
ពិធីបើកឱ្យប្រើប្រាស់មជ្ឈមណ្ឌលការងារ NUM Career Center នៅថ្ងៃទី២២ ធ្នូ ។ រូបថត NUM
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ(USAID) រួមគ្នាដាក់ឱ្យប្រើជាផ្លូវការនូវមជ្ឈមណ្ឌលការងារ NUM Career Center នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលនឹងផ្តល់ឱកាសដល់សិស្សនិស្សិតអាចភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារការងារក្នុងសម័យសេដ្ឋកិច្ចឌីជីថល។
ការប្រកាសជាផ្លូវនេះ បានធ្វើឡើងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក W.Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងតំណាងក្រុមហ៊ុនឯកជន សិស្សានុសិស្សជាច្រើនរូប។
មជ្ឈមណ្ឌលការងារ NUM Career Center គឺជាផ្នែកមួយរបស់គម្រោង"USAID Digital Workforce Development Project" ជាគំនិតផ្តួចផ្តើមថ្មីដែលផ្តល់មូលនិធិដោយ USAID ដែលនឹងផ្តល់ឱ្យយុវជនកម្ពុជានូវជំនាញក្នុងការប្រកួតប្រជែងក្នុងសេដ្ឋកិច្ចឌីជីថល ខណៈគម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវជំនាញឌីជីថលរបស់យុវជនកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកដែលពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំងឡើង ហើយត្រូវការកម្លាំងពលកម្មជំនាញឌីជីថល។
USAID បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា គម្រោងអភិវឌ្ឍន៍ការងារឌីជីថល (DWD) មានរយៈពេល៥ឆ្នាំ ដែលសហការអនុវត្តជាមួយសាកលវិទ្យាល័យប៊ីកប៊ី (University of California, Berkeley) ដើម្បីជំរុញលទ្ធផលអប់រំសម្រាប់យុវជន និងអ្នកជំនាញរបស់កម្ពុជានៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង និងទាមទារឱ្យមានកម្លាំងពលកម្មដែលមានជំនាញ។
USAID បានបញ្ជាក់ថា«មជ្ឈមណ្ឌលការងារ នឹងភ្ជាប់សាកលវិទ្យាល័យទៅនឹងនិយោជកក្នុងវិស័យឯកជន ដើម្បីបង្កើតកម្មវិធីកម្មសិក្សា និងឱកាសការងារសម្រាប់និស្សិត និងអ្នកជំនាញវ័យក្មេង។ មជ្ឈមណ្ឌលនេះក៏នឹងបំពេញតម្រូវការរបស់និយោជក សម្រាប់ជំនាញសតវត្សរ៍ទី២១ តាមរយៈការបណ្ដុះបណ្ដាល និងសិក្ខាសាលាផ្សេងៗ»។
លោក ប៉ែន ចិន្តា ប្រធានគម្រោងអភិវឌ្ឍន៍ការងារឌីជីថលរបស់ USAID បានថ្លែងថា គម្រោងនេះនឹងជួយបង្កើតបន្ថែមនូវមជ្ឈមណ្ឌលការងារជាច្រើនថែមទៀតនៅសាកលវិទ្យាល័យដៃគូដទៃ ទាំងនៅជនបទ និងទីក្រុងក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា៖«មជ្ឈមណ្ឌលការងារ នឹងភ្ជាប់សិស្សានុសិស្សលើគ្រប់មុខជំនាញសិក្សាទៅកាន់គោលដៅការងារដែលពួកគេជ្រើសរើស។ គម្រោងអភិវឌ្ឍន៍ការងារឌីជីថល(DWD)នឹងធ្វើការជាមួយវិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ដើម្បីជំរុញបណ្តាញការងារឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់និស្សិតដែលបញ្ចប់ការសិក្សានៅក្នុងប្រទេសកម្ពុជា»។
