
សកម្មភាពប្រមូលសំរាមនៅតាមដងទន្លេរបស់អង្គការទន្លេ សមុទ្រ កាលពីខែកក្កដា ។ ហេង ជីវ័ន
ភ្នំពេញៈ អង្គការសម្អាតទន្លេសមុទ្រ អំពាវនាវឱ្យមានការចូលរួមពីសាធារណជនក្នុងថ្ងៃអបអរ ទិវាអំពើល្អ ២៥ ធ្នូ ដែលគ្រោងនឹងធ្វើសកម្មភាពរួមគ្នា ដូចជាការលែងត្រី សម្អាតតាមដងទន្លេ ចែកអាហារ សៀវភៅ និងសម្ភារផ្សេងៗដល់អ្នកត្រូវការ ដើម្បីចូលរួមសាបព្រោះអំពើល្អនៅក្នុងសង្គមកម្ពុជា។
ទិវាអំពើល្អក្នុងប្រទេសកម្ពុជា គឺជាគំនិតផ្តួចផ្តើមដោយអង្គការសម្អាតទន្លេសមុទ្រដែលបានរៀបចំទិវានេះ ជាលើកដំបូងកាលពីឆ្នាំ ២០២០ ក្រោមបណ្តាញដែលឈ្មោះថា Good Deeds Day ពិភពលោក ដែលអង្គការនេះ អះអាងថា ការប្រារព្ធទិវាអំពើល្អ គឺដើម្បីប្រតិបត្តិការពុទ្ធដីការបស់ព្រះពុទ្ធ ធ្វើល្អ បានល្អ និងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
អង្គការសម្អាតទន្លេសមុទ្រ បានឱ្យដឹងថា ទិវាអំពើល្អនេះ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២ថ្ងៃត្រង់ ដល់ម៉ោង៧យប់ នៅទល់មុខផ្សាររាត្រី រាជធានីភ្នំពេញ ដែលនឹងមានអ្នកចូលរួមចន្លោះពី៥០០ ទៅ៧០០ នាក់ ដើម្បីធ្វើសកម្មភាពរួមគ្នាជាសាធារណៈ ដូចជា ការលែងត្រី សម្អាតតាមដងទន្លេ ចែកអាហារ សៀវភៅ និងសម្ភារផ្សេងដល់បងប្អូនអ្នកត្រូវការ។
អង្គការនេះ បានបញ្ជាក់ថា៖«សូមអញ្ជើញបងៗចូលរួមសាបព្រោះអំពើល្អតាមរយ: “ទិវាអំពើល្អ” រៀបចំដោយអង្គការសម្អាតទន្លេសមុទ្រ។ រាល់ការចែករំលែក ជាការផ្ដល់ក្តីស្រឡាញ់ និងស្នាមញញឹមដល់ខ្លួនឯង និងអ្នកដទៃ។ អំពើល្អរបស់បងប្អូនគ្រប់រូបតាមរយ:សកម្មភាពវិជ្ជមានផ្សេងៗ ជាចំណែកអាចជួយដល់មនុស្ស សត្វ ធម្មជាតិ និងសង្គមជាតិយើង»។
លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមថា សម្រាប់ទិវាឆ្នាំនេះ គឺដើម្បីក្នុងទិសដៅរួមគ្នាលើកកម្ពស់ និងបណ្តុះស្មារតីប្រជាពលរដ្ឋកម្ពុជាឱ្យចូលរួមលែងត្រី ដើម្បីបង្កើនទិន្នផលត្រី ដែលឈានទៅរកសន្តិសុខស្បៀងអាហារ និងការចូលរួមសម្អាតទន្លេ ដាំដើមឈើ ព្រមទាំងបង្កើនវប្បធម៌ចេះចែករំលែក និងជួយគ្នា។
លោកបានឱ្យដឹងបន្តថា ដោយសារតែកាលពីអំឡុងឆ្នាំ២០២០ ជំងឺរាតត្បាតកូវីដ១៩ បានរីករាលដាលខ្លាំង និងឃើញថា មានពលរដ្ឋជាច្រើន ប្រឈមនឹងហានិភ័យស្បៀង ដែលជំរុញឱ្យអង្គការសម្អាតទន្លេសមុទ្រ បង្កើតទិវានេះឡើង ដើម្បីធ្វើអំពើល្អ ខណៈសកម្មភាពដំបូងៗ បានរួមគ្នាផ្តល់សម្ភារ និងម្ហូបអាហារដល់អ្នកដែលខ្វះខាត និងត្រូវការ។
