
កិច្ចសន្ទនាប្រចាំឆ្នាំស្តីពីកិច្ចគាំពារសង្គម ការស្តារសេដ្ឋកិច្ច និងសិទ្ធិឌីជីថលនៅកម្ពុជា នៅថ្ងៃទី ២០ ធ្នូ។ រូបថត CCC
ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិលបានជួបពិភាក្សាគ្នាដើម្បីស្វែងរកកិច្ចគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ខណៈលោក សំហេង បុរស ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គមអះអាងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកំពុងសិក្សាលើគម្រោងបញ្ចប់ភាពក្រីក្រ ដើម្បីឱ្យពលរដ្ឋអាចពឹងផ្អែកលើខ្លួនឯង ចៀសវាងពឹងតែជំនួយឧបត្ថម្ភ។
ការជជែកគ្នានេះបានធ្វើឡើងនៅក្នុងកិច្ចសន្ទនាប្រចាំឆ្នាំស្តីពីកិច្ចគាំពារសង្គម ការស្តារសេដ្ឋកិច្ច និងសិទ្ធិឌីជីថលនៅកម្ពុជា «រួមគ្នាដើម្បីអនាគតកាន់តែប្រសើរ»នៅថ្ងៃទី២០ ធ្នូ ដែលមានអ្នកចូលរួមជាង២០០នាក់ ដែលជាសមាជិកអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាឬCCC ដៃគូអង្គការសង្គមស៊ីវិល និងតួអង្គអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត រួមមាន មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន តំណាងអង្គការសហគមន៍មូលដ្ឋាន និងយុវជន នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
វេទិកាជជែកពិភាក្សានេះ បានធ្វើឡើងដើម្បីពិនិត្យឡើងវិញ ចែករំលែក ពិភាក្សាអំពីផែនការនៃការអនុវត្តល្អសម្រាប់គោលនយោបាយ និងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមនាពេលអនាគតដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះជាមួយរដ្ឋាភិបាល។
អង្គការCCCបានបញ្ជាក់ថា«វេទិកានេះក៏ដើម្បីរួមគ្នាជជែកស្វែងរកដំណោះស្រាយក្នុងការកាត់បន្ថយភាពក្រីក្ររ៉ាំរ៉ៃ និងអសន្តិសុខស្បៀង ជួយជនក្រីក្រក្នុងការសម្របខ្លួនទៅនឹងវិបត្តិនិងការបង្កើតមូលធនមនុស្សសម្រាប់ពេលអនាគត ក្នុងការជួយកាត់បន្ថយភាពក្រីក្រផងដែរ»។
ក្នុងឱកាសនោះ លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គមបានថ្លែងថា គិតមកដល់ត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ គ្រួសារក្រីក្រនិងងាយរងគ្រោះអំឡុងពេលកូវីដ១៩ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលមានចំនួនជាង៧០ម៉ឺនគ្រួសារ ឬមានប្រមាណជាង៣លាននាក់ ដោយចំណាយថវិកាប្រមាណ ៣ ៥៩៨ ៦៨៨ ០៧១ ០០០រៀល។
លោកបានឱ្យដឹងទៀតថា ចំពោះការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំមានចំនួន ២៩៨ ៥៤៥នាក់ ដោយចំណាយជាថវិកាសរុបចំនួន៨៧ ០៣៦ ៩៦០ ០០០រៀល និងឧបត្ថម្ភដល់គ្រួសាររងហានិភ័យដោយអតិផរណាមានប្រមាណ ២៦០ ៥១៤គ្រួសារ សរុបចំណាយជាថវិកា ៣៦ ៤៦៣ ៩០១ ៨០០រៀល។ ចំណែកការឧបត្ថម្ភគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់មានចំនួន ៩៩ ១៦៩គ្រួសារ ចំណាយថវិកាសរុបចំនួន១៥ ៥៩៩ ៦៩៦ ០០០រៀល។
ជាមួយនឹងការចំណាយថវិកាឧបត្ថម្ភនេះ លោក សំហេង បុរស បានអះអាងថា រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គមកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីកញ្ចប់គ្រួសារ និងកំពុងសាកល្បងគម្រោងបញ្ចប់ភាពក្រីក្រសំដៅដល់កម្មវិធីផ្ទេរសាច់ប្រាក់ពីជំនួយសង្គ្រោះទៅជាកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ជួយអភិវឌ្ឍគ្រួសារតាមរយៈការអភិវឌ្ឍមុខរបរបង្កើនប្រាក់ចំណូលដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរឡើងផងដែរ។
លោកបានបញ្ជាក់ថា៖«កញ្ចប់គ្រួសារនេះយើងបានរៀបចំរួចហើយដែលផ្តោតលើជនពិការក្រីក្រ និងគ្រួសារក្រីក្រដែលយើងអនុវត្តក្នុងពេលខាងមុខនៅពេលណាមួយ។ទន្ទឹមនឹងនេះដែរយើងកំពុងសហការដើម្បីធ្វើគម្រោងសាកស្បងមួយហៅថា កម្មវិធីចាកចេញពីភាពក្រីក្រដោយប្រើប្រាស់របបគាំពារសង្គម។ គម្រោងនេះ គឺរកវិធីសាស្ត្រក្នុងការរកមុខរបរឱ្យគាត់ ដូចជាជំនាញចិញ្ចឹមមាន់ ចិញ្ចឹមទា និងត្រី...»។
បើតាមលោក សំហេង បុរស គម្រោងសាកល្បងនេះ គឺបានអនុវត្តលើពលរដ្ឋក្រីក្រប្រមាណ៣ពាន់នាក់ នៅក្នុងស្រុកចំនួ២នៃខេត្តកំពង់ឆ្នាំង និងព្រះវិហារ ដោយលោកអះអាងថា ប្រសិនបើគម្រោងសាកល្បងនេះទទួលបានជោគជ័យ រាជរដ្ឋាភិបាលនឹងប្រកាសអនុវត្តគម្រោងនេះជាផ្លូវការក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងពេលខាងមុខ។
លោកស្រីAlisar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា(UNDP)បានថ្លែងថា UNDPមានគម្រោងជាច្រើនក្នុងការសហការជាមួយអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ។ លោកស្រីបានបន្តថា គម្រោងរបស់UNDPគឺដើម្បីឱ្យប្រាកដថាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា គឺពិតជាទទួលបានការគាំទ្រយ៉ាងពិតប្រាកដ និងត្រឹមត្រូវ។
លោកស្រីបានបញ្ជាក់ថា៖«យើងមានគោលនយោបាយកិច្ចសហប្រតិបត្តិការទាក់ទងនឹងក្របខ័ណ្ឌគោលនយោបាយក្របខ័ណ្ឌជាតិក្នុងកិច្ចគាំពារសង្គមដោយធ្វើយ៉ាងណាឱ្យប្រជាជនយើងអាចចៀសផុតនិងចាកផុតពីភាពក្រីក្រ។យើងក៏សិក្សាដោយធ្វើយ៉ាងណាជួយពង្រឹងសមត្ថភាពរបស់ពួកគាត់កុំឱ្យត្រឡប់វិលមកស្ថានភាពក្រីក្រវិញ នៅពេលគម្រោងយើងបានបញ្ចប់»៕