ក្រចេះៈ អង្គការ​មូល​និធិសកល​សម្រាប់​អភិរក្ស​ធម្ម​ជាតិ (WWF-កម្ពុជា)​ បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​ឱ្យ​ពង្រឹង​កម្លាំង​សម្រាប់​ការអ​នុវត្តច្បាប់​ជាបន្ទាន់​ក្នុង​ការបង្កើន​ការ​ល្បាត​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់​ដើម្បី​ការពារ​សត្វ​ផ្សោត​ដែលនៅ​សេសសល់​ឱ្យ​ចៀស​ផុត​ពីការ​ស្លាប់​ដោយសារ​ការនេសាទ​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​។

ការ​អំពាវ​នាវ​នេះ​ត្រូវ​បាន​ធ្វើឡើ​ង បន្ទាប់​ពី​សត្វ​ផ្សោត​ទី​១១ ក្នុង​ឆ្នាំ​នេះ បាន​រកឃើញ​ស្លាប់​កាលពីថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ ២០២២ ដែល​ធ្វើឱ្យ​រយៈពេល​ ៣ ឆ្នាំចុង​ក្រោយ​នេះ មានផ្សោត​សរុប​ចំនួន ២៩ ក្បាល ហើយ​បាន​បាត់​បង់ជី​វិត​ក្នុង​ប្រទេ​សក​ម្ពុជា​។

​យោង​តាម​សេចក្តី​ប្រកាសព័​ត៌មាន​របស់​អង្គ​ការ​ WWF នៅថ្ងៃ​ទី​២​៥ ខែធ្នូ បាន​ឱ្យដឹ​ងថា កាល​ពីថ្ងៃ​ទី២​៤ធ្នូ​ សត្វ​ផ្សោត​ដែ​លមាន​សុខភាព​ល្អ១​ក្បាល​ទៀត បាន​ស្លាប់​អណ្តែត​នៅតំបន់​ក្បែរកោះ​ទ្រង់ ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ប៉ែក​ខាង​ក្រោម​អន្លង់​កាំពី ខេត្ត​ក្រចេះ​។

ក្រោយ​ការពិនិត្យ​សាក​សព​សត្វ​ផ្សោត​យ៉ាង​ល្អិត​ល្អន់ ក្រុម​អ្នក​ជំនា​ញ​ស្រាវជ្រាវ នៃ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ក្រចេះ និង​អង្គការ​ WWF បាន​សន្និដ្ឋាន​ជាប​ឋម​ថា សត្វ​ផ្សោត​១​ក្បាល​នេះ បាន​ស្លាប់​ក្រោយ​ពីបានរ​មួល​ខ្លួន​ ជាប់​នឹង​ស​ន្ទូច​រនង​ ដោ​យក្រុ​មស្រា​វ​ជ្រាវបាន​រកឃើញ​ស្នាម​សន្ទូ​ចរនងជាច្រើ​នពេញ​ដងខ្លួន និង​កន្ទុ​យរ​ប​ស់វា។

នាយក​អង្គការ WWF-កម្ពុជា លោក សេង ទៀក បាន​ឱ្យដឹង​ថា ការ​កើន​ឡើង​នៃសកម្មភាព​នេសាទ​ខុស​ច្បាប់​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​នាពេល​ថ្មីៗ​នេះ នឹង​បណ្តាល​ឱ្យ​សត្វ​ផ្សោត​ទន្លេមេគង្គ​ឈាន​ទៅផុ​ត​ពូជ ប្រសិន​បើ​គ្មាន​វិធាន​ការ​បន្ទាន់​ដើម្បី​បញ្ឈប់​សកម្ម​ភាព​ខុស​ច្បាប់ទាំង​នោះ​ទេ។

​លោក​បាន​លើក​ឡើង​ទៀ​តថា៖​ «សោកនា​ដកម្ម​ដែល​គួរអាច​បញ្ចៀស​បាន​ នៃការ​ស្លាប់​របស់​សត្វផ្សោ​ត ​វ័​យបន្ត​ពូជ​ទាំង​៣​ក្បាល ជាប​ន្តបន្ទាប់​ក្នុង​រយៈពេល​មិន​ដល់​១០ ថ្ងៃ ផង​នេះ​ជាសារ​យ៉ាង​ច្បាស់​មួយ​ ដល់​អាជ្ញា​ធរ​ទទួល​ខុស​ត្រូវ​គ្រប់​លំដាប់​ថ្នាក់​ថា នេះ​ជាពេល​ចាំបា​ច់បំ​ផុត​ហើយ​ ដើ​ម្បីប​ង្កើន​វត្ត​មាន​មន្ត្រី​សម្រាប់​ការពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅក្នុង​ជម្រ​កសត្វ​ផ្សោត​សំខាន់ៗ​ទាំង​អស់​»។