លោក នូ សុវណ្ណ ជឿជាក់ថា៖«អំពើល្អ គឺមិនមានដែនកំណត់ទេ គឺកើតចេញពីចិត្ត គំនិតរបស់យើង ហើយអំពើល្អ នៅពេលដែលយើងធ្វើទៅជាលក្ខណៈបុគ្គល ជាលក្ខណៈគ្រួសារ ជាលក្ខណៈសហគមន៍ ជាលក្ខណៈប្រទេស។ ដូច្នេះយើងក៏ចង់ប្រារព្ធពិធីទិវាអំពើល្អនេះឡើង ដើម្បីលើកស្ទុយ និងលើកកម្ពស់ឱ្យប្រជាពលរដ្ឋទូទៅមើលឃើញ និងធ្វើនូវអំពើល្អទាំងអស់គ្នា ព្រោះអំពើល្អ បានជះលទ្ធផលជាវិជ្ជមានទៅដល់គ្រួសារ បុគ្គល សង្គម និងដល់ពិភលោកទៀត»។
ជាមួយនឹងការជួបជុំប្រារព្ធទិវាអំពើល្អ ដោយរួមគ្នាសម្អាតទន្លេនេះ លោក នូ សុវណ្ណ បានអះអាងថា នៅពេលណាទន្លេស្អាត នឹងនាំឱ្យត្រីងាយស្រួលរស់នៅ ហើយទឹកក៏ស្អាត ដែលផ្តល់នូវទឹកស្អាតបរិសុទ្ធដល់មនុស្សជាតិ ក្នុងការបរិភោគទឹក។ ដូច្នេះ លោកសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ នឹងបន្តរួមគ្នាធ្វើអំពើល្អនេះ ឱ្យបានទូលំទូលាយ ដើម្បីសង្គមខ្មែរ មានការប្រែប្រួលជាវិជ្ជមាន។
លោកបានបញ្ជាក់ថា៖«ទិសដៅលែងត្រីរបស់យើង គឺលែងឱ្យបាន១៦លានត្រី ពីប្រទេសកម្ពុជាយើង ហើយនឹងបន្តទៅប្រទេសនៅតំបន់អាស៊ី ទៅអឺរ៉ុប ទៅគ្រប់ទ្វីបទាំងអស់ គឺយើងកំពុងសិក្សា និងយកនូវវប្បធម៌អំពើល្អនៅក្នុងប្រទេសកម្ពុជាយើងតាមរយៈការលែងត្រីឱ្យបានច្រើនបំផុត។ យើងលើកទឹកចិត្តទៅដល់ប្រជាជនទូទាំងពិភពលោក រៀនតាមប្រទេសកម្ពុជា ក្នុងការលែងត្រី»។
យុវជនស្ម័គ្រចិត្ត កញ្ញា យ៉ុន សុខឌៀ ដែលទើបបញ្ចប់ការសិក្សាថា្នក់ទី១២ និងតែងតែចូលរួមស្ម័គ្រចិត្តលើកិច្ចការសង្គម បាននិយាយថា កញ្ញាចាប់អារម្មណ៍ និងចង់ចូលរួមក្នុងព្រឹត្ដិការណ៍នេះ ដោយសារតែយល់ថា ការសាងអំពើល្អ គឺជាទង្វើមួយដែលប្រពៃ។ កញ្ញាចង់ឱ្យពលរដ្ឋខ្មែរ ចួលរួមសាងអំពើល្អឱ្យបានគ្រប់គ្នា មិនថាជាទង្វើតិចតួចក្តី ខណៈទិវាអំពើល្អ អាចជាសារ និងទង្វើមួយដែលជំរុញឱ្យពលរដ្ឋចូលរួមសកម្មភាព និងសាងអំពើល្អដល់មនុស្សជុំវិញខ្លួន និងសង្គមជាតិ។
កញ្ញា បានបញ្ជាក់ថា៖«ទិវានេះ ល្អមែនទែន ព្រោះអីវាជាទម្រង់ថ្មីមួយដែលខ្ញុំចូលទៅ ហើយអាចដឹកនាំមនុស្សឱ្យចូលរួមធ្វើអំពើល្អ។ នៅពេលយើងផ្សព្វផ្សាយទៅកាន់សាធារណជនទៅ គេឃើញទៅគេអាចទទួលយកក្នុងការធ្វើវាបន្តពីពួកយើង។ខ្ញុំគិតថា វាជះឥទ្ធិពលមួយល្អមែនទែនមកកាន់សង្គមយើងឱ្យឃើញថា ពិតជាមានមនុស្សដែលមិនគ្រាន់តែនិយាយទេ ប៉ុន្តែគាត់ឃើញបញ្ហានេះហើយចូលរួមដោះស្រាយទៀត»៕