
សិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រសហគមន៍សាលារៀននៅខេត្តសៀមរាប កាលពីថ្ងៃទី២៤ ធ្នូ ។ រូបថត ក្រសួងអប់រំ
សៀមរាបៈក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រសហគមន៍សាលារៀនសម្រាប់សាលារៀនគោលដៅនៃគម្រោងកែលម្អការអប់រំចំណេះទូទៅរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ នៅខេត្តសៀមរាប។
ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា សិក្ខាសាលាដែលមានអ្នកចូលរូមប្រមាណ ២០០នាក់ មកពីសាលាគោលដៅនេះ ត្រូវបានចែកចេញជា៣វគ្គ ដើម្បីធ្វើការពិភាក្សា ចែករំលែកចំណេះដឹងនានាជុំវិញគម្រោងកែលម្អការអប់រំចំណេះទូទៅនៅកម្ពុជា។
ក្រសួង បានបញ្ជាក់ថា «សសរស្តម្ភចំនួន២ដែលនាំភាពក្រីក្រថយចុះ គឺ១ បរិវត្តកម្មសេដ្ឋកិច្ចទូលាយដោយបើកចំហឱកាសសេដ្ឋកិច្ច និងបង្កើនចំណូលមធ្យម។ទី២ គឺការទទួលស្គាល់នូវការផ្តល់ការគាំទ្រដែលផ្តោតលើតម្រូវការកាត់បន្ថយភាពក្រីក្រ ដែលនៅជាប់គាំង»។
ប្រភពដដែលបានបន្តថា ការគាំទ្រត្រូវបានចាប់ផ្តើមនៅភូមិសាស្ត្រដែលមានការយ៉ាប់យ៉ឺន ហើយបន្តបន្ទាប់ផ្តល់ការគាំទ្រដល់គ្រួសារនីមួយៗតែម្តង។ ចំណុចបទពិសោធន៍មួយចំនួននៅប្រទេសក្នុងសកលលោក គឺសារៈសំខាន់ផ្តោតលើការអប់រំ មើលទូលាយទៅពិភពខាងក្រៅ វិនិយោគជានិរន្តរ៍លើហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយប្រកបដោយការប្រកួតប្រជែង។
ក្រសួងអប់រំ បានអះអាងថា គម្រោងកែលម្អការអប់រំចំណេះទូទៅ បានចូលរួមឆ្លើយតបទៅនឹងកំណែទម្រង់ សំខាន់ៗដូចជា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសគម្រោងថ្មីនេះ ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចបាននូវគោលនយោបាយអប់រំទាំង២ របស់ផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៩-២០២៣ផងដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី២៥ ធ្នូថា គម្រោងកែលម្អការអប់រំចំណេះទូទៅនេះ ត្រូវបានដាក់អនុវត្តក្នុងគោលដៅកែលម្អគុណភាព និងសមធម៌ការអប់រំចំណេះទូទៅ ដើម្បីឱ្យសម្រេចបានស្តង់ដាអប្បបរមានៅតំបន់គោលដៅ ការផ្តល់ជំនួយបន្ទាន់ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងករណីមានបញ្ហាសមស្រប ឬបន្ទាន់ដែលកើតឡើង។
លោកបានឱ្យដឹងថា គម្រោងនេះ ត្រូវបានអនុវត្តរយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២២-២០២៦ ទៅលើសាលាគោលដៅចំនួន ១ ៦៣៣សាលារៀនចំណេះទូទៅទូទាំងប្រទេស ហើយសិក្ខាសាលារយៈពេល១០ថ្ងៃនេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោង។
