ភ្នំពេញៈលោក សុខ សប្បាយ​ណា ប្រធាន​លេខាធិការ​ដ្ឋាន​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្តបាន​ឱ្យដឹង​ថា កម្ពុជា​គ្រោង​បំបែក​ឯត​ទគ្គកម្ម​ពិភព​លោក​ចំនួន​២​បន្ថែម​ទៀត ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៣ ខាង​មុខ ប៉ុន្តែ លោក​នៅមិន​ទាន់​បញ្ជាក់​លម្អិត​នៅ​ឡើយ​ទេ ចំពោះ​ឯតទគ្គកម្ម​ទាំង ២ ​នោះ​ គឺជាអ្វី​ខ្លះ ដោយ​លោក​ថា នឹងជូន​ព័រមាន​លម្អិត​នៅ​ពេ​ល​ក្រោយ​។

លោក ​សុខ សប្បាយ​ណា បាន​ឱ្យដឹង​បែប​នេះ​ក្នុង​សន្និសីទ​សារព័ត៌​មាន​ស្តីពីការ​ត្រៀម​រៀបចំ​ខួប ១០ ឆ្នាំ នៃ​ព្រឹត្តិកា​រណ៍​អង្គរ​សង្ក្រាន្តឆ្នាំ ២០២៣ ក្រោម​ប្រធាន​បទ «ក្តី​ស្រមៃ និង​ក្តី​សង្ឃឹម» ដែល​ធ្វើនៅ​មជ្ឈមណ្ឌល​ម៉ានី អគារ The Kampus នៅ​រសៀល​ថ្ងៃទី​ ២០ ខែធ្នូ។

លោក​ថ្លែង​ថា៖«យើង​គ្រោង​នឹង​បំបែក​ឯតទគ្គកម្ម​ពិភព​លោក​ចំនួន​២ តែខ្ញុំសូម​មិន​ទាន់​បញ្ជាក់ឱ្យបាន​លម្អិត ថាតើ​បំបែក​ឯតទគ្គកម្ម​ពិភ​ព​លោក​អ្វីខ្លះទេ​។ ត្រង់​ហ្នឹង​ខ្ញុំ​សូម​ជូន​ជាព័ត៌មាន​លម្អិត នៅ​ពេល​ក្រោយ​»។ ​

លោក​ឱ្យដឹង​ទៀត​ថា កាល​ពីឆ្នាំ ២០១៥ តាមរយៈ​ព្រឹត្តិកា​រណ៍​អង្គរ​សង្ក្រាន្ត កម្ពុជា​បាន​បំបែក​ឯតទគ្គកម្ម​ចំនួន​២ គឺ ទី១ អន្សម​យក្សមាន​ទម្ងន់​ ៤ ០៤០ គីឡូ​ក្រាម ជាមួយ​សមាគម​ចុង​ភៅ​កម្ពុជា ចំណែក​ទី​២ គឺ​បំបែក​ឯតទគ្គ​កម្ម​រាំចង្វាក់​ម៉ាឌីហ្សន់ មាន​អ្នក​ចូល​រួម​ចំនួន ២ ០១៥​នាក់​។

លោក​ សុខ សប្បាយ​ណា បាន​ឱ្យដឹង​បន្ថែម​ទៀត​ថា អង្គរ​សង្ក្រាន្តឆ្នាំ ២០២៣​ ខុស​ប្លែក​ពីមុន ធំជាង​មុន ការរៀបចំ​ច្នៃប្រឌិត​ល្អ​ស្អាត​ជាង​មុន និង​ពង្រីក​កម្មវិធី​ពី ១១ កម្មវិធីធំៗ ​រហូត​ទៅ​ដល់ ៣៤ កម្មវិធីធំៗ ហើយ​ជាពិសេស​ឧបករណ៍​យក្ស​ដែល​ធ្លាប់​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​លើក​មុនៗ​ក៏​នឹង​ប្រមូល​ផ្តុំយក​មក​ដាក់​បង្ហាញ​ជាមួយគ្នាផង​ដែរ ក្នុង​នោះ​មាន អុក​យក្ស ព្រះភ័​ក្រហនុ​មាន ចាប៉ី​ដង​វែង អន្សម​យក្ស ទាញ​ព្រ័ត្រ​យក្ស​ជាដើម​។

