
ក្រសួងអប់រំប្រកាសឱ្យដំណើរការគ្រឹះស្ថានមត្តេយ្យសិក្សា និងការអប់រំកុមារតូចនាខែមករា ឆ្នាំក្រោយ។ ហុង មិនា
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឱ្យដំណើរការគ្រឹះស្ថានមត្តេយ្យសិក្សា និងការអប់រំកុមារតូចក្នុងឆ្នាំសិក្សាថ្មីនៅថ្ងៃទី ២ ខែមករា ដោយផ្ដោតសំខាន់លើការអភិវឌ្ឍផ្នែកទាំង ៥ ហើយក៏ណែនាំ និងរំឭកឱ្យអាណាព្យាបាលត្រៀមបញ្ជូនកូនតូចចូលរៀននៅតាមគ្រឹះសា្ថនមត្តេយ្យសិក្សា ដើម្បីឱ្យពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ការអប់រំកម្រិតបឋមសិក្សា។
ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ក្រសួងអប់រំ មានទិសដៅសម្រេចឱ្យបានចំណុចដៅប្រចាំឆ្នាំ នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ គឺអត្រាចូលរៀនកុមារអាយុ ៥ ឆ្នាំ ៦៣,១ ភាគរយ អត្រាចូលរៀនកុមារអាយុ ៤ ឆ្នាំ ៣៦,៣ ភាគរយ និងអត្រាចូលរៀនកុមារអាយុ៣ឆ្នាំ ១៤,១ ភាគរយ។
សេចក្ដីណែនាំស្តីពីដំណើរការគ្រឹះសា្ថនមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូចឆ្នាំសិក្សា ២០២២-២០២៣ របស់ក្រសួងអប់រំ ឱ្យដឹងថា ការប្រព្រឹត្តទៅនៃឆ្នាំសិក្សាថ្មី ២០២២-២០២៣ ត្រូវចាប់ផ្ដើមដំណើរការ នាថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ និងបញ្ចប់ទៅវិញនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ក្រសួងបញ្ជាក់ថា៖ «ត្រូវបានកំណត់យកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ជាកាលបរិច្ឆេទ សម្រាប់ ប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ ជាផ្លូវការទូទាំងប្រទេស។ កាលបរិច្ឆេទវិស្សមកាលតូចចាប់ពីថ្ងៃទី ៦ ខែមេសា ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ និងកាលបរិច្ឆេទមហាវិស្សមកាល ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣»។
ក្រសួងអះអាងថា គោលដៅនេះ គឺដើម្បីឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ ២០៣០ ដោយធានាថា កុមារី និងកុមារាទាំងអស់ ទទួលបានការអប់រំកម្រិតមត្តេយ្យសិក្សា ការថែរក្សា និងការអភិវឌ្ឍកុមារតូចប្រកបដោយគុណភាព មុននឹងពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ការអប់រំកម្រិតបឋមសិក្សា។
ក្រសួងថា៖ «ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ដំណើរការរបស់គ្រឹះស្ថានមត្តេយ្យសិក្សា និងការអប់រំកុមារតូច នៅតែផ្ដោតសំខាន់លើការអភិវឌ្ឍផ្នែកទាំង ៥ គឺសុខភាពរាងកាយ ភាសា បញ្ញា និងការគិត សង្គមនិងអារម្មណ៍ និងការអភិវឌ្ឍសីលធម៌ និងវប្បធម៌ ដោយផ្អែកលើមុខវិជ្ជាចិត្តចលភាព វិទ្យាសាស្ត្រ សិក្សាសង្គម បុរេគណិត និងភាសាខ្មែរ»។
