លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ធ្ងន់ៗ​ទៅកាន់​បុគ្គល​ណា​ដែល​ចោទ​គណបក្ស​ប្រជាជន​ថា​លួច​សន្លឹកឆ្នោត ដោយ​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់ ខណៈ​លោក​ថា​ការធ្វើ​បែបនេះ ដើម្បី​លុបបំបាត់​ចោល​នូវ​វប្បធម៌​លួច​សន្លឹកឆ្នោត ដែល​តែងតែ​ចោទ​មក​លើ​គណបក្ស​រប​ស់លោក​ជារឿយៗ​ក្រោយ​ការបោះឆ្នោត។​

​ការព្រមាន​ធ្វើឡើង​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​នាពេល​កន្លងមក​ក្នុងនោះ​រួមមាន ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ តែងតែ​លើក​ឡើង​ក្រោយ​បោះឆ្នោត​ថា មានការ​ទិញ និង​លួច​បន្លំ​សន្លឹកឆ្នោត។

​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​នៅ​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី ២២ ខែធ្នូ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ជារឿយៗ​នៅ​រាល់ពេល​ក្រោយ​បោះឆ្នោត​ម្តងៗ គណបក្ស​ប្រជាជន​តែងតែ​ទទួលរង​ការ​ចោទថា​លួច​សន្លឹកឆ្នោត ធ្វើឱ្យ​គណបក្ស​របស់​លោក​ជាប់​ឈ្មោះ​ជាចោរ​រហូត។​

​លោក​បញ្ជាក់ថា ដើម្បី​លុបបំបាត់​វប្បធម៌​នេះ​ក្រោយ​ការបោះឆ្នោត គឺ​ត្រូវតែ​ប្តឹង​បក​ទៅវិញ​ចំពោះ​បុគ្គលណា​ដែល​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ថា ៖ «​បើ​មិន​អីចឹង​យើង​ជាប់​ឈ្មោះ​ជា​ចោរ​រហូត ចឹង​ចោទ​គេ​ខុស ត្រូវតែ​សង​ជំងឺចិត្ត បំបាត់​វប្បធម៌​ឱ្យតែ​ក្រោយ​បោះឆ្នោត​ឯង​ក្លាយទៅជា​ចោរ​រហូត ឥឡូវនេះ អ្នក​ដែល​ចោទ​គេថា​ជា​ចោរ ត្រូវតែ​សងជំងឺចិត្ត​អ្នក​ដែល​ត្រូវរង​ចោទ»។​

​លោក​បាន​បន្ថែមថា តួយ៉ាង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី ៥ កាល​ពី​ថ្ងៃទី ៥ ខែ​មិថុនា ឆ្នាំ ២០២២ ដែល​ទើប​បញ្ចប់​ទៅនេះ គឺមាន​ការ​បោះឆ្នោត​តាំង​ពីម៉ោង ៧ ព្រឹក និង​បិទ​បញ្ចប់​នៅវេលា​ម៉ោង ៣ ល្ងាច ដើម្បី​រាប់​សន្លឹកឆ្នោត។

​លោក​បន្តថា ក្នុង​កិច្ចការងារ​នេះ​គ្រប់ភាគី​បាន​រាប់​សន្លឹកឆ្នោត​ជាមួយគ្នា ប៉ុន្តែ​បែរជា​មាន​បុគ្គល​ខ្លះ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​លួច​សន្លឹកឆ្នោត​ទៅវិញ។​

​លោក ហ៊ុន សែន បាន​បន្ថែមថា ៖ «​បោះឆ្នោត​គឺ​បោះ​ពី​ព្រឹក​ម៉ោង ៧ ព្រឹក នាំគ្នា​ចូល​បោះ ម៉ោង ៣ ល្ងាច​បិទ ហើយ​រាប់​សន្លឹកឆ្នោត​ជាមួយគ្នា ហើយ​វាថា​ឯង​ចោរលួច​សន្លឹកឆ្នោត អីចឹង​ឱ្យតែ​អ្នកណា​និយាយ​ចោរ គឺថា​ប្តឹង​អ្នកនោះ អត់​មាន​ទុក​ទេពី​ថ្ងៃនេះ​តទៅ បើ​មិន​អីចឹង​យើង​ជាប់​ឈ្មោះ​ជា​ចោរ​រហូត​ទៅ អីចឹង​ហែង​ជា​ចោរ ចោទ​គេ​ខុស ត្រូវតែ​សងជំ​ងឺចិត្ត បើ​មិន​អីចឹង​ទេ​គណបក្ស​ប្រជាជន​ជាចោរ​មួយជីវិត​ហើយ អីចឹង​ត្រូវ​បំបាត់​វប្បធម៌​មួយនេះ​ចោល»។​