លោក​ សេង ទៀក បាន​សង្កត់​ធ្ងន់​ថា ៖ «មិន​មាន​ជម្រើស​ផ្សេងទៀត​ទេ ក្រៅពីការ​អនុវត្ត​ច្បាប់​ដោយ​តឹង​រ៉ឹង ជា​បន្ទា​ន់​ ដើម្បី​បញ្ឈប់​ទាំង​ស្រុង​នូវ​សកម្មភាព​ខុស​ច្បាប់​គ្រប់​ទម្រង់នៅក្នុង​តំបន់​ដែល​សត្វ​ផ្សោត​រស់​នៅ​ ហើ​យដើម្បី​បញ្ឈ​ប់ស​កម្មភាព​ទាំង​នេះ មន្ត្រីឆ្មាំ​ទន្លេ និង​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ទាំង​អស់ត្រូវ​មាន​វត្តមាន​រយៈពេល​ ២៤ ម៉ោង​ក្នុង​១​ថ្ងៃ ក្នុង​សប្តាហ៍​នីមួយៗ​ដោយ​ទៀង​ទាត់ ដោយ​ចុះល្បាត​ទាំង​ថ្ងៃទាំង​យប់នៅក្នុង​តំបន់​សត្វ​ផ្សោត​»។

បន្ថែម​ពីលើការ​ល្បាត​នេះ ត្រូវ​តែ​មាន​ការ​ដាក់​ពិន័យ​ឱ្យធ្ងន់​ធ្ងរ​ដល់​ជន​ល្មើស​ដែល​បាន​ប្រព្រឹត្ត​ការនេសាទ​ខុស​ច្បាប់ ឬបទ​ល្មើស​នេ​សាទផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ សម្រាប់​ជាការ​កំញើញ​ដល់​អ្នក​នេសាទ​ដទៃទៀត​ឱ្យប​ញ្ឈប់ការ​ប្រព្រឹត្ត​សកម្ម​ភាព​ខុស​ច្បាប់​ទាំង​នេះ។ នេះ​បើតាម​លោក សេង ទៀក។

ជាមួយ​គ្នានេះ​ដែរ លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួ​ងប​រិស្ថា​ន ​ក៏បាន​សម្តែ​ងកា​រ​សោកស្តាយ​ចំពោះ​ការបាត់​បង់ជា​បន្តបន្ទាប់​នៃសត្វផ្សោត​ទឹក​សាប​នេះ។​

​លោ​កថ្លែង​ថា ​៖ «ខ្ញុំ​ពិតជា​គួរឱ្យ​សោក​ស្តាយ​បំផុ​ត ​ពេល​ទ​ទួល​​ដំណឹង​ពីកា​រស្លា​ប់ជា​បន្តបន្ទាប់​របស់​សត្វ​ផ្សោត​ទឹក​សាប​នេះ។ សត្វ​ផ្សោត​នេះជា​សត្វផ្សោត​ដែល​មាន​សុខ​ភាព​ល្អ ទី៣​ហើយ​ដែល​បាន​ស្លាប់​ក្នុ​ង​ចន្លោះ​រយៈពេល​ត្រឹម​តែ ៧ ថ្ងៃ​ប៉ុណ្ណោះ​ ដែល​វាជាការ​ប្រកា​ស​អាសន្ន​មួយ តម្រូវ​ឱ្យ​មាន​វិធាន​ការ​ខ្លាំង​ក្លាឡើង​សម្រា​ប់​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជាបន្ទាន់​នៅ​ក្នុង​តំបន់​ជម្រក​សត្វ​ផ្សោត​»។

សត្វ​ផ្សោត ត្រូវ​បាន​ចាត់​ទុក​ថា ជាបេតិក​ភណ្ឌជាតិ​មាន​ជីវិត​របស់​ប្រទេស​កម្ពុជា​ ហើយ​ចំនួ​នរបស់​វាមាន​ត្រឹម​តែប្រមាណ​ ៨៩ ក្បាល​ប៉ុណ្ណោះ ដែលរស់​នៅ​ក្នុង​ទន្លេមេគង្គ​ចាប់​ពីខេត្ត​ក្រចេះដល់​ខេត្ត​ស្ទឹង​ត្រែង​។

សត្វ​ផ្សោ​តទឹក​សាប​ទន្លេ​មេគង្គ គឺជា​ធន​ធាន​ជីវចម្រុះមួ​យដែល​ស្ថិត​ក្នុង​បញ្ជី​នៃ តម្លៃដ៏​វិសេស​វិសាល​នៃតំបន់​ដង​ទន្លេ​មេគង្គ​ដែល​ក្រុម​ការ​ងារ​អន្តរ​ក្រសួង​ដឹក​នាំ​ដោយ​ក្រសួង​បរិ​ស្ថាន ​កំពុង​រៀប​ចំឯកសារ​ដាក់​ស្នើចូ​លក្នុ​ងប​ញ្ជីត្រៀ​ម​សម្រា​ប់បេតិក​ភណ្ឌធម្ម​ជាតិ​របស់​អង្គ​ការ​យូណេ​ស្កូ។​

