ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ទោះបី​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នឹងត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ​ក៏ដោយ ក៏​កម្ពុជា​នឹង​បន្ត​រួមចំណែក​ជាមួយ​អាស៊ាន​តទៅទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​មិនទាន់បាន​ដោះស្រាយ​និង​ជំរុញ​ការអនុវត្ត​សេចក្តីសម្រេច​នានា​ដែល​កម្ពុជា និង​អាស៊ាន​បានធ្វើ​ជាមួយគ្នា​។​

​លោក ហ៊ុន សែន ថ្លែងថា​៖ «​ពិតមែនតែ​កម្ពុជា​ត្រូវ​ចប់​អាណត្តិ​នៅត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ​នេះ​ក៏ដោយចុះ​តែ​កម្ពុជា​នៅតែ​ជា​សមាជិក​អាស៊ាន​ហើយ​កម្ពុជា​នឹង​បន្ត រួមចំណែក​ជាមួយនឹង​អាស៊ាន​តទៅទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​មិនទាន់បាន​ដោះស្រាយ ហើយ​និង​ជំរុញ​ការអនុវត្ត​លើ​សេចក្តី​​សម្រេច​នានា​ដែល​យើង​បានធ្វើ​ជាមួយគ្នា​ទាំង​ក្របខ័ណ្ឌ​ផ្ទៃក្នុង​អាស៊ាន​ខ្លួនឯង​និង​ជាមួយ​ដៃគូ​»​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ លេខ ១៤៦B ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ​ ១៤៨ ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​ ២២ ខែធ្នូ លោក​ថ្លែងថា លោក​ពិតជា​មានការ​​សប្បាយរីករាយ​ដោយសារ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំនេះ​ភាគច្រើន​លើស​លប់ ផ្តល់នូវ​ជំនឿ​ទុកចិត្ត​ចំពោះ​កម្ពុជា ដោយ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​បានផ្តល់​ឱ្យ​កម្ពុជា​នូវ​ការលើកទឹកចិត្ត​សម្រាប់​ការខិតខំ ផ្នែក​ការទូត ឯករាជ្យ​ដោយ​ផ្អែកលើ​ច្បាប់​។​

​លោក​រំឭកថា ក្នុងពេលដែល​លោក​ធ្វើដំណើរ​ទៅកាន់​អឺរ៉ុប​ដើម្បី​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហភាព​អឺ​រុ​ប​ដែល​ទើបនឹង​បញ្ចប់​ទៅក្នុង​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​ប្រទេស​បែ​លហ្ស៊ិ​ក លោក​ក៏មាន​ឱកាស​ដើម្បី​ធ្វើការ​ជាមួយ​ដៃគូ​អឺរ៉ុប​។ លោក​បានប្រកាស​អរគុណ​ដល់​ដៃគូ​អឺរ៉ុប​ទាំងអស់ ដែលមាន​សហភាព​អឺរ៉ុប ក៏ដូចជា​ដៃគូ​តាម​ប្រទេស​នីមួយៗ​ដែល​បាន​ចូលរួមចំណែក​នៅក្នុង​កា​រ​ធ្វើឱ្យ​សម្រេច​ជោគ​​ជ័យ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​។​

​លោក​បន្ថែមថា​៖ «​យើង​បាន​ក្លាយទៅជា​ដៃគូ​ល្អ ហើយ​កំពុង​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន និង​អឺរ៉ុប​។ ខ្ញុំ​ក៏បាន​ធ្វើការ​ជាមួយនឹង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មួយចំនួន​នៅ​ទីនោះ​ផងដែរ ជា​ជំនួប​ដោយផ្ទាល់​ហើយ​និយាយ​គ្នា​ដោយផ្ទាល់​ជាមួយនឹង​អ្វីដែល​គួរ​ធ្វើ​ជាមួយគ្នា​»​។​

​ស្រប​ពេលដែល​នៅសល់​ពេល​ប្រ​មាណ​ ១​ សប្តាហ៍​ទៀត ដែល​កម្ពុជា​នឹងត្រូវ​បញ្ចប់​ភាពជា​ប្រធាន​អាស៊ាន​នេះ លោក ហ៊ុន សែន បានលើកឡើង​ពី​សមិទ្ធផល​ដែល​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​សម្រេចបាន​។ ក្នុងនោះ​លោក​លើកឡើងថា កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុងឆ្នាំនេះ​គឺមាន​ការងារ​ច្រើនណាស់ ក៏ប៉ុន្តែ​កម្ពុជា​ក៏​ទទួលបាន​នូវ​កិត្តិយស​សម្រាប់​កិច្ចការ «​ដ៏​សំខាន់​» មួយ​នេះ បន្ទាប់ពី​រាជរដ្ឋាភិបាល គ្រប់គ្រង​បាន​ជំងឺ​កូ​វីដ​ ១៩ និង​បាន​បើក​ប្រទេស​ឡើងវិញ​ប្រជុំ​ដោយផ្ទាល់​ជា​លើកដំបូង​បន្ទាប់ពី​ការខកខាន​រយៈពេល​ ២​ ឆ្នាំ​។​

