
លោកផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ជួបជាមួយតំណាងពីសហគ្រាស ហ្គូដហៀល កម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ រូបថត កបប
ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) នឹងអនុវត្តវិធានការស្តីពីការដាក់ស្លាកសញ្ញាព័ត៌មានសម្រាប់អ្នកប្រើប្រាស់ លើផលិតផលទំនិញ និងសេវា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣តទៅ ហើយក៏បានអំពាវនាវឱ្យបណ្តាក្រុមហ៊ុនទូទាំងប្រទេសចូលរួមសហការ។
ការប្រកាសអនុវត្តវិធានការនេះ បានធ្វើឡើងបន្ទាប់ពី ក.ប.ប. បានជួបពិភាក្សាការងារជាមួយតំណាងមកពីសហគ្រាស ហ្គូដហៀល កម្ពុជា "Goodhill Enterprise (Cambodia) LTD" កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាល ក.ប.ប.។ អគ្គនាយកដ្ឋាន ក.ប.ប. ឱ្យដឹងថា ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០២៣ខាងមុខនេះតទៅ អគ្គនាយកដ្ឋានក.ប.ប.នឹងចាប់អនុវត្តវិធានការស្របតាមសេចក្តីជូនដំណឹងស្តីពីការដាក់ស្លាកសញ្ញាព័ត៌មានសម្រាប់អ្នកប្រើប្រាស់លើផលិតផលទំនិញ និងសេវា។
អគ្គនាយកដ្ឋាន ក.ប.ប. អះអាងថា៖«ដោយឡែក អគ្គនាយកដ្ឋាន ក.ប.ប. ក៏ប្រកាន់នូវនិន្នាការទន់ភ្លន់ ដោយព្រមទទួលយក និងសម្របសម្រួលនូវបញ្ហាប្រឈម ឬសំណើផ្សេងៗ ដែលក្រុមហ៊ុន ឬសហគ្រាសជួបប្រទះក្នុងដំណាក់កាលព្យាយាមអនុវត្តតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប.ផងដែរ»។
សេចក្តីជូនដំណឹងស្តីពីការដាក់ស្លាកសញ្ញាព័ត៌មានសម្រាប់អ្នកប្រើប្រាស់លើផលិតផលទំនិញ និងសេវា ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចែងថា រាល់ផលិតផលដែលចរាចរលើទីផ្សារ ត្រូវមានស្លាកសញ្ញា ឬភ្ជាប់នូវបរិយាយប័ណ្ណបញ្ជាក់អំពីព័ត៌មានផលិតផលជាភាសាខ្មែរ។ ចំពោះផលិតផលនាំចូល ដែលនៅលើសម្បកវេចខ្ចប់ ឬបរិយាយប័ណ្ណពុំបានបោះពុម្ពជាភាសាខ្មែរ ត្រូវធ្វើទម្រង់សេចក្តីបរិយាយព័ត៌មានជាភាសាខ្មែរ ហើយបិទភ្ជាប់នៅលើសម្បកវេចខ្ចប់របស់ផលិតផលទំនិញ។
សេចក្តីជូនដំណឹង ណែនាំថា ចំពោះម៉ាក និងពាណិជ្ជនាម អាចប្រើជាភាសាបរទេស និងទៅតាមទម្រង់ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងស្លាកសញ្ញាផ្សេងទៀតដែលត្រូវបានអនុញ្ញាត ដោយបញ្ញត្តិករមានសមត្ថកិច្ច។ ក្នុងនោះសេចក្ដីបរិយាយព័ត៌មាន ត្រូវមានទំហំអក្សរ សមស្របទៅតាមស្ថានភាពនៃសម្បកវេចខ្ចប់របស់ផលិតផល ដែលអាចមើលឃើញច្បាស់ ងាយអាន និងស្របទៅតាមបទដ្ឋានស្តង់ដា លក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិបច្ចេកទេសជាធរមានជាតិ និងអន្តរជាតិ។