លោក ​នេត្រ ភក្ត្រា បញ្ជាក់ថា ៖ «នាពេល​កន្លង​មកក្នុង​យុទ្ធនា​ការ​អន្ទាក់​សូន្យ ខ្ញុំបាន​លើក​ឡើង​ថា យុទ្ធ​នាកា​រ​អន្ទាក់​សូន្យ​នេះ មិន​មែន​ផ្តោតតែ​លើអន្ទាក់​នៅលើដី លើអាកាស​ទេ តែក៏​បាន​ផ្តោត​លើអន្ទាក់​ក្នុង​ទឹក​ផង​ដែរ​។ ខ្ញុំសូម​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​កុំចូល​ទៅ​តំបន់​ដែល​ហាម​ឃាត់ កន្លែង​អភិរក្ស​សត្វ​ផ្សោត​ ពីព្រោះ​យើង​នៅសល់តែ​៨៩​ក្បាល​ទេ ប្រសិន​បើវា​បន្ត​ស្លាប់ ​និង​មាន​កូនកើត​មិន​បាន​ច្រើន​នៅពេល​ណាមួយ​យើង​នឹង​បាត់​បង់​វា​»។​ ​

ជា​មួយ​គ្នានេះ​ លោក សេង ទៀក ក៏បានប​ញ្ជាក់ដែរ​ថា៖ «ប្រសិន​បើស្ថាន​ភាពវិបត្តិ​នេះ​នៅតែបន្ត​កើត​ឡើង​ទៀ​ត​ ចំនួន​សត្វ​ផ្សោត​អាចប្រឈ​មនឹង​ការ​បាត់​បង់​ទាំង​ស្រុង​នាពេល​ខាង​មុខ​នេះ​មិន​ខាន​»។​

បើ​តាម​អង្គកា​រ WWF រដូ​វប្រាំង​ចាប់​ពីខែធ្នូដល់​ខែឧស​ភា គឺជា​អំឡុង​ពេល​មួយ​ដ៏ចាំបា​ច់ត្រូ​វ​មានកា​រផ្តោ​ត​​កា​រយក​ចិត្ត​ទុកដាក់​ការពារ​ពីព្រោះ​នៅពេល​ទឹក​ស្រក សត្វ​ផ្សោត និង​ត្រីមក​ប្រមូលផ្តុំ​គ្នារស់​នៅ ​និង​ចេញ​រកស៊ី​នៅក្នុង​តំបន់​អន្លង់​ទឹក​ជ្រៅនៃ​តំបន់​អភិរក្ស​សត្វ​ផ្សោត​។ ហេតុ​ដូច​នេះហើយ​ទើប​ធ្វើឱ្យ​ពួក​វាងាយ​រង​គ្រោះយ៉ាង​ខ្លាំង​ដោយ​ការ​នេសាទ​ខុស​ច្បាប់ ដែល​ត្រូវ​បង្កើនការ​អនុវត្ត​ច្បាប់ឱ្យ​បាន​តឹង​រ៉ឹង​។ ​

ស​ត្វផ្សោ​តដែល​បាន​ស្លាប់​នេះ​ជាសត្វ​ផ្សោត​ញីពេញ​វ័យមាន​ប្រវែង ១៩៦ សង់ទីម៉ែត្រ អាយុ​ចន្លោះ​ពី ៧ ទៅ ១០ ឆ្នាំ និង​មាន​ទម្ងន់​ប្រហែល​៩៣ គីឡូ​ក្រាម។ ជារៀង​រាល់​ឆ្នាំ សត្វ​ផ្សោត​ជាច្រើន​ក្បាល​ត្រូវ​បាន​រក​ឃើញ​ងាប់​ដែល​ខ្លះជា​ប់មង​ប្រជានេ​សាទ និង​ខ្លះទៀត​អាច​មក​ពីកា​រឆ​ក់។​​

​សូម​រំឭ​ក​ដែរថា សត្វផ្សោ​តចំនួន​២​ក្បាល​បាន​បាត់​បង់ជីវិត​ពីទន្លេ​មេគង្គ ក្នុង​នោះ ​សត្វ​ផ្សោត​ញី​ពេញ​វ័​យ១​ក្បាល​ត្រូ​វបា​នគេ​ប្រទះឃើ​ញស្លា​ប់នៅ​ក្នុងឃុំកោះ​ទ្រុង់ ក្រុង​ក្រចេះ​ ​ខេត្តក្រ​ចេះ ​នៅថ្ងៃ​ទី២​២ ​ខែធ្នូ​ ឆ្នាំ២០​២២ ហើយ​សាក​សព​សត្វ​ផ្សោត​ឈ្មោល​ពេញវ័យ​១ក្បាល​ទៀត ត្រូវ​បាន​ប្រទះឃើញ​អណ្តែត​តាម​ទឹក​ទ​ន្លេ ​ក្បែរ​អន្លង់​កោះដំ​បង​ ត្រង់​ទីតាំងព្រំប្រ​ទ​ល់រវា​ងខេ​ត្តក្រចេះ និង​ខេត្តស្ទឹង​ត្រែង កាល​ពីថ្ងៃទី១៨​ ខែធ្នូ ឆ្នាំ​២០២​២​។ ​សត្វ​ផ្សោត​ពេញវ័ញ​ទាំង​២​ក្បាល​នេះស្លាប់​ដោយ​សារ​ជាប់​មង​អ្នកនេសាទ​៕