ភ្នំពេញៈ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ​ប្រកាស​ជា​ផ្លូវ​ការ នូវទូត​សុ​ច្ឆន្ទៈ​ចំនួន ៣ រូប ​របស់​យុទ្ធនាការ​ក្មេងស្រី​ត្រូវ​មានឱកាស​ស្មើ​គ្នា ​ដើម្បី​ធានា​ថា ​ក្មេងស្រី ​និង​ស្ត្រី​វ័យក្មេង ​មានអំណាច​លើ​ជីវិត​ផ្ទាល់ខ្លួន​ក្នុង​ការសម្រេចចិត្ត។ ​ទូត​សុ​ច្ឆន្ទៈ​ទាំង​ ៣ រូប ​ក៏​បាន​ប្រកាស​​ប្តេជ្ញា ​ធ្វើឱ្យ​សហគមន៍​របស់​ពួកគេ​ក្លាយជា​កន្លែង​ប្រសើរ​សម្រាប់​ក្មេងស្រី។

ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ​និង​ការប្រកាស​ជា​ផ្លូវ​ការទូត​សុ​ច្ឆន្ទៈ​នេះ​ ត្រូវបាន​ធ្វើឡើង​ កាលពី​ថ្ងៃទី២១​ ខែធ្នូ​ តាមរយៈ​ប្រព័ន្ធ​ហ៊្សូម ​និង​ការផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ​ដោយ​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ផងដែរ។ សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ ​ឱ្យដឹងថា ​យុវជន​៣រូប ​ដែល​ត្រូវ​បាន​ប្រកាស​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ពី​តំបន់​ប្រតិបត្តិការ​របស់​ខ្លួន ​រួមមាន ​ខេត្តសៀមរាប ​រតនគិរី​ និង​ស្ទឹងត្រែង ​ដើម្បី​ធានាថា ​ក្មេងស្រី ​និង​ស្ត្រី​វ័យក្មេង ​មាន​អំណាច​លើ​ជីវិត​ផ្ទាល់ខ្លួន​ក្នុង​ការសម្រេចចិត្ត​ និង​អាច​រៀបចំ​ពិភព​លោក​ជុំវិញ​ខ្លួន​ពួកគេ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖«កញ្ញា​ពៅ ​ស្រីណូ ​កញ្ញា​លេខ ការី ​និង​លោក​ហេន សុភាព ​ជា​យុវជន​មកពី​ខេត្តសៀមរាប ​រតនគិរី ​និង​ស្ទឹងត្រែង។ យុវជន​ទាំង៣​រូបនេះ ​បាន​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​សហគមន៍ ​ដែល​ធ្វើឱ្យ​សហគមន៍​របស់​ពួកគេ​ក្លាយជា​កន្លែង​ប្រសើរ»។

សេចក្តីប្រកាស​បន្តថា​៖«ក្នុង​រយៈពេល​១ឆ្នាំ ​ទូត​សុច្ឆន្ទៈ​យុទ្ធនាការ​ក្មេងស្រី​ ត្រូវមាន​ឱកាស​ស្មើគ្នា​ និង​ចូលរួម​នៅក្នុង​សកម្មភាព​នានា​ ទាំង​ផ្ទាល់ ​និង​អន​ឡាញ ​ដើម្បី​សិទ្ធិ​កុមារី ​និង​សមភាព​យេនឌ័រ។ ពួកគេ​ក្លាយជា​គំរូ ​និង​ភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​នាពេល​បច្ចុប្បន្ន ​និង​អនាគត»។

លោក ​យី ​គីមថាន ​នាយករង​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ​បាន​លើកឡើងថា ​ទូត​សុច្ឆន្ទៈ​យុទ្ធនាការ​ក្មេងស្រី​ត្រូវមាន​ឱកាស​ស្មើគ្នា ​ជា​យុវជន​សកម្ម​ នៅក្នុង​សហគមន៍​របស់​ពួកគេ ​និង​បាន​ឆ្លងកាត់​ដំណើរការ​ជ្រើសរើស​តាំងពី​ខែកក្កដា ​ក្នុង​ឆ្នាំនេះ។ អំឡុង​ពេល​នៃ​ការជ្រើសរើស ​ពួកគេ​៣នាក់​ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត ​និង​ភាពជា​អ្នក​ដឹកនាំ​ដ៏​ល្អ​របស់​ពួកគេ​ក្នុង​ការងារ​សហគម​ន៍​ ដែល​ពួកគេ​បានធ្វើ ​ដើម្បី​លើកកម្ពស់​សមភាព ​សម្រាប់​ក្មេងស្រី​ និង​ស្ត្រី។ លោក​រំពឹងថា ​ការជ្រើសរើស​យុវជន​ទាំង៣នេះ ​គឺ​ជាការចូល​រួមជាមួយ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ ដែល​កំពុង​ដើរ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅរក​សិទ្ធិ​ស្មើគ្នា​របស់​កុមារី ​និង​ស្ត្រី។

