
ពលរដ្ឋមកទទួលស័ង្កសី យកទៅធ្វើផ្ទះនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ រូបថត សហការី
សៀមរាបៈ ប្រជាពលរដ្ឋដែលបានរុះរើចេញពីតំបន់អង្គរមកតាំងលំនៅក្នុងភូមិធម្មជាតិរុនតាឯក នៃឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចំនួន ៥៧៧ គ្រួសារ ហើយបច្ចុប្បន្ន ពួកគេដែលបានមកតាំងលំនៅទីនេះ ក៏បានបើកស័ង្កសី យកទៅធ្វើផ្ទះ និងរៀបចំភូមិឋានឱ្យបានល្អស្អាត ជាបណ្តើរៗដែរ។ នេះបើតាមការឱ្យដឹងពីលោកស្រី ឈួន អ៊ឹម មេឃុំរុនតាឯក។
លោកស្រីឈួន អ៊ឹម ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២០ ខែធ្នូ ថា គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា រហូតមកដល់ថ្ងៃទី១៩ ខែធ្នូ ប្រជាជននៅតំបន់អង្គរបានរើមកពីទីតាំងចាស់ មកតាំងលំនៅឋានថ្មីក្នុងភូមិធម្មជាតិរុនតាឯកចំនួន៥៧៧គ្រួសារ។ បច្ចុប្បន្ន ប្រជាពលរដ្ឋ កំពុងរៀបចំធ្វើផ្ទះសំបែង រៀបចំភូមិឋាន ជាបណ្តើរៗ ហើយអ្នកមួយចំនួន ក៏បានរៀបចំរួចរាល់ស្អាតល្អ និងកំពុងរស់នៅដោយសុខសាន្ត។
លោកស្រីថ្លែងថា៖«អ្នកដែលរុះរើហើយ គឺគាត់មានសិទ្ធិមកបើកស័ង្កសី អ្នកដែលអត់ទាន់បានរុះរើ គឺអត់ទាន់មានក្រដាសបញ្ជាក់ពីសាលាខេត្ត សម្រាប់មកបើកស័ង្កសីទេ ហើយការរុះរើនេះ គឺតាមជំហាន ដែលជំហានទី១ ប្លុកអក្សរ K មានចំនួន ២៥៥គ្រួសារ តែឥឡូវ វាឡើងទៅអក្សរផ្សេងៗទៀតហើយ»។
លោកស្រី រក្សា អាយុ៣២ឆ្នាំ ជាប្រជាពលរដ្ឋដែលទៅតាំងលំនៅថ្មីនៅតំបន់រុនតាឯកក្នុងប្លុក K បានឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ថា ទីតាំងដីរបស់លោក បានធ្វើផ្ទះរួចរាល់ស្អាតបាតហើយ ឯអ្នកនៅភូមិក្បែរខាង ក៏មានភាពអ៊ូអរផងដែរ។ ប៉ុន្តែលោកបានលើកឡើងថា ការមកនៅតំបន់រុនតាឯកនេះមានបញ្ហាបន្តិច ត្រង់ថា ឆ្ងាយពីកន្លែងការងារដែលកំពុងធ្វើ។
លោកថ្លែងថា៖«ឥឡូវយើងមានភ្លើងមានអីប្រើហើយ ចំណែកប្រព័ន្ធទឹកស្អាត ក៏ជិតចូលមកដល់ដែរ។ ចំណែកដើមឈើហូបផ្លែអីផ្សេងៗហ្នឹង ក៏ដាំរួចរាល់ដែរ ប៉ុន្តែឥឡូវ វានៅតូចៗ។ យ៉ាងណាខ្ញុំសង្ឃឹមថា នៅពេលដំណាំផ្លែឈើយើងធំៗពេលផ្លែ អាចប្រមូលផលលក់ដូរបាន ហើយពេលមានកន្លែងការងារធ្វើក្បែរផ្ទះទៀតកាន់តែស្រួល»។