សេចក្តីជូនដំណឹងបន្ថែមថា៖«ចំពោះសេចក្តីបរិយាយព័ត៌មាន ក៏ត្រូវបង្ហាញលក្ខណៈពិតនៃផលិតផលទំនិញ និងសេវាដែលយ៉ាងហោចណាស់ត្រូវមានព័ត៌មានអប្បបរមា ជាអាទិ៍ ដូចជា វីធីប្រើសមាសធាតុផ្សំ កាលបរិច្ឆេទប្រើប្រាស់ ឡូត៍ទំនិញ អាសយដ្ឋានផលិតឬអ្នកនាំចូល មុខងារ និងរបៀបប្រើប្រាស់ ប្រសិទ្ធភាព ផលប៉ះពាល់ និងរបៀបរក្សាទុក។ សេចក្តីបរិយាយព័ត៌មាន មិនត្រូវភូតកុហក បំភាន់ ឬធ្វើឱ្យអ្នកប្រើប្រាស់ភាន់ច្រឡំឡើយ»។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៥ ធ្នូ ថា ជារួម នៅថ្ងៃទី១ មករា ឆ្នាំ២០២៣ មន្ត្រីស៊ើបអង្កេត ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌នៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ប៉ុន្តែលោកអះអាងថា ដោយសារមានកិច្ចពិភាក្សាជាបន្តបន្តបន្ទាប់ និងមានសំណើពីបណ្តាក្រុមហ៊ុនមួយចំនួន បានស្នើឱ្យមានការលើកលែងនូវបណ្តាផលិតផលមួយចំនួនដែលក្រុមហ៊ុននាំចូលមានកម្រិតតិចតួច ឬតូចៗ ដែលសំណើនេះ ក.ប.ប. នឹងយកមកពិភាក្សាពិចារណា ដើម្បីធ្វើការផ្សព្វផ្សាយជាថ្មីទៀត។
លោកបញ្ជាក់ថា៖«យើងតម្រូវទៅតាមច្បាប់កំណត់ឱ្យមានបទប្បញ្ញត្តិជាភាសាខ្មែរ ដែលច្បាប់បានចែង និងលក្ខខណ្ឌពិសេសមួយចំនួន ដែលត្រូវឱ្យអ្នកនាំចូល ចែកចាយ និងផលិតនៅកម្ពុជាត្រូវអនុវត្តតាម។ ប៉ុន្តែមានការជជែកពិភាក្សាគ្នារវាងសំណើរបស់ក្រុមហ៊ុន ជាមួយនឹងការចេញនូវសេចក្តីជូនដំណឹងនេះ»។
លោកផាន អូន បន្តថា៖«អីចឹង យើងនឹងពិចារណា ដើម្បីឱ្យមានសង្គត់ភាពនៃលក្ខណៈជាក់ស្តែងនៃការវេចខ្ចប់ផលិតផលដែលអាចជាភាសាបរទេស ហើយមានបរិមាណនាំចូលមកតិចតួច។ ដោយសារតែការនាំចូលតិចតួច នៅពេលស្នើសុំឱ្យផ្លាស់ប្តូរច្បាប់ផលិតផល ឬបរិយាយប័ណ្ណ គឺមានផលលំបាក។ យើងសិក្សាហើយ នឹងធ្វើជាគោលការណ៍ណែនាំរួមមួយ ដើម្បីផ្សព្វផ្សាយជាបន្តទៀត»។
បើតាមការអះអាងរបស់លោកផាន អូន មុននឹងចាប់ផ្តើមអនុវត្តវិធានការតាមសេចក្តីជូនដំណឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. បានទុករយៈពេលជិត៤ខែរួចមកហើយ ដើម្បីបណ្តាម្ចាស់ពាណិជ្ជករ ផលិតករ សេវាករ និងអ្នកនាំចូលដែលបាននិងកំពុងធ្វើធុរកិច្ចក្នុងប្រទេស ធ្វើការកែប្រែ និងបំពេញទៅតាមលក្ខខណ្ឌតម្រូវ។
លោកផាន អូន រំពឹងថា ម្ចាស់ពាណិជ្ជករ ផលិតករ សេវាករ និងអ្នកនាំចូលទាំងអស់ ចូលរួមសហការអនុវត្តតាមសេចក្ដីជូនដំណឹងនេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ធានាដល់ការប្រកួតប្រជែង ក្នុងពាណិជ្ជកម្មប្រកបដោយសុចរិត និងរួមចំណែកជំរុញឱ្យកម្ពុជាក្លាយជាប្រទេសនីតិរដ្ឋដ៏ពិតប្រាកដ៕