ភ្នំពេញៈ ​ក្រសួងម​ហា​ផ្ទៃត្រៀម​ផ្សព្វផ្សាយ​យន្តការ​ថ្មី​នៃ​ប្រកាស​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​លេខាធិការដ្ឋាន​សម្រាប់​គាំទ្រការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ បន្ទាប់ពី​គោលនយោបាយ​នេះ​ត្រូវបាន​ដំ​ឡើងជា​កម្រិត​ថ្នាក់ជាតិ​ដែលមាន​វិសាលភាព​អនុវត្ត​ធំ​ជាង​មុន​។​

ក្រសួងមហាផ្ទៃ បាន​បើក​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ប្រកាស​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​លេខាធិការដ្ឋាន​សម្រាប់​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព កាលពី​ថ្ងៃទី ​២១ ខែធ្នូ ឆ្នាំ​ ២០២២ ក្រោម​អធិបតីភាព​រដ្ឋលេខាធិកា​រ​ប្រចាំការ​ក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា​និង​មាន​សមាសភាព​ចូលរួម​ពី ប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម និង​តំណាង​អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ ព្រមទាំង​អ្នកពាក់ព័ន្ធ​ផងដែរ​។​

រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ​លោក សក់ សេដ្ឋា​បាន​គូសបញ្ជាក់ថា គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ត្រូវបាន​ដំឡើង​កម្រិត​គោលនយោបាយ​នេះ​ជា​កម្រិត​រាជរដ្ឋាភិបាល កាលពី​ឆ្នាំ​២០២១ ដែល​ត្រូវបាន​ពង្រីក​វិសាលភាព​អនុវត្ត​ស្ទើរ​គ្រប់​ក្រសួង​-​ស្ថាប័ន​។​

លោក ថ្លែងថា​៖«​យន្តការ​ថ្មី​នេះ​មិន​មែនមាន​វិសាលភាព​អនុវត្ត​ត្រឹម​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ដែល​ផ្ដោត​តែ​ទៅលើ​ការងារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ប៉ុណ្ណោះ​ទេ គឺមាន​ការពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​នានា​ពាក់ព័ន្ធ​នឹង​ការងារ​ផ្ដល់​សេវាសាធារណៈ បរិស្ថាន អនាម័យ សោភណភាព ការគ្រប់គ្រង​គ្រោះមហន្តរាយ ឬ​ជំងឺឆ្លង​កាច​សាហាវ​ផងដែរ​»​។​

លោក​បន្តទៀតថា ផ្អែកលើ​ស្មារតី​នៃ​គោលនយោបាយ​នេះ តម្រូវឱ្យ​ក្រសួងមហាផ្ទៃ​បង្កើត​លេខាធិការដ្ឋាន​មួយ​សម្រាប់​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ដែលមាន​តួនាទី​សម្របសម្រួល​ជាមួយ​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​គ្រប់​ថ្នាក់ និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត​។ លោក​បញ្ជាក់ថា ការបង្កើត​លេខាធិការដ្ឋាន​ថ្មី​នេះ​ដើម្បីឱ្យ​អនុវត្ត និង​ការរៀបចំ​ចលនា​ប្រឡងប្រណាំង​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ទៅតាម​វិស័យ​នីមួយៗ និង​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​អំពី​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​។​

លោក​បន្ថែមថា ផ្អែក​តាម​ស្មារតី​នេះ ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូវ​ប្រកាស​មួយ ចុះ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​លេខាធិការដ្ឋាន​សម្រាប់​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​។

លោក​ថ្លែងថា​៖«​ផ្អែក​តាម​កិច្ចពិភាក្សា អង្គប្រជុំ​គ្រោង​នឹង​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ប្រកាស​នេះ នាពេលខាងមុខ ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​យល់​ជ្រាប​អំពី​យន្តការ​ថ្មី​នេះ​»​។​

ទន្ទឹមនឹងនេះ ដោយសារ​ប្រកាស​ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព កាលពី​ឆ្នាំ​២០១១ និងសេចក្តីសម្រេច​ស្តីពី​ការចាត់តាំង​ក្រុមការងារ​ទទួលខុសត្រូវ​ដឹកនាំ​ត្រួតពិនិត្យ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព កាលពី​ឆ្នាំ​២០១០ មានការ​ប្រែប្រួល​សមាស​ភាព​មួយចំនួន ហេតុនេះ​ក្រសួងមហាផ្ទៃ កំពុង​រៀបចំ​ធ្វើការ​កែសម្រួល​សមាសភាព​ថ្មី ដើម្បី​រៀបចំ​យន្តការ​អនុវត្ត​ការងារ ស្របតាម​ស្មារតី​នៃ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​។​ ​

សូមជម្រាបថា គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ត្រូវបាន​ប្រកាស​ដាក់ឱ្យ​អនុវត្ត​កាលពី​ឆ្នាំ ២០១០ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង​។ លក្ខណសម្បត្តិ​ភូមិ ឃុំ មាន​សុវត្ថិភាព​មាន​ចំណុច​សំខាន់​ចំនួន៥ រួមមាន​១-គ្មាន​សកម្មភាព លួច ឆក់ ប្លន់ គ្រប់​ប្រភេទ​ ២-គ្មាន​ការផលិត ការចែក​ចាយ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ៣-គ្មាន​អំពើ​អនាចារ ការជួញដូរ​ស្តី និង​កុមារ និង​អំពើហិង្សា​ក្នុង​គ្រួសារ ៤-គ្មាន​ក្មេង​ទំនើង និង​៥-គ្មាន​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ការប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​បទល្មើស គ្រប់​ប្រភេទ​។​ប៉ុន្តែ​គោលនយោបាយ​នេះ ត្រូវបាន​ដំឡើង​ទៅជា​កម្រិត​ថ្នាក់ជាតិ ដោយ​មិន​ត្រឹមតែ​ផ្តោត​សំខាន់​លើ​សន្តិសុខ សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ក៏ត្រូវ​ផ្តោតលើ​មុខងារ​ថ្មី​បន្ថែមទៀត គឺ​ការផ្ដល់​សេវាសាធារណៈ បរិស្ថាន អនាម័យ​និង​សោភណភាព​ផងដែរ​៕