លោកបន្ថែមថា ថ្វីបើការទៅតាំងលំនៅឋានដំបូងក្នុងតំបន់រុនតាឯកមានបញ្ហាប្រឈមខ្លះៗ ប៉ុន្តែមានការសប្បាយរីករាយ ដែលទទួលបានទីតាំងដែលជារបស់ខ្លួន អាចអភិវឌ្ឍ រៀបចំតុបតែងលម្អតាមចិត្តចង់បាន ផ្ទុយពីកាលនៅក្នុងតំបន់អង្គរ មិនអាចធ្វើអ្វីបានតាមតែចិត្តនោះទេ។
លោកព្រី ចិន្តា ប្រជាពលរដ្ឋម្នាក់ទៀតដែលបានរើទៅនៅតំបន់រុនតាឯក បានឱ្យដឹងថា ការមកនៅដំបូងមិនជាលំបាកអ្វីណាស់ណាទេ គ្រាន់តែដំបូងរៀបចំមិនទាន់បានស្រួល ម្យ៉ាងទៀតមិនសូវមានប្រាក់ទិញសម្ភារបន្ថែមយកមកធ្វើផ្ទះ។ ប៉ុន្តែទោះបីយ៉ាងនេះ ក៏នៅតែអាចខ្ចីបុលគេយកមកប្រើបាន។ លោកចិន្តាលើកឡើងថា ការដាំដុះដំណាំហូបផ្លែផ្សេងៗមួយចំនួន ដាំមិនសូវបានល្អ ព្រោះកន្លែងខ្លះដាំដុះ មិនបានចាក់ដីឱ្យរួចរាល់ ដែលធ្វើឱ្យពេលពង្រាបដីអាចប៉ះពាល់ដល់ដំណាំឈើទាំងនោះ។
ប្រជាពលរដ្ឋម្នាក់ទៀត លោកសាន ធារិន ដែលបានទៅតាំងលំនៅក្នុងតំបន់រុនតាឯក បានឱ្យដឹងដែរថា ការរើទៅនៅតំបន់រុនតាឯកមិនមានការលំបាកអ្វីទេ ដោយសារបានខាងកងទ័ពជួយធ្វើការដឹកជញ្ជូន។ នៅពេលទៅដល់ទីតាំង ការរស់នៅដំបូង គឺមានការលំបាកតិចតួច ដូចជា ខ្វះខាតទឹកប្រើប្រាស់ ដែលទាមទារឱ្យមានការជីកអណ្តូងជាដើម។ លោកបន្តថា ចំណែកការឆ្លើយតបបញ្ហាភ្លើងប្រើប្រាស់ អាជ្ញាធរពាក់ព័ន្ធបានសម្រួលរៀបចំប្រព័ន្ធភ្លើងបានឆាប់រហ័សឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកឱ្យដឹងទៀតថា ចំពោះការរៀបចំផ្ទះសំបែង គឺជាក់ស្តែងទៅតាមលទ្ធភាពគ្រួសារនីមួយៗ ខ្លះបានរៀបចំផ្ទះស្អាតបាត ធ្វើហើយរួចរាល់ ប៉ុន្តែក៏មានអ្នកខ្លះនៅដោះស្រាយការធ្វើលំនៅឋានបណ្តោះអាសន្នផងដែរ។
លោកបញ្ជាក់ថា៖«អ្នកខ្លះគាត់ធ្វើជាលក្ខណៈបណ្តោះអាសន្ន ជាលក្ខណៈគាត់អត់ទាន់មានលុយធ្វើអ៊ីចឹងទៅណា។ ធម្មតាការរុះរើ ផ្ទះឈើបើ១០០ភាគរយនៅសល់តែ៥០ភាគរយអីហ្នឹង។ អ៊ីចឹង បងប្អូនគាត់លៃធ្វើលំនៅជាក់ស្តែងតាមហ្នឹង ប៉ុន្តែអ្នកមានលទ្ធភាពគាត់ទិញឈើថែមធ្វើបានរឹងមាំ»៕