​ក្នុងន័យនេះ បើទោះបីជា​លោក​មិន​និយាយឱ្យចំ​ឈ្មោះ​បុគ្គល​ដែល​ចោទ​នោះ ប៉ុន្តែ​សំដៅ​ទៅលើ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែល​បានផ្តល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​មួយ ដោយ​ចោទថា​ការបោះឆ្នោត​កន្លង​ទៅ​មានការ​ទិញ និង​លួចបន្លំ​សន្លឹកឆ្នោត។

​ក្នុង​សំណុំ​រឿងនេះ​លោក គី តិច មេធាវី​ការពារ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្តឹង​លោក សុន ឆ័យ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ។​

​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ ទាំងពីរ​របស់​លោក សុន ឆ័យ ដែល​ត្រូវបាន​ប្តឹង​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណបក្ស​ប្រជាជន​កម្ពុជា។

​សំណុំរឿង​ប្តឹង​ដោយ គ​.​ជ​.​ប ចៅក្រម​បាន ផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យ​ជា​ប្រាក់​ចំនួន ៩ លានរៀល។ ចំណែក​ក្នុង​សំណុំរឿង​ប្តឹង​ដោយ គណបក្ស​ប្រជាជន​កម្ពុជា ចៅក្រម​បាន​សម្រេច​ផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យ​ជា​ប្រាក់​ចំនួន ៨ លានរៀល ព្រមទាំង​បង្គាប់​ឱ្យ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន ៣០០០ លានរៀល​ផងដែរ​។ ក្រោយមក​លោក សុន ឆ័យ បន្ត​ប្តឹងទៅ​សាលា​ឧទ្ធរណ៍ ហើយ​តុលាការ​ថ្នាក់ទី ២ នេះ បាន​សម្រេច​ឱ្យ លោក សុន ឆ័យ បន្ត​ចាញ់ក្តី​ដដែល។

​ជាមួយគ្នានេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ចំពោះ​ការប្តឹង​លើ​ជនណា​ដែល​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ចោរលួច​សន្លឹកឆ្នោត​នេះ។​

​លោក​អះអាងថា បើជា​ក្នុងករណី​ដែល​យល់ថា មិនមាន​ប្រក្រតីភាព​ក្នុង​ដំណើរការ​បោះឆ្នោត គ​.​ជ​.​ប​. បើក​សិទ្ធិ​ឱ្យ​រាល់​គណបក្ស​នយោបាយ និង​សកម្មជន​នយោបាយ​ដាក់ពាក្យ​បណ្តឹង​បាន​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ជាជាង​ប្រកាស​ទទួល​លទ្ធផល​បោះឆ្នោត​រួចហើយ បែរជា​ចោទប្រកាន់​តាម​ក្រោយ​ថា គណបក្ស​កាន់អំណាច​លួច​សន្លឹកឆ្នោត​ទៅវិញ ដែល​មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ឡើយ។

​លោក​សុខ ឥសាន សង្កត់ធ្ងន់ថា​៖ «​នេះ​មិនមែនជា​សិទ្ធិ​បញ្ចេញមតិ​ទេ នេះ​ជាការ​បំពាន ហើយ​និង​មួលបង្កាច់ ធ្វើឱ្យ​ខូច​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលរង​ការប្រមាថ»។​

​លោក​សុខ ឥសាន អំពាវនាវ​ឱ្យ​អ្នក​រិះគន់​ទាំងឡាយ ទៅ​ត្រួត​ពិនិត្យមើល​រដ្ឋធម្មនុញ្ញ​ឡើងវិញ មុននឹង​បញ្ចេញមតិ ដែល​ចៀស​ការប្រើ​សិទ្ធិ​និយាយស្តី​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ជាតិ នោះ​មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ដែល​ធានា​តាមរយៈ​ផ្លូវច្បាប់​នោះទេ។​