លោក​បញ្ជាក់ថា​៖«ការចូលរួម​របស់​យុវជន​ ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​យុទ្ធនាការ​ក្មេងស្រី​ត្រូវ​មាន​ឱកាស​ស្មើគ្នា ​នឹង​បន្ថែម​គុណ​តម្លៃ​នៃ​ការចូលរួម​របស់​យុវជន​នៅក្នុង​ការងារ​របស់​យើង ​ហើយ​នាំមក​នូវ​គំនិត ​និង​វិធីសាស្ត្រ​ថ្មីៗ ​ដើម្បី​ឈានទៅ​ដល់​គោលដៅ​របស់​យើង ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ក្មេងស្រី​ និង​ស្ត្រី​វ័យក្មេង​ ២,៥លាន​នាក់​នៅ​កម្ពុជា ​ដើម្បី​ឱ្យ​ពួកគេ​បំពេញ​សិទ្ធិ ​និង​សម្រេចបាន​សក្តានុពល​ពេញលេញ​របស់​ពួកគេ»។

លោក​បន្ថែមថា​៖«អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ​សូម​ស្វាគមន៍ ​និង​អបអរសាទរ​ចំពោះ​សកម្មភាព​ដ៏​ក្លាហាន​របស់​ពួកគេ​ ដែល​បាន​ចូលរួម​ជាមួយ​ពួកយើង​ដើម្បី​ធ្វើឱ្យ​ក្មេងស្រី​ទទួលបាន​សមភាព»។

នៅ​ប្រទេស​កម្ពុជា​យុទ្ធនាការ​ក្មេងស្រី​ត្រូវមាន​ឱកាស​ស្មើគ្នា ​បាន​ដំណើរការ​យ៉ាង​សកម្ម ​តាំងពី​ឆ្នាំ២០១៨ ​តាមរយៈ​សកម្មភាព​ជា​ច្រើន​ ដូចជា ​យុទ្ធនាការ ​FREE TOBE ONLINE ​ការប្រារព្ធ​ទិវា​ក្មេងស្រី​អន្តរជាតិ ​និង​គំនិត​ផ្តួចផ្តើម​ក្មេងស្រី​កាន់​តួនាទី​ជំនួស។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល។

សេចក្តីប្រកាស​បញ្ជាក់ថា​ ជាមួយនឹង​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​ថ្មី​ឆ្នាំ២០២១-២០២៦ ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​មាន​គោល​បំណង​ធ្វើការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​ការផ្តល់​សិទ្ធិអំណាច​ដល់​ក្មេងស្រី​ចំនួន​២,៥លាន​នាក់​ ជាពិសេស ​កុមារី​វ័យ​ជំទង់ ​និង​ស្ត្រី​វ័យក្មេង​នៅ​ប្រទេស​កម្ពុជា​ តាម​រយៈ​កម្មវិធី​សំខាន់ៗ​ចំនួន​៤ ដូចជា​កម្មវិធី​ការចាប់​ផ្តើម​ជាមួយ​សុខភាព​ល្អ​ កម្មវិធី​កិច្ចការពារ​ជំនាន់​ថ្មី​កម្មវិធី​ការរៀន​មួយជីវិត ​និង​កម្មវិធី​ភាព​ដឹកនាំ​របស់​ក្មេង​ស្រី។