លោកបានបញ្ជាក់ថា៖«សូចនាករវត្ថុបំណងនៃការអភិវឌ្ឍគម្រោងកែលម្អការអប់រំចំណេះទូទៅ មាន៤ ចំណុច ១ លទ្ធផលសិក្សាសិស្សដែលទទួលបានប្រយោជន៍ពីគម្រោងត្រូវបានកែលម្អ និងយកចិត្តទុកដាក់។ ២ ភាគរយនៃសាលាគោលដៅនឹងទទួលបានស្តង់ដាអប្បបរមាទៅតាមអនុវិស័យនីមួយៗ។ ៣ ភាគរយគ្រូបឋមសិក្សាអនុវត្តការបង្រៀនមានប្រសិទ្ធភាពលើមុខវិជ្ជាអំណាន និងគណិតវិទ្យា និងយកចិត្តទុកដាក់សមធម៌យេនឌ័រ។ ៤ កែលម្អបរិស្ថានសិក្សា សាងសង់បន្ទប់សិក្សា បន្ទប់ពិសោធន៍ អគារសិក្សា»។
កាលពីខែមេសា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសសុពលភាពសមាសភាពក្រុមការងារអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ(GEIP) ដែលមានរយៈពេលអនុវត្ត៥ឆ្នាំ ចាប់ពីឆ្នាំ២០២២-២០២៦ ដែលគម្រោងនេះ ទទួលការគាំទ្រពីថវិការួមគ្នា រវាងឥណទានកម្ចីពីធនាគារពិភពលោក និងមូលនិធិសកល សម្រាប់ការអប់រំ (GPE)។
លោក តាន់ វិច្ឆិការង្សី ប្រធានការិយាល័យអប់រំស្រុកបាគង់នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានថ្លែងថា សិក្ខាសាលានេះគឺពិតជាមានអត្ថប្រយោជន៍ និងតម្លៃខ្ពស់ណាស់ សម្រាប់កែលម្អគុណភាពអប់រំចំណេះទូទៅរបស់កម្ពុជា។
លោកបានបន្តថា យុទ្ធសាស្ត្រសហគមន៍សាលារៀននេះ នឹងជួយឱ្យសាលារៀនគោលដៅគ្រប់កម្រិតសិក្សានៅក្នុងមូលដ្ឋានរបស់លោក មានការសហការ និងជួយគ្នាទៅវិញទៅមក និងពង្រឹងការចូលរួមពីសហគមន៍ ផងដែរ។ បន្ថែមពីនេះ លោកថា គម្រោងនេះ ក៏នឹងជួយគាំទ្រពីរដ្ឋអំណាចគ្រប់ថ្នាក់ ដើម្បីជួយឱ្យកុមារបានចូលរៀនទាំងអស់គ្នា រៀនបានចប់ និងចេះទាំងអស់គ្នា សំដៅឱ្យពួកគេមានចំណេះដឹង ដើម្បីរកចំណូលលើកកម្ពស់ជីវភាព លុបបំបាត់ភាពក្រីក្រ រស់នៅដោយរីករាយនាពេលអនាគត។
លោកបានបញ្ជាក់ថា៖«ខ្ញុំនឹងយកយុទ្ធសាស្ត្រនេះទាំងស្រុងទៅអនុវត្តនៅស្រុកយើងខ្ញុំ ដោយពង្រីកទៅសាលាផ្សេងៗទៀត ក្រៅពីសាលាគោលដៅដែលបានកំណត់ ដើម្បីលើកកម្ពស់សេវាអប់រំក្នុងស្រុកឱ្យប្រសើរឡើងព្រមៗគ្នា និងជួយគ្នាបានទាន់ពេលវេលា»។
តាមស្ថិតិ និងសូចនាករអប់រំគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បានបង្ហាញថា ឆ្នាំ២០២១កម្ពុជា មានសិស្សប្រមាណ២លាននាក់ កំពុងសិក្សាក្នុងសាលាបឋមសិក្សាប្រមាណ ៨ ០០០កន្លែង។
ចំណែកសិស្សថ្នាក់អនុវិទ្យាល័យមានប្រមាណជាង៣សែននាក់ កំពុងសិក្សានៅសាលាអនុវិទ្យាល័យទូទាំងប្រទេសប្រមាណជាំង១ ៣០០កន្លែង និងសិស្សថ្នាក់វិទ្យាល័យមានប្រមាណជិត៧សែននាក់ កំពុងសិក្សានៅសាលាប្រមាណជាង៧០០កន្លែងទូទាំងប្រទេស។ នេះបើតាមស្ថិតិនិងសូចនាករអប់រំគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដដែល៕