែ​រថា ប្រព័ន្ធ​ខ្សែ​បណ្ដាញ​ទុយោ​ទឹក​ស្អាត​សម្រាប់​ផ្គត់​ផ្គង់​នៅក្នុង​តំបន់​ខាង​លើនេះ​ មាន​ទំហំ​តូច ​ដែល​ធ្វើឱ្យ​កម្លាំង​ទឹក​នៅពេល​ថ្ងៃ​ចេញ​មិនសូវ​ល្អគឺ​តិចៗ​មិន​ឆ្លើយតប​តាម​​តម្រូវការ​ជាក់ស្ដែ​ង​រប​ស់​អ្នក​ប្រើ​ប្រាស់​ឡើយ​។​

​តំណាង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ខាង​លើ ​លោក ស៊ុយ ចាន់​ធា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នក​ភូមិ​បានស្នើ​សុំឱ្យ​ក្រុមហ៊ុន​ធ្វើការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​បណ្ដាញ​ទុយោ​មេ​ចាស់​ដែល​មាន​ទំហំ​តូច​នោះ​ចេញ ហើយ​ភ្ជាប់​បណ្ដា​យ​ទុយោ​មេ​ថ្មីដែល​មាន​ទំហំ​ធំ ជូន​ដល់​ពួក​គាត់ ​ដើម្បី​ទទួល​បាន​កម្លាំង​ទឹក​ខ្លាំង អាច​ប្រើ​ប្រាស់​បានល្អ​ដូច​តំបន់​ផ្សេង​ទៀត​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​នៅ​មិន​ទាន់​ផ្លាស់​ប្ដូរ​និង​ភ្ជាប់​បណ្ដាញ​ទុយោ​មេ​ថ្មី ហើយ​មាន​ទំហំ​ធំ តាម​ការ​ស្នើសុំ​របស់​ពួក​គាត់​នោះទេ​។

​លោក ​ចាន់​ធា បាន​ថ្លែងថា​៖ «​ដោយ​សារ​បណ្ដាញ​ទុយោ​មេ​នៅ​តំបន់​របស់ខ្ញុំ​ចាស់ ​និង​មាន​ទំហំ​តូច ដូច្នេះ ​ការប្រើ​ប្រាស់​ទឹក​នៅតែ​មាន​បញ្ហា​រអាក់​រអួល​ ជាពិសេស​នៅពេល​ថ្ងៃ​កម្លាំង​ទឹក​ខ្សោយ គឺ​ទឹក​ចេញ​តិចៗ ប្រើ​មិន​គ្រប់​គ្រាន់​តាម​តម្រូវការ​ទេ​។ ប៉ុន្តែ​ពេល​យប់​មិនមាន​បញ្ហា​ទេ គឺ​ទឹក​ចេញ​ខ្លាំង​អាច​ប្រើប្រាស់​បាន​»​។

​ទន្ទឹម​នឹង​នេះ លោក បាន​អំពាវនាវ ​សុំឱ្យ​ក្រុមហ៊ុន​បញ្ជូន​ក្រុម​បច្ចេកទេស​មក​សិក្សា​អំពី​​បណ្ដាញ​ទុយោ​ទឹក​មេនៅក្នុង​តំបន់​របស់​ពួក​គាត់ ហើយ​ធ្វើការ​ផ្លាស់ប្ដូរ​ថ្មី​ឱ្យបាន​មុន​រដូវក្ដៅ​ខាង​មុខ​នេះ​ផង ​ដោយ​ពួក​គាត់​បារម្ភ​ថា តម្រូវការ​ទឹក​អាច​នឹង​កើន​ឡើង ហើយ​កម្លាំង​ទឹក​ដែល​បញ្ជូន​តាម​ប្រព័ន្ធ​បណ្ដាញ​ទុយោ​មេ​ចាស់ ​នឹង​កាន់តែ​ខ្សោយ​ថែម​ទៀត​។​

​ជុំវិញ​ករណី​នេះ លោក ​គៀ​ តេង បាន​ទទួល​ស្គាល់​ថា ក្រុម​ហ៊ុន​របស់​លោក ​នៅ​មិន​ទាន់​មាន​ការរៀបចំ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​បណ្ដាញ​ទុយោ​ទឹក​មេ នៅ​ក្នុង​តំបន់​ខាងលើ​នោះ​មែន ដោយ​សារ​ការផ្គត់​ផ្គង់​ទឹកស្អាត​ក្នុង​តំបន់​នោះ គឺ​ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ព្រះសីហនុ ។

​លោក​ថ្លែងថា​៖«​បច្ចុប្បន្ន នៅ​តំបន់​ផ្លូវ CT ក្នុង​សង្កាត់​លេខ​៣ និង​ផ្នែក​ខ្លះទៀត​នៃ​សង្កាត់​លេខ​២ ក្រុង​ព្រះ​សីហនុ ​មិន​ទាន់​មាន​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​បណ្ដាញ​ទុយោ​ទឹក​មេ​ចាស់ៗ​នោះ​ទេ​»​។

​បើតាម​លោក គៀ​តេង ការងារ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​បណ្ដាញ​ទុយោ​ទឹក​មេ​ចាស់ៗ​នេះ គឺជា​កាតព្វ​កិច្ច​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​៕