ក្រសួងអប់រំ ក៏បានណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលឃុំ-សង្កាត់ និង គ្រឹះស្ថានមត្តេយ្យសិក្សា ព្រមទាំងអ្នកផ្តល់សេវាអប់រំកុមារតូចទាំងអស់នូវកិច្ចការមួយចំនួនទៀតសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា ២០២២-២០២៣ ផងដែរ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងក្នុងសេចក្តីណែនាំថា គណៈគ្រប់គ្រងនៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ មត្តេយ្យសហគមន៍ និងអ្នកផ្តល់សេវាកុមារតូចទាំងអស់ ត្រូវពិនិត្យលទ្ធភាពក្នុងការរៀបចំប្រារព្ធពិធីបើកបវេសនកាលជាទ្រង់ទ្រាយធំ មធ្យម ឬតូចតាចតាមលទ្ធភាពជាក់ស្តែង។
លោកណែនាំថា ក្នុងពេលប្រព្រឹត្តទៅនៃដំណើរការឆ្នាំសិក្សា សាលាមត្តេយ្យគ្រប់ប្រភេទគ្មានសិទ្ធិបិទគ្រឹះស្ថានសិក្សា និងកន្លែងផ្តល់សេវាអប់រំកុមារតូច ដោយគ្មាន ការអនុញ្ញាតពីក្រសួងនោះទេ បើទោះបីប្រការណាក៏ដោយ។ ក្នុងករណីមានប្រធានស័ក្តិ ដូចជាទឹកជំនន់ ខ្យល់ព្យុះជាដើម នាយក នាយិកាគ្រឹះស្ថានមត្តេយ្យសិក្សា ត្រូវរាយការណ៍បន្ទាន់មកកាន់ក្រសួង ដើម្បីសុំការអនុញ្ញាតផ្អាកដំណើរការបណ្តោះអាសន្ន។ សាលាមត្តេយ្យគ្រប់ប្រភេទ ត្រូវពង្រឹងការអនុវត្តកាលវិភាគ វិមជ្ឈការកាលវិភាគ និងប្រតិទិនសិក្សាឱ្យបានត្រឹមត្រូវ ដោយចៀសវាងបាតុភាពឈប់ ឬបិទសាលារៀនមុនពេលកំណត់។
លោកបញ្ជាក់ថា៖ «គណៈគ្រប់គ្រងនៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ មត្តេយ្យសហគមន៍ និងអ្នកផ្តល់សេវាកុមារតូចទាំងអស់ ត្រូវចូលរួមត្រួតពិនិត្យ និងរៀបចំគ្រឹះស្ថានមត្តេយ្យ និងគ្រប់ទីកន្លែងផ្តល់សេវាអប់រំកុមារតូច ដោយផ្តោត យកចិត្តទុកដាក់អនុវត្តយ៉ាងហ្មត់ចត់ នូវគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ ១៩»។
លោករដ្ឋមន្ត្រី ក៏ជំរុញឱ្យមានការផ្សព្វផ្សាយ និងធ្វើយុទ្ធនាការប្រមូលកុមារតូចចាប់ពីអាយុ ៣ ឆ្នាំ ឬ ៣៦ ខែ រហូតអាយុក្រោម ៦ ឆ្នាំ ឬយ៉ាងខ្ពស់បំផុត ៧០ ខែ គិតចាប់ពី ថ្ងៃកំណត់ចូលសិក្សា ដោយចងបដា និងពាក្យស្លោកនៅតាមទីប្រជុំជន ដោយធ្វើការអំពាវនាវដល់អាណាព្យាបាលឱ្យនាំកូនដល់អាយុ មកចុះឈ្មោះចូលរៀនបានគ្រប់ៗគ្នា ខណៈការចុះឈ្មោះចូលរៀនសម្រាប់ ឆ្នាំសិក្សាថ្មី ចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២២។
ស្ថិតិ និងសូចនាករអប់រំគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន របស់ ក្រសួងអប់រំ យុវជននិងកីឡា ឱ្យដឹង ថា ឆ្នាំសិក្សា ២០២០-២០២១ មាន សាលារៀនមត្តេយ្យប្រមាណ ៨ ០០០ កន្លែង ដែលបានផ្តល់ការសិក្សាដល់កុមារតូចនៅទូទាំងប្រទេសប្រមាណ ជិត ៣៥ ម៉ឺននាក់។
លោកតាក ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត និយាយថា សាលាមត្តេយ្យក្នុងខេត្ត របស់លោកជាង ២០០ កន្លែង បានត្រៀមខ្លួនរួចរាល់សម្រាប់ការបើកបវេសនកាលថ្មី ទទួលកុមារតូចឱ្យទទួលបានការអប់រំក្នុងជីវិតរបស់ពួកគេជាលើកដំបូង។
លោកថា៖ «យើងបានឃោសនា ដើម្បីប្រមូលសិស្សឱ្យចូលរៀនអស់ហើយ ដែលដំណើរការទាំងមត្តេយ្យ និងបឋមតែម្តង។ យើងបានប្រមូលហើយ យើងមាននៅក្នុងផែនការរបស់យើងក្នុងការិយាល័យអប់រំកុមារតូចនេះ ព្រោះសាលាមត្តេយ្យ គឺនៅក្នុងសាលាបឋម ដោយយើងមិនទុកសាលាមត្តេយ្យនៅក្រៅទេ។ អ៊ីចឹងនៅថ្ងៃទី ២ មករានេះ គឺយើងនឹងបើកបវេសនកាលជុំគ្នាតែម្តង»៕