
ការរៀបចំចង្ក្រាន្ដសម្រាប់ដាំស្ល របស់ក្រុមយុវជនដែលបានទៅបោះជំរំក្នុងខេត្តសៀមរាប នៅថ្ងៃទី២០ ធ្នូ ។ រូបថត SummerYouthCamp
សៀមរាបៈយុវជនជិត២០០នាក់ បានចូលរួមបោះជំរំយុវជនជាសកលលើកទី៨ ឆ្នាំ២០២២ ក្នុងទីតាំងបោះជំរំស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប រយៈពេល៦ថ្ងៃ ខណៈពួកគេបានរួមគ្នាធ្វើសមាធិ និងបង្កើតសកម្មភាពផ្សេងៗមួយចំនួនក្នុងការចែករំលែកចំណេះដឹង និងកម្សាន្ត។
ការបោះជំរំយុវជនជាសកលលើកទី៨នេះ គឺធ្វើឡើងក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖តារារះនាទិសឧត្តរ (Youth Development in the Digital Society: The Rising star in the North)» ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ ២៤ ខែធ្នូ ឆ្នាំ២០២២។
កម្មវិធីនេះ មានការចូលរួមពីយុវជនមកពីគ្រប់២៥រាជធានីខេត្ត សរុបចំនួន១៨៣នាក់ ក្រោមកិច្ចសហការរៀបចំពីគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាប ក្នុងនោះយុវជនជាប្រតិភូចំនួន១៥៣នាក់(ស្រី ៧០%) យុវជនស្ម័គ្រចិត្ត៣០នាក់ មន្ត្រីសម្របសម្រួល និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន៥០រូប និងសមាជិកគណៈកម្មការអន្តរក្រសួងចំនួន១១រូប។
ទំព័រហ្វេសប៊ុករបស់ជំរំយុវជនជាសកលបានឱ្យដឹងជាបន្តបន្ទាប់ថា យុវជនក្នុងបរិបទឌីជីថល៖ តារារះនាទិសឧត្តរ គឺជាប្រធានបទការបោះជំរំយុវជនជាសកលលើកទី៨ ខណៈកម្មវិធីបានរៀបចំបាឋកថាមួយចំនួន ដោយក្នុងនោះ បាឋកថា អំពីការឈ្វេងយល់អំពីអនុវិស័យការអភិវឌ្ឍយុវជន (Understanding of Youth Development Sector) ត្រូវធ្វើបទបង្ហាញដោយលោក ចឹក លីម អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន។
ចំណែកបាឋកថា ស្តីអំពី ការឈ្វេងយល់អំពីការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល(Understanding of Youth Development in Digital Society) ត្រូវបានធ្វើឡើងដោយ លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចែករំលែកចំណេះដឹងដល់យុវជនដែលបានចូលរួម។
ក្រៅពីនេះក៏មានការធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ និងការគ្រប់គ្រងតំបន់អង្គរ ដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា អំពីកិច្ចការពារ និងថែរក្សាសម្បត្តិវប្បធម៌ក្នុងតំបន់អង្គរ និងបទបង្ហាញស្ដីពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពដែលធ្វើឡើងដោយធនាគារកាណាឌីយ៉ា ដែលជំរំយុវជនជាសកល ជឿជាក់ថា បន្ទាប់ពីចប់ជំរំនេះ យុវជននឹងទទួលបានចំណេះដឹងនានា ដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍខ្លួនឱ្យបានល្អប្រសើរ។
ជំរំយុវជនជាសកលបានបញ្ជាក់ថា«ការញាំអាហារពេលល្ងាចរួមគ្នាក្រោមពន្លឺព្រះចន្ទ រួមជាមួយអាកាសធាតុត្រជាក់ៗបែបនេះ គឺប្រាកដណាស់នឹងអាចជួយរំសាយនូវរាល់ទុក្ខកង្វល់ទាំងឡាយរបស់អ្នកចូលរួមគ្រប់ៗគ្នា។ ជំរំយុវជនជាសកល សង្ឃឹមថា អ្នកទាំងអស់គ្នា មានពេលវេលាល្អៗជាមួយគ្នា ស្វែងយល់ពីគ្នា រៀនពីគ្នាបន្ថែមទៀត ជាមួយយុវជនដទៃទៀតដែលមកពី២៥ខេត្តក្រុង ជុំវិញប្រទេសកម្ពុជា»។
