
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងទៅ ។ ហេង ជីវ័ន
ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៥នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន ១៣នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ខែធ្នូនេះ បានឱ្យដឹងថា ក្រសួងរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន ១៥នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍ ហើយសុទ្ធតែប្រភេទអូមីក្រុងទាំងអស់។
ក្រសួងបន្ថែមថា របាយការណ៍ថ្ងៃនេះ គឺមានអ្នកជាសះស្បើយថ្មី ១៣នាក់ និងគ្មានអ្នកស្លាប់នោះឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ចំនួនករណីឆ្លងជំងឺកូវីដ១៩សរុបកើនដល់ចំនួន ១៣៨ ៥១០នាក់ ចំណែកករណីជាសះស្បើយសរុប១៣៥ ៣៥៤នាក់ និងករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៣៨នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍កើនដល់ ១៦ ៦៨៨នាក់៕