ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គជប) ​គ្រោង​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​ថ្ងៃទី​១៣ ​ខែមករា​ ឆ្នាំ​២០២៣​ ដើម្បីឱ្យ​ប្រជាពលរដ្ឋ ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​នេះ ​ពិនិត្យមើល​ឱ្យ​ប្រាកដថា ​ខ្លួន​ពិតជា​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​។​

លោក​សោម សូរីដា ​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គជប) ​ឱ្យដឹងថា ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នេះ​ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​មើល​ឈ្មោះ ​និង​ទិន្នន័យ​ទាំងអស់​ក្នុង​បញ្ជី​ឱ្យឃើញ​ថា ​ពិតជា​ត្រឹមត្រូវ​ ដូច​ទៅនឹង​ទិន្នន័យ​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​យកទៅ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត ​នៅពេល​ខាងមុខ​។​

លោក​ពន្យល់ថា ​ក្នុងករណី​ពិនិត្យ​មើលឃើញ​ឈ្មោះ​របស់​ខ្លួន​ហើយ ​ប៉ុន្តែ​ឈ្មោះ​នោះ​បាន​កត់ត្រា​ទិន្នន័យ​ខុស ​ប្រជាពលរដ្ឋ​ទាំងនោះ​មាន​សិទ្ធិ​ប្តឹង ​ដើម្បី​ស្នើសុំ​កែតម្រូវ​ឈ្មោះ ​និង​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត ​ដោយ​ត្រូវ​នាំយកមក​ជាមួយ​នូវ​ឯកសារ​ ដើម្បី​បញ្ជាក់ថា ​ទិន្នន័យ​របស់​ខ្លួន ​ដែល​មិនបាន​កត់ត្រា​ត្រឹមត្រូវ​នោះ ​គឺ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឱ្យ​ការបោះឆ្នោត​។​

លោក​សោម ​សូរីដា ​បន្ថែមថា ​នៅពេល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នេះ ​ប្រជាពលរដ្ឋ​ក៏មាន​សិទ្ធិ​ប្តឹង​ជំទាស់​ចំពោះ​ជន​ណាមួយ ​ប៉ុន្តែ​ពួកគាត់​ត្រូវមាន​ឯកសារ​ភ័ស្តុតាង​បញ្ជាក់​គ្រប់គ្រាន់​ថា ​ជន​នោះ ​គ្មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​ការមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។ លក្ខខណ្ឌ​ដែល​ត្រូវមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ​គឺ​មាន​សញ្ជាតិ​ខ្មែរ ​និង​មាន​អាយុ​១៨​ឆ្នាំ ​គិត​ដល់​ថ្ងៃ​បោះឆ្នោត ​មាន​លំនៅឋាន ​ឬ​ទី​សំណាក់​នៅក្នុង​ឃុំ​-សង្កាត់​ពិតប្រាកដ ​និង​មិនមែនជា​ពិរុទ្ធជន​។​

លោក​ថ្លែងថា​៖«ក្នុងពេល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​នេះ​ ប្រជាពលរដ្ឋ ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួច​ហើយ ​ អាច​រកមើល​ឈ្មោះ​របស់​គាត់​នៅក្នុង​បញ្ជី​បោះឆ្នោត​ដំបូង ​ដែល​បញ្ជី​នេះ​មាន​បិទ​ផ្សាយ​នៅតាម​បណ្តា​ឃុំ​-សង្កាត់​ ឬ​ទីប្រជុំជន​ណាមួយ​នៅក្នុង​ឃុំ​-សង្កាត់​នោះ​ ឬក៏​អាច​ចូលទៅ​មើល​ឈ្មោះ​របស់​ពួកគាត់​នៅលើ​គេហទំព័រ របស់ ​គ.ជ.ប. ​ឬក៏​អាច​ចូលទៅ​មើល​ទូរសព្ទ​ដៃ ​NEC KH»​។

ជាមួយ​គ្នានេះ ​លោក​ហង្ស ​ពុទ្ធា ​សមាជិក ​និង​ជា​អ្នកនាំពាក្យ ​គ.ជ.ប.​ថ្លែង​ដែរ​ថា ​បន្ទាប់ពី​បាន​ត្រួត​ពិនិត្យ ​និង​សម្រេច​លើ​ទិន្នន័យ​អ្នកបោះឆ្នោត ​ដោយ ​គ.ជ.ប​. ​និង​បន្ទាប់ពី​បញ្ចប់​ការដោះស្រាយ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ចុះឈ្មោះ​បោះឆ្នោត​ គ.ជ.ប​. ត្រូវ​ចាត់ចែង ​រៀបចំ​បញ្ជី​បោះឆ្នោត​ដំបូង ​និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ​តាម​ឃុំ​-សង្កាត់​នីមួយៗ ​ដើម្បី​បិទ​ផ្សាយ​ជា​សាធារណៈ​។

​លោក​បញ្ជាក់ថា​៖«គោលដៅ​នៃ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ​គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ពិនិត្យ​ឈ្មោះ ​និង​ទិន្នន័យ​របស់​​ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត ​ហើយ​ធ្វើការ​ប្តឹង​តវ៉ា ​ឬ/​និង​ប្តឹង​ជំទាស់​ករណី​រកឃើញ​ថា ​មាន​កំហុស​ឆ្គង ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង​នោះ»។​

​របាយការណ៍​របស់​គ.ជ.ប​. បង្ហាញថា ​ក្នុង​រយៈពេល​៥០​ថ្ងៃ ​នៃ​ដំណើរការ​ចុះឈ្មោះ ​និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២២ ​នៅតាម​ឃុំ-​សង្កាត់ ​នៅ​ទូទាំង​ប្រទេស ​ចាប់ពី​ថ្ងៃទី​២០ ​ខែតុលា ​ឆ្នាំ​២០២២ ​រហូតដល់​ថ្ងៃទី​៨ ​ខែធ្នូ ​ឆ្នាំ​២០២២​ កន្លងមក​នេះ ​មាន​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ​ជាង​៥០​ម៉ឺន​នាក់ ​និង​ការលុប​ឈ្មោះ​អ្នកបោះឆ្នោត​ចេញពី​បញ្ជី​មាន​ជាង​២៥ម៉ឺន​នាក់​។​

​របាយការណ៍​ដដែល​បាន​បន្តថា ​សរុប​ប្រជាពលរដ្ឋ ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង ​មាន​ជាង​១០​លាន​នាក់​ក្នុង​បញ្ជី​បោះឆ្នោត​ ឆ្នាំ​២០២២ ​ខណៈ ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ​ឆ្នាំ​២០២១ ​មាន​ជាង​៩​លាន​នាក់។​

សូមបញ្ជាក់ថា​ ការធ្វើ​បច្ចុប្បន្នភាព​ពិនិត្យ​បញ្ជី ​និង​ការចុះឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២២ ​នឹងត្រូវ​យកទៅ​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៣ ​ខែកក្កដា ​ឆ្នាំ​២០២៣៕