​ដោយឡែក លោក​ថាច់ សេដ្ឋា ប្រធានស្ដីទី​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន បញ្ជាក់​ដែរថា ការពិត​លើ​ការ​លើកឡើង​ថា​ជា​ចោរ ឬ​មិនមែន​ជា​ចោរ​នោះ វា​អាស្រ័យ​ទៅលើ​តម្លាភាព​នោះទេ មិន​អាស្រ័យ​លើការ​លើកឡើង ឬ​មាត់​នរណាម្នាក់​ឡើយ​។ លោក​ថា ជាធម្មតា ក្នុងសង្គម​ប្រជាធិបតេយ្យ ពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ​លើកឡើង ឬ​បញ្ចេញមតិ នៅ​ពេល​មិន​សប្បាយចិត្ត ឬ​មិន​ពេញចិត្ត​ដែល​សង្គម​ប្រជាធិបតេយ្យ​តោង​មានមតិ​យោបល់​ខុសៗ​គ្នា​ជាធម្មតា មិន​ចម្លែក​ឡើយ។​

​ចំពោះ​ករណី​លោក សុន ឆ័យ លោក ថាច់ សេដ្ឋា យល់ឃើញថា ៖ «​បើសិនជា​បញ្ហា​លោក​សុន ឆ័យ ជាការ​បំបាត់​វប្បធម៌​លាប​ពណ៌​នយោបាយ​ក្រោយ​បោះឆ្នោត មិនចាំបាច់​ទៅ​ដល់​ការ​ប្តឹងផ្តល់​រហូត​សុំ​សំណង​ដល់ ១ លានដុល្លារ​នេះ​ទេ ហើយ​នេះ​មិនមែន​ជាការ​លាប​ពណ៌​ទេ ក្នុងនាម​ជា​អ្នកនយោបាយ​តែង​បញ្ចេញ​វោហារសាស្ត្រ​ទៅលើ​ភាព​មិនប្រក្រតី​មួយចំនួន​ដែល​ខ្លួន​មិន​ពេញចិត្ត​ហើយ»។​

​សម្រាប់​លោក​យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា យល់ថា ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ចំពោះ​ការប្តឹង​លើ​អ្នក​ចោទ​ប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​លួចបន្លំ​សន្លឹកឆ្នោត ជា​អាកប្បកិរិយា​ការពារ​ជ័យជម្នះ​របស់​បក្ស ក្នុងនាម​ជាអ្នក​ឈ្នះឆ្នោត។

​លោក​យង់ ពៅ គូសបញ្ជាក់​ពី​មេរៀន​ពី​សំណុំរឿង​លោក​សុន ឆ័យ ដូច្នេះ​ថា​៖ «​នេះ​ជា​មេរៀន​មួយ​សម្រាប់​អ្នកនយោបាយ​ផ្សេងទៀត សកម្មជន​ផ្សេង​ទៀត មុននឹង​រិះគន់​ត្រូវ​គិតពី​ចន្លោះ​ប្រហោង​នៃ​ច្បាប់​ការពារ​ខ្លួន សិទ្ធិ​បញ្ចេញមតិ ដែល​វា​ស្ថិតនៅ​ក្នុង​ដែន​ច្បាប់ បើ​យើង​ខ្សោយ​ហើយ ហើយ​បើ​យើង​រិះគន់​ចំ​ចំណុចខ្សោយ​ដែល​ច្បាប់​ចាប់បាន អាហ្នឹង​វាមាន​បញ្ហា​ហើយ»។​

​លោក​បន្តថា ការប្រើ​យន្តការ​ផ្លូវច្បាប់​ក្នុង​លាន​នយោបាយ​ជា​រឿង​ល្អ ជាជាង​ការប្រើ​ឥរិយាបថ​នយោបាយ​បែប​ហិង្សា ក្នុងន័យ​ថា ការ​កៀរគរ​ចលនា​បាតុកម្ម ការបង្កើត​បដិវត្តន៍​ពណ៌ ដែល​នាំឱ្យ​សង្គម​ចលាចល​។ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ សង្កត់ធ្ងន់​ថា នៅ​កម្ពុជា តោង​ប្រើ​វប្បធម៌​សារ​នយោបាយ​បែប​រាជសីហ៍​គ្រហឹម ឬ​និយាយ​ម្យ៉ាង​ទៀតថា បែប​ទូងស្គរ ទើប​មាន​ប្រសិទ្ធភាព បើ​ប្រើ​ភាសា​នយោបាយ​សាមញ្ញ ហាក់​មិនសូវ​ស្តាប់ឮ ប្រតិកម្ម​យឺត មិន​ងាយ​ជ្រួតជ្រាប។​

