​ភ្នំពេញៈ មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) ប្រចាំ​កម្ពុជា​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ដាក់ចេញ​វិធានការ​បន្ទាន់ ដើម្បី​បញ្ឈប់​កុំឱ្យ​សត្វ​ផ្សោត​រងគ្រោះថ្នាក់​ស្លាប់​បន្តទៀត​ដោយសារ​ការនេសាទ​ខុសច្បាប់​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការបាត់បង់​សត្វ​ផ្សោត​ ១ ​ក្បាល ដែល​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ឃុំ​កោះ​ទ្រុង ក្រុង​ក្រចេះ ខេត្តក្រចេះ​។

​សាកសព​សត្វ​ផ្សោត​ ១​ ក្បាល​នេះ​ ត្រូវបាន​ប្រទះឃើញ​ដោយ​ប្រជាពលរដ្ឋ​ម្នាក់​នៅក្នុង​ឃុំ​កោះ​ទ្រុង ក្រុង​ក្រចេះ បន្ទាប់ពី​បាន​អណ្តែត​តាម​ទឹកទន្លេ​កាលពី​ថ្ងៃទី ២២ ខែធ្នូ​។ ប្រជាពលរដ្ឋ​រូបនេះ​ក៏បាន​រាយការណ៍​ភ្លាមៗ​ពី​ហេតុការណ៍​នេះ​ទៅកាន់​បុគ្គលិក​នៃ​អង្គការ WWF ប្រចាំខេត្ត​ក្រចេះ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​អង្គការ​ WWF បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖ «​អង្គការ​ WWF សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​រៀបចំ​ដាក់ចេញ​នូវ​វិធានការ​សមស្រប​បន្ទាន់ ដើម្បី​បញ្ឈប់​កុំឱ្យ​សត្វ​ផ្សោត​រងគ្រោះថ្នាក់​ស្លាប់​បន្តទៀត​ដោយសារ​ការនេសាទ​ខុសច្បាប់​ដោយ​ការប្រើ​មង​នេសាទ និង​ឧបករណ៍​ឆក់ ដែល​កំពុង​ត្រូវបាន​ប្រព្រឹត្ត​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​»​។

​សត្វ​ផ្សោត​ដែល​បាន​ស្លាប់​នោះ​ជា​សត្វ​ផ្សោត​ញី​ពេញវ័យ​មាន​ប្រវែង ១៩៣ សង់ទីម៉ែត្រ អាយុ​ចន្លោះ​ពី ៧ ទៅ ១០ ឆ្នាំ មាន​ទម្ងន់​ប្រហែល ៨៥ គីឡូក្រាម​។ បន្ទាប់ពី​បាន​ពិនិត្យ​សាកសព​សត្វ​ផ្សោត​យ៉ាង​ល្អិតល្អន់ ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​អង្គការ WWF បាន​សន្និដ្ឋាន​ជាបឋម​ថា​សត្វ​ផ្សោត​បាន​ស្លាប់​ក្រោយពី​បាន​ជាប់​នឹង​មង​នេសាទ ដោយសារ​ក្រុម​ស្រាវជ្រាវ​បាន​រកឃើញ​ស្លាកស្នាម​នៃ​សរសៃ​មង​នៅលើ​ផ្ទៃ​កន្ទុយ​របស់​វា​។​

​វា​ជាស​ត្វ​ផ្សោ​តទី​១០ ហើយ​ដែល​បាន​ស្លាប់​ក្នុង​ឆ្នាំ ២០២២ និង​ជាស​ត្វ​ផ្សោ​តទី ២៨ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ​។

​អង្គការ WWF បញ្ជាក់ថា ការដែល​សោកស្តាយ​ខ្លាំង​បំផុត​គឺ​នៅពេល​សត្វ​ផ្សោត​ញី​ពេញវ័យ ដែលមាន​សុខភាព​ល្អ​ដូច​សត្វ​ផ្សោត​ញី​មួយ​ក្បាល​នាពេលនេះ បាន​បាត់​បង់ជីវិត ព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធភាព​នៃ​ការបន្ត​ពូជ​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​។