លោកស្រី ស្រូយ សុជាតិ អគ្គនាយិនានៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា យុវជនចូលរួមទាំងអស់ត្រូវស្នាក់ក្នុងតង់ និងធើ្វសកម្មភាពតាមសាខាជំរំចំនួន៤ ក្នុងនោះមានសាខាជំរំអង្គរ សាខាជំរំបាយ័ន សាខាជំរំបន្ទាយស្រី និងសាខាជំរំតាព្រហ្ម។
លោកស្រី បានបន្តថា យុវជនទាំងអស់ត្រូវចូលរួមអនុវត្តការងារតាមកម្មវិធីដែលមានដូចជា ការចេញដំណើរពីរាជធានីភ្នំពេញ ដោយរថយន្តក្រុងរួមគ្នា មកដល់ទីតាំងត្រូវបោះតង់ដោយខ្លួនឯង ចម្អិនអាហារដោយខ្លួនឯង ការសិក្សាពីបទបញ្ជាផ្ទៃក្នុងនៃកម្មវិធី ការធ្វើសមាធិ ការសិក្សាពីការត្រៀមខ្លួនរស់នៅក្នុងសង្គមឌីជីថល។
លោកស្រី បានបញ្ជាក់ថា៖ «ក្រុមយុវជនទាំងនេះក៏មានការសិក្សាលើការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព រចនាសម្ព័ន្ធ និងការគ្រប់គ្រងតំបន់អង្គរ ការតម្រង់ទិសសម្រាប់ការប្រកួតថតវីដេអូផ្សព្វផ្សាយតារារះនាទិសឧត្តរ ការស្វែងយល់ពីការអភិវឌ្ឍ និងការរស់នៅរបស់អ្នកស្រុកបន្ទាយស្រី ស្វែងយល់ពីជីវភាពរស់នៅរបស់វីរកងទ័ព ការស្វែងយល់ពីតម្លៃសម្បត្តិបេតិកភណ្ឌខ្មែរ អន្តរសកម្មភាពនៅក្នុងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា និងនំបញ្ចុកសន្តិភាព ជាដើម»។
ប្រតិភូយុវជនតាមក្រុមនីមួយៗត្រូវយកវីដេអូខ្លីរបស់ខ្លួនមកប្រកួតប្រជែងដើម្បីទទួលបានជយលាភីពីគណៈកម្មការរៀបចំ។ក្រៅពីនេះ ប្រតិភូយុវជនចូលរួមចំនួន១៥៣នាក់ ត្រូវបានជ្រើសរើសពីគ្រប់រាជធានី ខេត្ត និងមកពី កាកបាទក្រហមកម្ពុជា កាយរឹទិ្ធជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា យុវជនមូស្លីម មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា និងក្រុមយុវជនជយលាភីកម្មវិធីនានារបស់អគ្គនាយកដ្ឋានយុវជន។ នេះជាការរៀបរាប់របស់លោកស្រី ស្រូយ សុជាតិ។
លោកស្រី រំពឹងថា បន្ទាប់ពីបានចូលរួមក្នុងការបោះជំរំយុវជនជាសកលលើកទី៨ ក្រោមប្រធានបទនេះហើយ យុវជនចូលរួម និងយុវជនអ្នកស្ម័គ្រចិត្ត នឹងមានការកែប្រែឥរិយាបថ ការគិតបែបវិជ្ជមាន និងអភិវឌ្ឍសមត្ថភាព ដូចជាជំនាញវិទ្យាសាស្ត្រច្នៃប្រឌិត ការបង្កើតគំនិតថ្មី និងសិល្បៈរចនាប័ទ្មតាមបែបឌីជីថលជំនាញព័ត៌មានសង្គម ការផ្សព្វផ្សាយ និងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មានសង្គម រួមទាំងមានជំនាញភាពជាអ្នកដឹកនាំ ក្នុងការបង្កើតគម្រោងក្នុងសហគមន៍ ហើយ និងជំនាញសិក្សាតាមប្រព័ន្ធឌីជីថល និងចំណេះដឹងក្នុងបរិបទឧស្សាហកម្ម ៤.០។
លោកស្រី បញ្ជាក់ថា៖ «ដោយសារការប្រែប្រួលអាកាសធាតុ សម្ពាធទាបនាពេលរាត្រី ត្រូវបានកំណត់ជាបញ្ហា និងជាកត្តាប្រឈមសម្រាប់កម្មវិធី ដោយហេតុថាសមាជិកសមាជិកានៃកម្មវិធីតម្រូវឱ្យស្នាក់នៅក្នុងតង់ ឱ្យសមស្របទៅនឹងគណៈបច្ចេកទេស និងក្បួនខ្នាតសម្រាប់កម្មវិធីការបោះជំរំ»។