​សាស្ដ្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា ថា ដើម្បី​កាត់បន្ថយ​ឬ​លុបបំបាត់​កុំឱ្យ​មានការ​ទាត់ចោល​នូវ​លទ្ធផល​បោះឆ្នោត​ថា មានការ​លួចបន្លំ​លុះត្រាតែ គជប ត្រូវមាន​ទម្រង់ ឬ លក្ខណសម្បត្តិ​ដែល​ពេញលេញ​គ្រប់គ្រាន់​តាមរយៈ​នៃការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌​ដែល​ធានា​ដល់​គណបក្ស​ទាំងអស់​អាច​ទទួលយក​បាន។​

​បើតាម​ការលើកឡើងរ​បស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ចំពោះ​សំណង​ដែល​ឈ្នះក្តី​កន្លងមក លោក​បាន​យកទៅជួយ​ប្រជាជន​ក្រីក្រ តាមរយៈ​គណៈមេធាវី​កម្ពុជា។

​លោក​ថា ៖ «​គណបក្ស​ប្រជាជន​បាន​សំណង​នេះ​យើង​ទៅធ្វើ​ការជួយ​ប្រជាជន​។ ថវិកា​ដែល​ទទួលបាន​ពី​ការ​សង​ជំងឺចិត្ត​ខ្ញុំ​ដាក់​ទៅ​គណៈមេធាវី ដើម្បី​ជួយ​ជនក្រីក្រ កុំឱ្យ​ហែង​ព្រហើន​ពេក អីចឹង​លុបបំបាត់​ចោល​នូវ​វប្បធម៌​លាប​ព័ណ៌​ក្រោយ​ការបោះ​ឆ្នោ​យ​ថា​ឯងជា​ចោរ បើ​មិន​ធ្វើបែបនេះ​ទេ មិន​រាងចាល​។ បើ​ចង់​ស្រែ​កអី ទៅ​ស្រែក​នៅក្រៅ​ស្រុក​ទៅ អញ​ធ្វើអី​ហែង​មិនកើត តែបើ​នៅ​ក្នុង​ស្រុកអញ​ធ្វើហើយ»។​

​សូម​រំឭក នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អួង វុទ្ធា បាន​ចេញ​ដីកា​សម្រេច ៣ ចំណុច លើ​សំណុំរឿង​បទ​ចោទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​ស្នើឱ្យ​មាន​ការ​រឹបអូស​ជា​បណ្តោះអាសន្ន​នូវ​ទ្រព្យសម្បត្តិ​លើ អចលវត្ថុ​ចំនួន ២ កន្លែង​របស់លោក​សុន ឆ័យ ជា​ចុង​បណ្តឹង ពី​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក​គី តិច ដោយ​សំអាងថា លោក​សុន ឆ័យ ព្រងើយ​កន្តើយ គ្មាន​ឆន្ទៈ​ក្នុង​ការសង​សំណង​រដ្ឋប្បវេណី​ប្រមាណ ៧៥ ម៉ឺនដុល្លារ។​

​លោក​សុន ឆ័យ បាន​រង​បណ្តឹង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​ករណី​លោក​បាន​រឿង​រិះគន់​ទិដ្ឋភាព​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់ នា​អាណត្តិ​ទី ៥ ។ ដោយ​កាលពី​ដើម​ខែតុលា ឆ្នាំ ២០២២ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឱ្យ​លោក សុន ឆ័យ ចាញ់ក្តី ដោយ​តម្រូវឱ្យ​រូបលោក​បង់​ថវិកា​ចូល​រដ្ឋ​ចំនួន ៩ លានរៀល ចំពោះ​បណ្តឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បូករួម​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោក សុន ឆ័យ ត្រូវ​បង់​ចូល​រដ្ឋ​ចំនួន ៨ លានរៀល និង ៣ ពាន់​លានរៀល៕