ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អុិត សំហេង ស្នើឱ្យ​អ្នកលេង​បណ្តាញ​សង្គម​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ទាក់ទង​នឹង​សមិទ្ធផល​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ចៀសវាង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដែលនាំឱ្យ​មានការ​ភាន់ច្រឡំ ដែល​ធ្វើ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​។​

ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី ធ្វើឡើង​នៅក្នុង​ឱកាស​ធ្វើ​ជា​អធិបតី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​បណ្តាញ​សង្គម FACEBOOK នា​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២២ រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) ដែលមាន​សិក្ខាកាម​ចូលរួមចំនួន ៥៧០​នាក់ មកពី ១៤​សហភាព​សហជីព​។​

​លោក អុិត សំហេង បាន​ថ្លែងថា នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​សព្វថ្ងៃនេះ មាន​ព័ត៌មាន​ក្លែងក្លាយ​មួយចំនួន កំពុង​បំភាន់​មតិ​សាធារណជន​ឱ្យ​បន្ទច់បង្អាក់​ដំណើរការ​អភិវឌ្ឍ​ប្រទេស ដែលជា​ការខិតខំ​ប្រឹង​ប្រែង​ដោយ​លំបាក​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ក្នុងន័យនេះ លោក​ចង់ឱ្យ​អ្នកលេង​បណ្តាញ​សង្គម ត្រូវ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ទាក់ទង​នឹង​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល ដើម្បីឱ្យ​សាធារណមតិ​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​យល់ដឹង​និង​ចូលរួមចំណែក​ក្នុងការ​ការពារ​សមិទ្ធ​ផល​អស់​ទាំងនេះ ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​។​

លោក​បញ្ជាក់ថា​៖« ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​យន្តការ​ដ៏​សំខាន់​មួយ​ក្នុងការ​ធ្វើការ និង​ទទួល​ដោះស្រាយ​នូវ​សំណូមពរ ឬ​បញ្ហា​នានា ដោយ​តម្រូវឱ្យ​គ្រប់​ក្រសួង ស្ថាប័ន ត្រូវតែមាន​ផេ​ច​របស់ខ្លួន​ដើម្បី​ទទួល​ព័ត៌មាន និង​ដោះស្រាយ​នូវ​រាល់​កង្វល់​នានា​របស់​ប្រជាពលរដ្ឋ​»​។​

លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ជំរុញ​លើ​ការប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ជំរុញ​ល្បឿន​ការងារ​ឱ្យបាន​លឿន ទាន់ពេលវេលា កាត់បន្ថយ​ការចំណាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា​ឱ្យបាន​ដល់ដៃ​សាធារណជន​ក្នុង និង​ក្រៅប្រទេស​។ លោក​ថ្លែងថា​៖« ឈរលើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​បណ្តុះបណ្តាល​បច្ចេក​ទេស​វិជ្ជាជីវៈ សំដៅ​ធ្វើឱ្យ​ប្រជាជន ជាពិសេស​យុវជន​ទាំងអស់​ទទួលបាន​នូវ​ការសិក្សា​បច្ចេកវិទ្យា ការអប់រំ​ប្រកបដោយ គុណភាព និង​សមត្ថភាព ដើម្បីឱ្យ​ពួកគេ​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​»​។​

លោក​អុិត សំហេង ថ្លែងដោយសង្ឃឹមថា​ សិក្ខាកាម​ទាំងអស់ នឹងមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​និង​សមិទ្ធផល​នានា ខណៈ​លោក​ជំរុញ​ដល់​សិក្ខាកាម​ដែល​ចេះ​ប្រើប្រាស់​ហេ្វ​ស​ប៊ុ​ក​ធ្វើជា​មធ្យោបាយ​ដើម្បី​វាយបក ឬ​បកស្រាយ​បំភ្លឺ​សាធារណមតិ រាល់​ព័ត៌មាន​ញុះញង់ បំផុសបំផុល ប្រជាភិថុតិ ឬ​បំភ្លៃ​ការពិត​នៅតាម​បណ្តាញ​សង្គម​ផ្សេងៗ​ឱ្យបាន​ទាន់ពេល​​វេលា​។​

​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា កាលពី​ថ្ងៃទី​១៩​ ខែធ្នូ ឆ្នាំ២០២២ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​គូសបញ្ជាក់ថា ការចូលរួម​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពិត​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​រហ័ស​គឺជា​តួនាទី​មិនអាច​ខ្វះ​បាន​របស់​ស្ថាប័ន​ព័ត៌មាន​។

​នៅ​ថ្ងៃ​ដ​ដែលនោះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានស្នើ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​រួមគ្នា​ប្រឆាំង​ជន​ឱកាសនិយម​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន និង​ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​មិនត្រូវ​ធ្វើជា​ភ្នាក់ងារចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​បំពុលសង្គម​ដែល​ធ្វើឱ្យ​ប្រទេស​ធ្លាក់​ចូលទៅក្នុង​ចលាចល និង​បាត់បង់​សណ្តាប់ធ្នាប់​សង្គម​។​

​សូមជម្រាបថា វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​គោលបំណង​ឱ្យ​សិក្ខាកាម​បាន​យល់ដឹង​អំពី បច្ចេកទេស​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដូចជា ការថត ការកាត់ត រូបភាព​តាម​ទូរស័ព្ទ និង​របៀប​បង្កើត Tiktok​ការជ្រើសរើស​រូបភាព និង​ព័ត៌មាន​ក្នុងការ​ផ្សព្វផ្សាយ​ការចុះ​បដិសេធ ឬ​គាំទ្រ​លើ​ព្រឹត្តិការណ៍ ឬ​ព័ត៌មាន​នានា​។ ការផ្សព្វផ្សាយ​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល សកម្មភាព​របស់​ថ្នាក់ដឹកនាំ ផលប្រយោជន៍​នានា​ដល់​បងប្អូន​កម្មក​រ​និយោជិត និង​សាធារណជន​ការបែងចែក​ព័ត៌មាន​ដែល​ផ្ទុយ​ពី​ការពិត ទៅនឹង​ព័ត៌មាន​ពិត ដែល​គួរ​ជឿ​និង​មិនគួរ​ជឿ​ការរៀបចំ​ខ្លឹមសារ​សរសេរ និង​យុទ្ធសាស្ត្រ​ដែលមាន​ភាព​ទាក់ទាញ ប្រកបដោយ​ប្រសិទ្ធភាព​ជាដើម​៕