ជំរំយុវជនជាសកលលើកទី៨បានជ្រើសរើសស្រុកបន្ទាយស្រីជាទីតាំងសម្រាប់ការរៀបចំកម្មវិធីដោយសារតែពិនិត្យឃើញថា ទីតាំងនេះ មានភាពអនុគ្រោះលើទីតាំងការបោះជំរំ មានទីតាំងនៅជើងភ្នំគូលែន និងមានទីធ្លាធំទូលាយលើផ្ទៃដីប្រមាណជាង៣០ហិកតាដែលបង្កលក្ខណៈងាយស្រួលចំពោះបច្ចេកសម្រាប់ការបោះជំរំ និងអនុកម្មវិធីនានា។
បន្ថែមពីនេះ ស្រុកបន្ទាយស្រី ក៏ជាស្រុកមួយ ក្នុងចំណោមស្រុកចំនួន១២របស់ខេត្តសៀមរាប ដែលត្រូវបានដាក់ឈ្មោះទៅតាមប្រាង្គប្រាសាទដ៏តូចត្រឡឹង និងល្អឯកលើសិល្បៈលម្អប្រាសាទ និងសម្គាល់ថា ជាស្រុកដែលមានបរិស្ថាន ធម្មជាតិល្អ និងការរៀបចំប្រកបដោយភាពទាក់ទាញ និងមួយវិញទៀតប្រជាពលរដ្ឋស្រុកបន្ទាយស្រី មានភាពរួសរាយរាក់ទាក់ និងស្នាមញញឹម។
លោកស្រីបានបន្ថែមថា៖«ដោយបានឃើញអំពីកេរ្តិ៍ឈ្មោះ សក្តានុពល និងគុណតម្លៃ និងភាពងាយស្រួលទាំងនេះហើយទើបគណៈកម្មការប្រតិបត្តិរបស់គណៈកម្មការអន្តរក្រសួងសម្រាប់ការបោះជំរំយុវជនជាសកល បានសម្រេចជ្រើសរើស ស្រុកបន្ទាយស្រី នៃខេត្តសៀមរាបនេះ»។
យុវជន ដន ដា ជាវិស្វករផ្នែកទឹក រស់នៅរាជធានីភ្នំពេញ ដែលបានចូលរួមក្នុងការបោះជំរំនេះជាលើកដំបូង បាននិយាយថា កម្មវិធីមួយនេះ ពិតជាមានសាៈសំខាន់សម្រាប់យុវជន ដោយសារតែកម្មវិធីមួយនេះបានធ្វើឱ្យយុវជន២៥ខេត្តក្រុង បានស្គាល់គ្នា និងបង្រៀនពួកគេឱ្យយល់អំពីរបៀបរបបនៃការរស់នៅរបស់មនុស្សផ្សេងគ្នា។
យុវជនរូបនេះ បានបន្តថា ម្យ៉ាងវិញទៀត កម្មវិធីមួយនេះមិនត្រឹមតែទៅសម្រាប់តែបោះតង់ប៉ុណ្ណោះទេ គឹយើងមានការបង្រៀនអំពីប្រធានបទមួយច្បាស់ ដោយមានលោកគ្រូអ្នកគ្រូមានចំណេះច្បាស់លាស់ ដែលផ្តល់ទាំងចំណេះដឹង និងការរួបរួម។
យុវជននេះ បានបញ្ជាក់ថា៖«ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ពីព្រោះកម្មវិធីមួយនេះបានធ្វើឱ្យខ្ញុំស្គាល់យុវជនផ្សេងទៀតដែលមកពី២៥ខេត្តក្រុងដែលមិនដែលស្គាល់គ្នាសោះហើយមករស់នៅជាមួយគ្នាចំនួន៦ថ្ងៃ។ លើសពីនេះទៅទៀតវាធ្វើឱ្យខ្ញុំអាចបង្កើននូវការប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃ និងបានស្វែងយល់ពីការគិតរបស់មនុស្ស ដើម្បីសម្របខ្លួនជាមួយពួកគាត់»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏បានថ្លែងថា នេះជាឱកាសមួយដ៏ល្អសម្រាប់យុវជន ដែលមានការរៀបចំបណ្ដុះបណ្ដាល និងការបោះជំរំ ហើយនឹងធ្វើឱ្យយុវជន បានសិក្សារៀនសូត្រ ស្វែងយល់ប្រធានបទណាមួយ ទោះជាមានចំនួនតិចក្ដី ច្រើនក្ដីក៏ដោយ ក៏វាជាប្រយោជន៍សម្រាប់យុវជន។
លោកបានបញ្ជាក់ថា៖«ខ្ញុំគិតថា ក្រសួងអប់រំ និងភាគីពាក់ព័ន្ធគួរតែយកចិត្តទុកដាក់បន្ថែម និងបញ្ចូលប្រធានបទទាំងនេះ ដាក់ចូលក្នុងវគ្គបណ្ដុះបណ្ដាល ឬការបោះជំរំជាដើម ដើម្បីលើកកម្ពស់នូវការយល់ដឹងរបស់យុវជន អំពីសារៈសំខាន់នៃការចូលរួមសកម្មភាពសង្គម និងនយោបាយ»។
ការបោះជំរំយុវជនជាសកលគឺជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយគណៈកម្មការរៀបចំកម្មវិធីការបោះជំរំយុវជនជាសកលត្រូវបានរៀបចំតាមសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១៧ដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា ខណៈការបោះជំរំយុវជនជាសកល បានចាប់ផ្តើមពីឆ្នាំ២០១០៕