នៅ​​ក្នុង​សន្និសីទ​សារព័ត៌​មា​ននោះ​ដែរ លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែង​ថា ក្នុង​ឯតទគ្គ​កម្ម​​​ទាំ​ង​២​ ដែលកម្ពុជាច​ង់បំបែក​នេះ​គឺត្រូវ​ការការ​ចូល​រួម​ជាច្រើន​។

លោក​បានលើក​ជាឧទាហរណ៍​ថា កាលពី​​ធ្វើ​អន្សម​យក្ស​គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅលើ​សមាគម​ចុង​ភៅ​កម្ពុជា ដែល​មាន​ជា​គំនិត ហើយ​បាន​ផ្តល់​ឱ្យ​សម្រាប់ការដឹក​នាំ​អនុវត្ត ហេតុ​នេះ​អ្នក​ដែល​អាច​ចំហុយ​អន្សម​យក្ស​បាន​មាន​តែ​សមាគម​ចុងភៅ ហេតុ​នេះ​ការបំបែក​ឯតទគ្គកម្ម​ថ្មី ២ទៀត​នេះ ក៏នឹង​ត្រូវ​ការអ្នក​ចូល​រួម​ច្រើន​ដូចគ្នា។

លោក​ថ្លែង​ថា៖​«អ្វីដែល​អាចបើក​បាន​ដើម្បី​ឈាន​ជាព័ត៌មាន​ថា ​បំបែកឯត​ទគ្គកម្ម​នេះ គឺត្រូវ​ការកា​រចូលរួម​ ហើយ​នឹងអាច​ចូល​រួម ទាំង​អស់​គ្នាតែ​ម្តង ថា​តើចូល​រួម​របៀប​ម៉េច យើង​នឹង​ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំទូលាយ​នៅ​ពេល​ក្រោយ​»។

លោក​បាន​លើក​ឡើង​ថា ប្រធាន​បទសម្រាប់ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នាឆ្នាំ​២០២៣គឺ​ជា​ «ក្ដី​ស្រមៃ និង​ក្ដី​សង្ឃឹម» ដែល​មាន​ន័យ​ថា ការ​ផ្សារ​ភ្ជាប់​នូវ​ក្តីស្រមៃ ជាមួយ​ក្តី​សង្ឃឹម​ ប្រកប​ដោយ​ភាព​ជឿជាក់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប​ក្នុ​ងដំណើរ​ឆ្ពោះ​ទៅកាន់​ភាព​សុខក្សេម​ក្សាន្ត មោទន​ភាព​ជាតិ ភាព​រុង​រឿង និង​ភាពរីក​ចម្រើន​ វិបុ​ល​ភាព និង​ភាព​ធន់​នៃ​ប្រជាជាតិ​កម្ពុជា ជា​មួយអរិយធម៌​ដែល​ខ្ពង់​ខ្ពស់​ឆើត​ឆាយ​។