​លោក សេង ទៀក តំណាង​អង្គការ WWF ប្រចាំ​កម្ពុជា ថ្លែងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ សត្វ​ផ្សោត​ត្រូវបាន​កត់ត្រា​ថា​បាន​ស្លាប់​ដល់​ទៅ​២​ក្បាល​។ នេះ​ជាស​ញ្ញា​មួយ​ដ៏​ធ្ងន់ធ្ងរ និង​គួរឱ្យ​ព្រួយបារម្ភ​ជាខ្លាំង​ព្រោះ​វា​ជា​និន្នាការ​នៃ​ការឈានទៅរក​ភាព​ផុត​ពូជ​សម្រាប់​សត្វ​ផ្សោត​ទន្លេមេគង្គ​។​

​លោក ថ្លែងថា​៖ «​យើង​មិន​ធ្លាប់​បានឃើញ​នូវ​អត្រា​ស្លាប់​ខ្ពស់​បែបនេះ​ទេ​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ​។ ប្រសិនបើ​គ្មាន​វិធានការ​សមស្រប​ដើម្បី​ឆ្លើយតប​ជាបន្ទាន់​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ននេះ​ទេ នោះ​សត្វ​ផ្សោត​នឹង​វិនាស​ផុត​ពូជ​មិនខានឡើយ​»​។​

​លោក សេង ទៀក ទទូច​ឱ្យ​សមត្ថកិច្ច​អនុវត្ត និង​ពង្រឹង​វិធានការ​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​ចំពោះ​រាល់​សកម្មភាព​នេសាទ​ខុសច្បាប់​គ្រប់​ទម្រង់​នៅក្នុង​តំបន់​ទីជម្រក​សត្វ​ផ្សោត ដោយ​ត្រូវ​បង្កើន​ការ​ល្បាត​នៅពេល​យប់ ព្រោះ​ជា​ពេលដែល​ការនេសាទ​ខុសច្បាប់​ភាគច្រើន​កើតឡើង​។

​ខណៈ​ទើប​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ សត្វ​ផ្សោត​ឈ្មោល​សុខភាព​ល្អ​មួយ​ក្បាល ក៏​ត្រូវបាន​ប្រទះឃើញ​ស្លាប់​ក្នុង​ទន្លេមេគង្គ​ដែរ អង្គការ WWF បាន​លើកឡើងថា ស្ថានភាព​បែបនេះ​កាន់តែ​បង្កើន​ការព្រួយបារម្ភ​ខ្លាំង​ឡើងៗ​ចំពោះ​ការរស់រាន​របស់​សត្វ​ផ្សោត ដែល​ចាំបាច់​ទាមទារ​ឱ្យមាន​វិធានការ​ដើម្បី​ការពារ​ជាបន្ទាន់ ក្នុង​គោលបំណង​បញ្ជៀ​ស​ឱ្យបាន​នូវ​ការបាត់បង់​សត្វ​ផ្សោត​ទន្លេមេគង្គ​របស់​កម្ពុជា​។

​អង្គការ WWF លើកឡើងថា ក្នុងចំណោម​ចំនួន​សត្វ​ផ្សោត​ដែល​នៅ​សេសសល់​កំពុង​រស់នៅក្នុង​ទន្លេមេគង្គ សត្វ​ផ្សោត​ប្រមាណ ៧០​ភាគរយ មាន​អាយុ​លើសពី ២០ ឆ្នាំ ដែលជា​វ័យ​មួយ​ផុតកំណត់​អាយុ​ដែលមាន​លទ្ធភាព​បង្កាត់​ពូជ​។ ជាទូទៅ​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី អាច​រស់នៅ​បាន​ដល់​អាយុ​ចន្លោះ​ពី ២៧ ទៅ ៣០​ឆ្នាំ​។

​អង្គការ WWF បន្ថែមទៀតថា អត្រា​ស្លាប់​របស់​កូន​សត្វ​ផ្សោត មាន​កម្រិត​ខ្ពស់ ប្រមាណ ៦២​ភាគរយ ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ ដែលជា​មូលហេតុ​ធ្វើឱ្យ​អត្រា​រស់រាន​របស់​កូន​សត្វ​ផ្សោត​រហូតដល់​ពេញវ័យ​មាន​កម្រិត​ទាប​។ នេះ​ជា​កត្តា​ដែល​ធ្វើឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ព្រោះ​មិនមាន​ចំនួន​សត្វ​ផ្សោត​កើត​ថ្មី​គ្រប់គ្រាន់​ដើម្បី​បន្តវេន​ជំនួស​ផ្សោត​ចាស់​៕