កញ្ញា​ពៅ ​ស្រីណូ ​ទូត​សុច្ឆន្ទៈ​យុទ្ធនាការ​ក្មេងស្រី​ត្រូវមាន​ឱកាស​ស្មើគ្នា ​មកពី​ខេត្តសៀមរាប ​និយាយថា ​វា​ជា​មហិច្ឆតា​របស់​ខ្លួន​តាំងពី​តូច​មកម្ល៉េះ ​ជាពិសេស ​ខ្លួន​ចង់​បំបែក​របាំង​នៃ​វិសមភាព​យេនឌ័រ ​និង​ឧបសគ្គ​ដែល​រារាំង​ក្មេងស្រី​មិនឱ្យ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត។ កញ្ញា ​បាន​បន្តថា ​យុទ្ធនាការ​ក្មេងស្រីត្រូវ​មាន​ឱកាស​ស្មើគ្នា ​គឺជា​យុទ្ធនាការ​ជាសកល​មួយ​ដែល​ដឹកនាំ​ដោយ​យុវជន​ក្នុងការ​ស្វែងរក​ការផ្លាស់ប្ដូរ​សង្គម​ក្នុង​ការទាមទារ​សិទ្ធិ​ឣំណាច ​សេរីភាព​ និង​ភាពជា​តំណាង​សម្រាប់​ក្មេងស្រី ​និង​ស្ត្រី​វ័យ​ក្មេង។

ស្រីណូ​ប្តេជ្ញាចិត្ត​ថា​៖«ខ្ញុំ​ចង់​យក​ឈ្នះ​រនាំង​វិសមភាព​យេនឌ័រ ​និង​ផ្នត់គំនិត​នានា​ ដែល​រារាំង​ក្មេងស្រី​ក្នុង​ការធ្វើ​សេចក្ដី​សម្រេច​ចិត្ត។ យើង​នឹង​មិន​ឈប់​ទេ ​លុះណាតែ​ស្ត្រី ​និង​ក្មេងស្រី​ទទួលបាន​សិទ្ធិ​ពេញលេញ ​និង​ប្ដេជ្ញា​ផ្ដល់​ឱកាស​ដល់​ក្មេងស្រី​ក្នុង​ការធ្វើ​សេចក្ដី​សម្រេចចិត្ត​ និង​ផ្សព្វផ្សាយ​យុទ្ធនាការ​ក្មេងស្រី​ត្រូវ​[មាន​ឱកាស]​ស្មើគ្នា​ឱ្យ​បាន​ទូលំ​ទូលាយ​ផង​ដែរ»។

ចំណែក​កញ្ញា ​លេខ ​ការី ​ទូត​សុច្ឆន្ទៈ​របស់​យុទ្ធនាការ​ក្មេងស្រី​ត្រូវ​មាន​ឱកាស​ស្មើគ្នា ​មកពី​ខេត្តរតនគិរី​វិញ ​ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត ​និង​ការបំផុស​គំនិត​ព្រមទាំង​ផ្តល់​កម្លាំងចិត្ត​ដល់​ក្មេងស្រី​ឱ្យ​ហ៊ាន​បង្កើត​ក្តីស្រមៃ ​និង​ក្រោកឈរ ​ដើម្បី​សិទ្ធិ​ដែល​ពួកគេ​សម​នឹង​ទទួលបាន​ផង​ដែរ។

ការី​និយាយថា​៖«ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​យុទ្ធនាការ​ក្មេងស្រី​ត្រូវ​មាន​ឱកាស​ស្មើគ្នា​ ខ្ញុំ​ជឿថា ​ក្មេងស្រី​ត្រូវតែ​មាន​ឱកាស​ស្មើ​គ្នា។ ខ្ញុំ​ប្ដេជ្ញាចិត្ត​ថា​ នឹង​ខិតខំ​រៀនសូត្រ ​និង​ប្រើប្រាស់​នូវ​សមត្ថភាព ​និង​សំឡេង​របស់​ខ្ញុំ​ ដើម្បី​លើក​ទឹកចិត្ត ​និង​ គោរព​សិទ្ធិ​ដល់​ស្ដ្រី​ និង​ក្មេងស្រី ​ដើម្បី​ឱ្យ​ក្ដីស្រមៃ​ជា​អ្នកដឹកនាំ​របស់​ពួកគេ​ក្លាយជា​ពិត។ ខ្ញុំ​មិន​ទទួលយក ​និង​ប្រឆាំង​យ៉ាង​ដាច់ខាត​ រាល់​អំពើហិង្សា​គ្រប់​ទម្រង់​ទៅលើ​ស្ត្រី​ និង​ក្មេង​ស្រី»៕