ក្នុង​ន័យ​នេះ​ ប្រធាន​បទ​នេះ បាន​ផ្សារភ្ជាប់​ជាមួយនឹ​ងគោល​គំនិត​ 3Cs ដែលជា​គោល​គំនិត​ឆ្ពោះ​ទៅអនាគត​កម្ពុជា នៃ​ការក​សាង​ធន​ធាន​មនុស្ស​ប្រកប​ដោយ​សមត្ថ​ភាព មាន​ភាព​ជាខ្មែរ និង​ពោរពេ​ញដោយ​ធម៌។ ប្រធាន​បទ​នេះ បាន​រំឭក​ឡើង​ពីក្ដី​ស្រមៃ​របស់​យុវជន​១​ក្រុម​ចង់​រៀបចំ​ព្រឹត្តិ​ការណ៍ ដ៏អស្ចារ្យ​មួយ​នៅ​មុខ​​ប្រាសាទ​អង្គរ ជាពិសេស​ធ្វើយ៉ាង​ណា​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា ឱ្យ​បាន​ច្រើនកុះ​ករនា​រដូវ​បុណ្យ​ចូល​ឆ្នាំខ្មែរ​។

​​លោ​ក​ហ៊ុន ម៉ានី បាន​លើក​ឡើង ថា កាល​ពី​១០ឆ្នាំ​មុន មាន​យុវជ​ន១​ក្រុមធ្លាប់​មានក្តីស្រមៃ​ ដោយស​ង្ឃឹមថា​ នឹងមាន​ព្រឹត្តិ​ការណ៍​មួយ​ដែល​រៀបចំ ដោយ​យុវ​ជន នៅក្នុង​តំបន់​នៃ​រមណីយ​ដ្ឋាន​អង្គរ ក្នុង​ភាព​ជាខ្មែរ ទាំង​រូបភាព និង​ខ្លឹម​សារ។​ បន្ទាប់​ពីបាន​គិត ក៏បានចាប់​ផ្តើម​គូរ ហើយ​ក្តី​ស្រមៃ និង​ក្តីសង្ឃឹម​របស់​ក្រុមយុវ​ជន​១​ក្រុម​តូច ត្រូវ​បាន​រីក​សុះសា​យ បន្ទាប់​ពីពួក​គេបាន​ដាក់​គោល​ដៅ សិក្សា សហ​ការគ្នា សាម​គ្គីគ្នា លះ​បង់កម្លាំង​កាយ​ចិត្ត សមត្ថ​ភាព បញ្ញា ស្មារតី​គ្រប់​សព្វបែ​ប​យ៉ាង​ក្នុង​គោល​ដៅ​ដើម្បី​បុព្វ​ហេតុ​​ជាតិ​មាតុភូមិ​តែមួយ​។

លោក​ថ្លែង​ថា៖«មក​ទល់​ពេល​នេះ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត មិន​ត្រឹម​តែជា​ព្រឹត្តិកា​រណ៍ តែជា​ស្មារតីនៃ​ការ​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ទូទាំង​ប្រទេស វប្បធម៌​ខ្មែរ និង​ជាស្មារតីក្តី​ស្រឡាញ់​នៃ​មហាក្រុម​គ្រួសារខ្មែរ ហើយបាន​​សព្វ​សាយ​ទៅកាន់​ពិភពលោក» ។

​បើតាម​លោក ហ៊ុន ម៉ានី ក្រុម​ការងារ​ជឿជា​ក់​ថា ប្រជាពលរដ្ឋ​ខ្មែរទាំង​អស់​គ្រប់​ទីកន្លែង នឹង​ចូល​រួមចំណែក​ជាវិជ្ជ​មាន ដើម្បី​ជំរុញ​ព្រឹត្តិ​ការណ៍​យើង​នេះឱ្យកាន់​តែ​ជោគ​ជ័យ និង​ពូនជ្រុំ​ព្រឹត្តិការណ៍នេះ​ឱ្យក្លាយ​ជាស្មារតី​ជាតិជាក់​ជា​មិន​ខាន ហើយ​ការ​ចូល​រួម​នេះ នឹង​រួម​ចំណែក​កសាង និង​បង្កើន​ទំនុក​ចិត្ត​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បី​ចូលរួម និង​ជះ​ឥទ្ធិព​ល​វិជ្ជ​មាន​ដល់​ការចូល​រួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត រួមទាំង​ការ​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១​២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់​ផ្ទះ៕

វីដេអូ៖