លោក ប៉ែន ចិន្តា ក៏បានអះអាងដែរថា គម្រោង(DWD) បានរៀបចំមជ្ឈមណ្ឌលការងារឱ្យក្លាយជាផ្នែកសំខាន់មួយនៃប្រព័ន្ធអេកូការងារ (Employment Ecosystem) ដែលជាកន្លែងមួយមានការចូលរួមពីនិស្សិតកំពុងសិក្សា អតីតនិស្សិត និងនិយោជកនៅគ្រប់វិស័យទាំងអស់។ បន្ថែមពីនេះ លោករំពឹងថា មជ្ឈមណ្ឌលនៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រងនេះ នឹងក្លាយជាគំរូមួយសម្រាប់សាកលវិទ្យាល័យផ្សេងទៀត ដើម្បីអនុវត្តតាម ហើយនឹងនៅតែបន្តដំណើរការទោះបីក្រោយការបញ្ចប់គម្រោងនេះក្ដី។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងឱកាសនោះថា ក្រោយដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលការងារនៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រងនេះ ភាគីពាក់ព័ន្ធអាចនឹងធ្វើការរួមគ្នាបន្ថែមទៀតដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការទទួលបានឱកាសការងារកាន់តែងាយស្រួលក្នុងយុគសម័យឌីជីថល។ លោក រំពឹងថា មជ្ឈមណ្ឌលការងារមួយនេះ នឹងភ្ជាប់ទំនាក់ទំនងរវាងសិស្សានុសិស្សជាមួយក្រុមហ៊ុនឯកជន ដើម្បីឱ្យពួកគេកាន់តែមានភាពជិតស្និទ្ធនិងងាយស្រួល។
លោកបានបញ្ជាក់ថា៖«នេះគឺជាមជ្ឈមណ្ឌលជំនាញ និងផ្តល់ចំណេះដឹងមួយក្នុងការផ្សព្វផ្សាយការងារ និងឱកាសទៅដល់សិស្សានុសិស្សដែលសិក្សានៅទីនេះដែលមិនដឹងអំពីរបៀបនៃការធ្វើការងារ និងត្រូវទៅរកការងារ។មជ្ឈមណ្ឌលការងារនេះ នឹងជួយពួកគេស្វែងរកការងារប្រកបដោយគុណភាព។ វាក៏នឹងបង្រៀនឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងពីជំនាញទន់ដែលមានសារៈសំខាន់ផងដែរ»។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចាត់ទុកមជ្ឈមណ្ឌលការងារ នេះគឺជាស្ពានតភ្ជាប់និស្សិត និងនិយោជក។ ថ្លែងក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត រំពឹងថា៖«សិស្សនិស្សិត នឹងបន្តទៅកាន់គោលដៅការងារដែលពួកគេបានជ្រើសរើស ហើយនិយោជកនឹងរីកចម្រើនជាមួយនឹងបេក្ខជនដែលមានសមត្ថភាព។ យើងមានមោទនភាពក្នុងការគាំទ្រយុវជនកម្ពុជា ដើម្បីបំពេញតម្រូវការនៃការងារឌីជីថលដែលកំពុងរីកចម្រើន យ៉ាងឆាប់រហ័ស»។
យុវតី ឃុន ម៉ានី ដែលជានិស្សិតឆ្នាំទី២ នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការនៃមជ្ឈមណ្ឌលការងារនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនេះ បាននិយាយថា មជ្ឈមណ្ឌលនេះ អាចជាកន្លែងផ្តល់ឱកាសមួយដ៏សំខាន់សម្រាប់ខ្លួន និងសិស្សានុសិស្សដទៃ ដើម្បីទទួលបានបន្ថែមនូវជំនាញថ្មីៗ ដើម្បីភ្ជាប់ខ្លួនទៅកាន់ទីផ្សារការងារ ជាពិសេសទទួលបានចំណេះដឹង និងរបៀបរបបការងារមុននឹងក្លាយខ្លួនទៅនិយោជិត និងម្ចាស់អាជីវកម្មដោយខ្លួនឯង។
កញ្ញាបានបញ្ជាក់ថា ៖«មជ្ឈមណ្ឌលការងារនេះគឺបានមានសារៈសំខាន់ច្រើនដែលផ្តល់ឱ្យយើងស្គាល់អំពីរបៀបនៃការបើកអាជីវកម្ម ដូចជាប្រកបរបរផ្ទាល់ខ្លួន។ ខ្ញុំចង់ទទួលបាននូវចំណេះដឹងថ្មីៗ ក៏ដូចជាការចែករំលែកបទពិសោធន៍ពីពួកគាត់ និងយល់ដឹងបន្ថែមពីការបង្កើតអាជីវកម្មថ្មី»៕