​លោក​លើកឡើងថា​៖ «​ជាមួយនឹង​ការទទួលខុសត្រូវ​រប​ស់​យើង​ទៅលើ​បញ្ហា​សុវត្ថិភាព​ទាំង​សន្ដិសុខ ក៏​ដូច​ទាំង​បញ្ហា​សុខុមាលភាព​ទាក់ទិន​ជាមួយ​ជំងឺឆ្លង ដៃគូ​ក្នុង​អាស៊ាន​របស់​យើង និង​ដៃគូ​ខាងក្រៅ​បាន​អញ្ជើញ​មក​ទីក្រុង​ភ្នំពេញ ទាំង​ថ្នាក់​រដ្ឋាភិបាល ទាំង​សភា ទាំង​ប្រមុខ​កងទ័ព និង​ស្ថាប័ន​ផ្សេងៗ ដែល​ពាក់ព័ន្ធ​មក​ប្រជុំ​យ៉ាងច្រើន​នៅ​ប្រទេស​កម្ពុជា ដែលមាន​ទាំង​ប្រជុំ​នៅ​ភ្នំពេញ ប្រជុំ​នៅ​សៀមរាប សេដ្ឋកិច្ច និង​ការពារជាតិ​ប្រជុំ​នៅ​សៀមរាប ភ្នំពេញ​ប្រជុំ​ផ្នែក​នយោបាយ​រដ្ឋមន្ត្រី​ការ​បរទេស​ប្រជុំ​កំពូល និង​ប្រជុំ​ពាក់ព័ន្ធ​ដូចជា​សង្គម​​វប្បធម៌​ជាដើម​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បានលើកឡើង​ពីអ្វី​ដែល​សំខាន់​ជាងនេះទៅទៀត​គឺ​កម្ពុជា​បាន​ដើរតួនាទី​ទទួលខុសត្រូវ​ក្នុងការ​សម្របសម្រួល​ឱ្យចេញ​រួច​នូវ​ឯកសារ​ចំនួន​ ១០១ ​ឯកសារ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ហើយ​បើ​បូក​ទាំង​ឯក​សារ​ដែល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានចេញ​ចំនួន​ប្រមាណ​ ៣០ ​ឯកសារ​ទៀត គឺ​ឯកសារ​ដែល​សម្រេចបាន​មាន​រហូត​ទៅ​ប្រមាណ​ ១៣០​ ឯកសារ ដែល​នេះ​មិនជា​រឿង​តូចតាច​នោះទេ​។​

​លោក​បានបង្ហាញ​ពី​មោទនភាព​របស់​កម្ពុជា​នៅត្រង់ថា ឆ្នាំ​ ២០១២ ខ្លួន​លោក​ផ្ទាល់​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​នៅពេលនោះ​បានប្រកាស​ចាប់​ផ្តើម​ការចរចា​កិច្ចព្រមព្រៀង​ភាព​​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​ត្រូវបាន​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​ ១០ ​ឆ្នាំក្រោយ ក៏​នៅ​ទីក្រុង​ភ្នំពេញ​ទៀត​។

​លោក ហ៊ុន សែន បន្ថែមថា​៖ «​យើង​បានធ្វើ​កិច្ចការងារ​ដែល​ទាក់ទង​នឹង​ការ​​សម្រុះសម្រួល​រាប់ទាំង​ការបញ្ចូល​ទី​ម័​រ​ឡេ​ស្ត​ឱ្យទៅជា​សមាជិក​ទី​ ១១ បើ​ទោះ​បី​ជា​មិនទាន់​ពេញសិទ្ធិ ក៏ប៉ុន្តែ​វា​ហាក់​ដូចជា​បាន​ពេញសិទ្ធិ​នៅក្នុង​ការចូលរួម​ប្រជុំ​នានា ដែល​នៅក្នុង​សេចក្ដីសម្រេច​របស់​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បានទទួល​ស្គាល់​ទី​ម័​រ​ឡេ​ស្ត​ជា​សមាជិក​ទី ​១១​ របស់​អាស៊ាន​»​។​

​លោក ហ៊ុន សែន អរគុណ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​មន្ត្រី​របស់​កម្ពុជា​ដែល​ធ្វើការ​គ្រប់ផ្នែក​ទាំងអស់ ទាំង​ផ្នែក​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​​សង្គម និង​អរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ សៀមរាប​និង​កន្លែង​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ដំណើរការ​នៃ​កិច្ចប្រជុំ​អាស៊ាន​។ លោក​អរគុណ និង​កោតសរសើរ​ចំពោះ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ដែល​បាន​ដឹកនាំ «​យ៉ាង​ល្អ​» នូវ​ក្រុមការងារ «​ដ៏​មាន​សមត្ថភាព​របស់​យើង​» ​សម្រេចបាន​នូវ​ការព្រមព្រៀង​ទាំងឡាយ​។

