​ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​​ ២២ ខែធ្នូ​ បានចេញ​សេចក្តីប្រកាស​ពី​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដោយ​បង្ហាញថា អត្រា​អ្នក​ជាប់​សរុប​ទូទាំងប្រទេស មាន​ជាង​ ៧០​ ភាគរយ ក្នុងនោះ​អ្នក​ដែល​ជាប់​និទ្ទេស A មាន​រហូតដល់​ជាង​ ១ ​ពាន់​នាក់​។​

​លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រាប់​ឱ្យដឹងថា សម្រាប់​លទ្ធផល​នៃ​ការប្រឡង​សញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប គឺមាន​សិស្ស​ដែល​ប្រឡង​ជាប់​សរុប​ចំនួន ៩០៩៥០ នាក់ ស្មើនឹង ៧២,៣៣ ភាគរយ​នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​ទាំងអស់​។​

​លោក​បាន​បន្តថា​៖ «​សម្រាប់​និទ្ទេស A មាន​ចំនួន ១ ០៤៩ ​នាក់​, និទ្ទេស B ចំនួន ៧ ២៣២​ នាក់​, និទ្ទេស C ចំនួន​ ១៩ ០៥៣ នាក់​,​និទ្ទេស D ចំនួន ៣១១៦៦​ នាក់ និង​និទ្ទេស E មាន​ចំនួន​ ៣២ ៤៥០ ​នាក់​»​។​

​ជាមួយគ្នានេះ លោកនាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្ញើ​សារ​ចូល​អបអរសាទរ​ជាមួយ​ឪពុក​ម្តាយ អាណាព្យាបាល និង​បេក្ខជន​ទាំងអស់​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​ទូទាំងប្រទេស​។

​លោក​បាន​មានប្រសាសន៍ថា ៖ «​ខ្ញុំ​ក៏​សូម​អរគុណ​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បង្រៀន​សិស្ស​ឱ្យទទួល​បាន​នូវ​លទ្ធផល​ល្អ និង​សូម​អរគុណ​ដល់​គណៈកម្មកា​រ​រៀប​ចំការ​ប្រឡង សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទូទាំងប្រទេស​ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​រៀបចំ​ការប្រឡង​ប្រកប​ដោយ​ជោគជ័យ​»​។​

​ទាក់ទង​នឹង​ការប្រឡង​បាក់​ឌុប​នេះដែរ លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ថ្លែង​តាមរយៈ​បទសម្ភាសន៍​មួយ​ថា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​ ២០២២​ នេះ​មាន​ដំណើរការ​ដោយ​រលូន​គ្រប់​ដំណាក់កាល​ទាំងអស់​ដែល​គួរឱ្យ​កោតសរសើរ​។​

​លោក​បាន​បញ្ជាក់ថា ៖ «​ខ្ញុំ​សូម​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​គ្រប់​ក្រសួង ស្ថាប័ន និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ដែល​ធ្វើឱ្យ​ដំណើរការ​នៃ​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ ទទួលបាន​លទ្ធផល​ល្អ​»​។​

​លោក រ៉ុង ឈុន ទីប្រឹក្សា​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​​រាជ្យ បាន​ថ្លែងថា បើ​ពិនិត្យ​ទៅលើ​បេក្ខជន​ដែល​ចូលមក​ប្រឡង​ឆ្នាំនេះ ហើយ​ធៀប​ទៅ​ឆ្នាំកន្លងមក គឺ​ភាគរយ​នៃ​ការប្រឡង​ជាប់​មាន​ភាពមិន​កើន ហើយក៏​មិន​ថយ​ដែរ ពីព្រោះ​ឆ្នាំនេះ ចំនួន​បេក្ខជន​ដែល​ចូលរួម​ប្រឡង ក៏មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំមុន​ផងដែរ​។

​លោក រ៉ុង ឈុន បន្ថែមថា​៖ «​យើង​គិតថា វា​មិនមែន​មានន័យថា ការប្រឡង ឬមួយ​គុណភាព​រយៈពេល​ ២ ​ថ្ងៃ យើង​វាយតម្លៃថា គុណភាព​អត់​ល្អ​នោះទេ ហើយ​បើ​វាយតម្លៃ​ទៅ​ហ្នឹង​លទ្ធផល​ឆ្នាំនេះ​ប្រសើរ​ជាង​ឆ្នាំកន្លងមក ដោយ​ត្រូវ​ពិនិត្យ​លើ​វិញ្ញាសា​ធៀប​នឹង​ឆ្នាំ​កន្លង​មក អាច​ថា វិញ្ញាសា​ឆ្នាំនេះ មាន​លក្ខណៈ​ធូរ​ជាង​ឆ្នាំ​កន្លង​មក អាហ្នឹង​វា​ធ្វើឱ្យមាន​កំណើន​ជាប់​ច្រើន​»​។

​លោក​បន្តថា ដូច្នេះ​ត្រូវការ​វាយតម្លៃ និង​ពិនិត្យមើល​ទៅលើ​វិញ្ញាសា​បន្ថែម​ទៀត ដើម្បី​អាចធ្វើ​ការវាយតម្លៃ​ធៀប​ទៅនឹង​ឆ្នាំកន្លងមក​បាន​។​ទោះបីជា​យ៉ាងណា អតីត​​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រូបនេះ​បាន​បន្ថែមថា រយៈពេល​នៃ​ការប្រឡង​ ២ ​ថ្ងៃ គឺ​វា​មិនអាច​ធ្វើឱ្យ​គុណភាព​នៃ​ការអប់រំ​ល្អប្រសើរ​ទាំងអស់​នោះទេ គ្រាន់តែ​ការប្រឡង​ឆ្នាំនេះ បានរៀបចំ​ប្រព្រឹត្តទៅ​មាន​លក្ខណៈ​ដំណើរ​ការល្អ មិនមាន​ការលួចចម្លង និង​ការ​បែក​វិញ្ញាសា​ជាដើម​។​

​ការប្រឡង​មធ្យមសិក្សា​ទុ​តិ​យ​ភូមិ​ឆ្នាំ​ ២០២២ នេះ​មាន​បេក្ខជន​សរុប​ចំនួន ១២៨ ១៣៤​នាក់​ក្នុងនោះ​មាន​បេ​ក្ខ​ជន​ជា​នារី​ចំនួន ៦៨ ៧៧១ នាក់ មាន​មណ្ឌល​ប្រឡង​សរុប​ទាំងអស់ ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់​ដែល​ការ​ប្រឡង​បាន​ប្រព្រឹត្តទៅ​កាល​ពីថ្ងៃ​ទី​៥ និង​ទី​៦ ខែធ្នូ​។

​សូម​រំឭក​ផងដែរ​ថា នៅក្នុង​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០២១ កន្លងមក មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៧២ ០១៦​នាក់ ស្មើនឹង​ ៦៥,៦៥​ ភាគរយ សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន​ ១ ៧៥៣​ នាក់ និទ្ទេស B មាន​ចំនួន ៥ ២១៥ នាក់​, និទ្ទេស C មាន​ចំនួន ១១ ៦៣៤ នាក់​, និទ្ទេស D មាន​ចំនួន ២៣ ៤៩៩ នាក់​, និង​និទ្ទេស E មាន​ចំនួន ២៩ ៩១៥ នាក់​៕