ភ្នំពេញៈជា​រៀង​រាល់ខែ​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​បំពេញ​បេសក​កម្ម​អង្គការ​សហប្រជា​ជាតិ​នៅ​សា​ធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល តែ​ងតែ​នាំយក​ទឹក​ស្អាត​ចំនួន​៤​ពាន់​លីត្រទៅ​ចែកជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​អាហ្វ្រិក​កណ្តាល​ចំនួន​១២០​គ្រួសារ នៅ​តំបន់​ប្រៀរ​ដែល​មាន​ការខ្វះ​ខាត​ទឹក​ស្អាត​ប្រើ​ប្រាស់​។​

​វរសេនីយ៍​ទោ ឡាំ ទេព មេ​បញ្ជា​ការ​រង​កង​អនុសេនា​ធំ​សំណង់​វិស្វកម្ម ​បាន​ដឹកនាំ​កង​កម្លាំង​មួក​ខៀវ​កម្ពុជា ​ក្នុង​បេសក​កម្ម​អង្គការ​សហ​ប្រជា​ជាតិ​នៅ​សាធា​រណរដ្ឋ​អាហ្វ្រិក​កណ្តាល​ចំនួន​១៥​នាក់​ ដោយ​នាំ​យក​ទឹកស្អាត​ចំនួន​៤​ពាន់​លីត្រ​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​អាហ្វ្រិក​កណ្តាល​ចំនួន​១២០​គ្រួសារ​នៅ​តំបន់​ប្រៀរដែល​មាន​ការខ្វះ​ខាត​ទឹក​ស្អាត​ប្រើ​ប្រាស់​។

​លោក​ ឡាំ ទេព បាន​ឱ្យ​ដឹង​ទៀត​ថា៖ «​ជា​រៀង​រាល់ខែ​កង​កម្លាំង​មួក​ខៀវ​កម្ពុជា ក្នុង​បេសក​កម្ម​នៅ​ក្នុង​ប្រទេស​នេះ តែង​តែ​ចុះ​ចែក​ទឹក​ស្អាត​ដល់​ប្រជា​ពលរដ្ឋ​អាហ្វ្រិក​កណ្តាល ​ដោយ​សម្លឹង​ឃើញ​ថា ​ពួក​គាត់​មិនមាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់​គ្រាន់ និង​មានការ​ចង្អុល​បង្ហាញ​ពី​សំណាក់​នាយ​ឧត្តម​សេនីយ៍ ​សែម សុវណ្ណនី អនុប្រធាន​គណៈ​កម្មាធិ​កា​រ​ជាតិ ​និង​ជា​អគ្គ​នាយក​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាព​»​។​

​ក្នុង​ដំណើរ​ចុះ​ចែក​ទឹកស្អាត​ខាង​លើនេះ​ ក៏មាន​ការផ្តល់​ថវិកា​ និង​ផ្លែឈើ ​ដល់​ពលរដ្ឋ​ចាស់​ជរា​ចំនួន​៥​នាក់​ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ​ដើម្បី​ជាការ​ងារ​ទំនាក់​ទំនង​ល្អ​រវាង​កម្លាំង​ Minusca​ និង​ប្រជាជន​នៅក្នុង​តំបន់​ផង​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ ​រហូត​មក​ដល់​ពេល​នេះ ​កម្ពុជា​បាន​បញ្ជូន​កង​កម្លាំងរ​ក្សា​សន្តិ​ភាព​ចំនួន​៨ ៤៧៥​នាក់ទៅ​បំពេញ​បេសក​កម្ម​មនុស្ស​ធម៌​ ជាមួយ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ក្នុង​ប្រទេស​ចំនួន​៩​។​ប្រទេស​ទាំង​នោះ រួម​មាន ​ស៊ូដង់​, ស៊ូដង់​ខាង​ត្បូង​, ឆាដ​, លី​បង់​, ស៊ី​រី​, ម៉ាលី​, អាហ្វ្រិក​កណ្តាល​, ស៊ីប និង​យេម៉ែន​ ហើ​យ​បច្ចុប្បន្ន​កម្ពុជា​មា​នក​ម្លាំ​ង​កង​ទ័ព​មួក​ខៀវ​ជាង​៨០០​នាក់ បាន​និង​កំពុង​បំពេ​ញបេសក​កម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ស៊ូដង់​ខាង​ត្បូង​ ម៉ាលី លី​បង់ និង​សាធារ​ណរដ្ឋ​អាហ្វ្រិក​កណ្តាល​។​

​លោក សែម សុវណ្ណនី អគ្គ​នាយក​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភា​ព បោស​សម្អាត​មីន និង​កាក​សំណល់​សង្គ្រាម​បាន​លើក​ឡើង​ជារឿយៗ​ទៅ​ដល់​កង​កម្លាំង​ទាំង​អស់​ដោយ​ត្រូវ​គិតពី​សុវត្ថិ​ភាព​ជា​ចម្បង

ពិសេស​ពេល​អនុវត្ត​ភារកិច្ច​មិន​ត្រូវ​មើល​ស្រាល​ស្ថាន​ការណ៍​ណា​មួយ​ឡើយ​​ហើយ​ត្រូវ​ចេះ​ដក​បទ​ពិសោធន៍ និ​ង​មេរៀន​ល្អៗ កែ​តម្រូវ​រាល់​កំហុស​ឆ្គង​ ដែល​បាន​កើត​មាន​ឡើង ដើម្បី​សម្រេច​បាន​ជោគ​ជ័យ​ជូន​ជាតិ​មាតុ​ភូមិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែ​ម សុវណ្ណនី ​បាន​សង្ក​ត់ធ្ងន់ថា​៖ «​ត្រូវ​ចងចាំ​ថា វត្តមាន​របស់​កងក​ម្លាំ​ង​យើង​នីមួយៗ ​មិន​ត្រឹមតែ​តំណាង​អង្គ​ការ​សហ​ប្រជាជា​តិ កង​យោធ​ពល​ខេម​រភូ​មិន្ទ ឬ​មជ្ឈ​មណ្ឌល​ជាតិ​ប៉ុណ្ណោះ​ទេ គឺ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល​។ ដូច្នេះ ​គ្រប់​សកម្ម​ភាព​ទាំង​ក្នុង និង​ក្រៅ​ម៉ោង​ធ្វើការ​ត្រូវ​តម្កល់​កិត្តិ​យស​ជាតិ​ជា​ចម្បង​»៕