​លោក​បន្តថា ក្នុង​ភាពជា​ប្រធាន​​អាស៊ាន​នៅ​ឆ្នាំនេះ កម្ពុជា​បាន​ធ្វើជា​សហប្រធាន នៃ​ជំនួប​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក​នៅលើ​ទឹក​ដី​សហរដ្ឋ​អាមេរិក និង​បានធ្វើ​សហប្រធាន​ក្នុងនាម​រវាង​អាស៊ាន​ជាមួយ​សហភាព​​អឺរ៉ុប ដោយ​លោក​បន្ថែមថា​៖ «​ដែល​ទាំងអស់នេះ​ក្រៅពី​ការ​អរគុណ​ចំពោះ​ប្រជាជន​កម្ពុជា​ខ្លួនឯង កម្លាំង​មាន​សមត្ថកិច្ច​របស់​ក​ម្ពុ​ជា​ខ្លួនឯង ខ្ញុំ​សូម​អរគុណ​ចំពោះ​ដៃគូ​ក្នុង​អាស៊ាន​របស់​យើង និង​ដៃគូ​ទាំងអស់​ដែល​បាន​គាំទ្រ​កម្ពុជា ក្នុង​ភាពជា​ប្រធាន​របស់​អាស៊ាន និង​ផ្ដល់​ការយោគយល់​បត់បែន​ដើម្បី​សម្រួល​ឱ្យ​កិច្ចដំណើរការ​នៃ​ការប្រជុំ​​អាស៊ាន​នេះ​ទទួលបាន​ជោគជ័យ​»​។

​ក្រៅពីនេះ លោក​ក៏បាន​រំឭក​ផងដែរ​ថា​ឆ្នាំមុន កម្ពុជា​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប គឺ​កម្ពុជា​គ្រោង​ទទួលភ្ញៀវ​រហូត​ទៅដល់​ ៥២ ​ប្រទេស​ដែល​មក​ចូលប្រជុំ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​នៅពេលដែល​ជំងឺ​កូ​វីដ​ ១៩ ផ្ទុះឡើង ទាំង​នៅ​កម្ពុជា ទាំង​នៅ​ប្រទេស​ដទៃ កម្ពុជា​ប្រជុំ​តាម​អន​ឡាញ​វិញ ដោយ​លោក​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​។​

​នៅ​ថ្ងៃទី​ ២២ ខែធ្នូ លោក ប្រាក់ សុខុន ដែលជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា បានចេញ​ដំណើរ​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោ​ប​ល់​ក្រៅផ្លូវការ ដើម្បី​ធ្វើការ​ពិភាក្សា​លើ​មធ្យោបាយ​ដើម្បី​ព​ន្លឿ​ន​វឌ្ឍនភាព​ក្នុងការ​អនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥​ ចំណុច​ស្តីពី​មី​យ៉ាន់​ម៉ា​។​

​លោក​ថុង ម៉េង​ដា​វិត អ្នកសិក្សា​​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យា​​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI) ថ្លែងថា កម្ពុជា​ទទួលបាន​ការ​ទុកចិត្ត​ពីរ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​ក្នុងការ​បញ្ជូន​ប្រេសិត​ពិសេស​អាស៊ាន​ចំនួន ២​ ដង ដើម្បី​ធ្វើដំណើរ​ទស្សនកិច្ច​ផ្ទាល់​ដើម្បី​សិក្សា​និង​ជួបពិភាក្សា ការងារ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ក្នុងការ​អនុវត្ត ចំណុច​ឯកច្ឆន្ទ​ ៥ ​ចំណុច​របស់​អាស៊ាន​។

​លោក​បន្តថា ក្រៅពី​កិច្ចខិតខំ​ប្រឹង​ប្រែង​កសាង​ទំនុកចិត្ត និង​ការ​កៀរគរ​ជំនួយ​មនុស្សធម៌​ក្នុង​ការជួយ​មី​យ៉ាន់​​ម៉ា​ក៏ដោយ ក៏​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​ប្រទេសមួយ​នេះ​មាន​ភាពរ​អាក់​​រ​អួល​ច្រើន​។ ប្រេសិត​ពិសេស​កម្ពុជា​ក៏បាន​ធ្វើដំណើរ​ទៅ​ជួបពិភាក្សា​ក្រៅ​ផ្លូវការ​នៅ​បាងកក ដើម្បី​ជួបពិភាក្សា​ការងារ និង​បន្ត​ជំរុញ​ការពិនិត្យ​ឡើងវិញ​ទៅលើ​សកម្មភាព​ការងារ​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​កន្លងមក និង​ដាក់ចេញ​នូវ​ផែនការ​បន្តទៀត​នៅពេល​ឥណ្ឌូនេស៊ី​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​៕