ភ្នំពេញៈ​ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ក្រុង និង​ស្រុក​ថ្មី​បន្ថែមទៀត​ក្នុង​ខេត្ត​ចំនួន ​៣ គឺ​ខេត្តកំពង់ស្ពឺ កណ្តាល និង​ខេត្តក្រចេះ ជា​អ្វីដែល​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​អះអាងថា​ដើម្បី​ឆ្លើយតប​នឹង​កំណើនប្រជាជន និង​បង្ខិត​សេវា​សា​ធា​​រណៈ​ដល់​មូលដ្ឋាន ខណៈ​សង្គម​ស៊ីវិល​មើលឃើញថា ពុំទាន់​មាន​ភាពចាំបាច់ និង​ធ្វើឱ្យ​ការចំណាយ​របស់​រដ្ឋកា​ន់​តែ​ច្រើនឡើង​ស្រប​ពេលដែល​មន្ត្រីរាជកា​រ​មាន​ច្រើន​ស្រាប់​ទៅហើយនោះ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ ឆ្នាំ ​២០២២ បានចេញ​អនុក្រឹត្យ​ដាច់ដោយឡែក​ពីគ្នា សម្រេច​បង្កើត​ក្រុង​ចំនួន​ ២ ​នៅ​ខេត្តកណ្តាល គឺ​ក្រុង​អរិយ​ក្សត្រ និង​ក្រុង​សំពៅ​ពូន ហើយ​បង្កើត​ស្រុក ១​ ទៀត​នៅ​ខេត្តក្រចេះ​គឺ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ហើយ​ក៏បាន​បំបែក​ស្រុក​ឧដុង្គ​ជា​ ២​ នៅ​ខេត្តកំពង់ស្ពឺ​ផងដែរ​។​

​សម្រាប់​អនុក្រឹត្យ​បង្កើត​ក្រុង​ «​ក្រុង​អរិយ​ក្សត្រ​»​ គឺ​បាន​កាត់​យក​ឃុំ​ចំនួន​ ៦ ​ពី​ស្រុក​ខ្សាច់​កណ្តាល និង​ឃុំ​ចំនួន​ ៥ ទៀត​ពី​ស្រុក​ល្វាឯម​។​តាម​អនុក្រឹត្យ​នេះ ក្រុង​អរិយ​ក្សត្រ​នឹងមាន​សង្កាត់​ចំនួន​ ១១​ គឺ​សង្កាត់​បាក់​ដាវ សង្កាត់​កោះ​ឧកញ៉ា​តី សង្កាត់​​ព្រែក​អ​ម្អិ​ល សង្កាត់​ព្រែក​លួង សង្កាត់​ព្រែ​កតា​កូវ សង្កាត់​ស្វាយ​ជ្រំ សង្កាត់​អរិយ​ក្សត្រ សង្កាត់​សារិកាកែវ សង្កាត់​ពាម​ឧកញ៉ា​អុង សង្កាត់​ព្រែក​ក្មេង និង​សង្កា​ត់បា​រុង​។ រីឯ​ទីតាំង​រដ្ឋបាល​ក្រុង​អរិយ​ក្សត្រ ត្រូវ​ស្ថិតនៅក្នុង​សង្កាត់​អរិយ​ក្សត្រ​តែម្តង​។​

​ការរៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ក្រុង​អរិយ​ក្សត្រ ត្រូវ​អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ​។ ដោយ​ឡែក ការកំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ក្រុង​អរិយ​ក្សត្រ ក្រុមប្រឹក្សា​ស្រុក​ខ្សាច់កណ្តាល និង​ក្រុមប្រឹក្សា​ស្រុក​ល្វាឯម ត្រូវ​អនុលោម​តាម​មាត្រា​ ១៨ ​ថ្មី​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​មាត្រា ​៣ ​ថ្មី​នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​

​ជាមួយគ្នានេះដែរ​ «​ក្រុង​សំពៅ​ពូន​»​ នៃ​ខេត្តកណ្ដាល​ត្រូវបាន​អនុក្រឹត្យ​កំណត់ឱ្យ​កាត់​យក ​៥ ​ឃុំ​ពី​ស្រុក​កោះធំ​រួមមាន សង្កាត់​ឈើខ្មៅ សង្កាត់​ព្រែក​ជ្រៃ សង្កាត់​ព្រែក​ស្ពឺ សង្កាត់​ជ្រោយ​តាកែវ និង​សង្កាត់​សំពៅ​ពូន​។ រីឯ​ទី​តាំង​រដ្ឋបាល​ក្រុង​សំពៅ​ពូន ត្រូវ​ស្ថិតក្នុង​សង្កាត់​សំពៅ​ពូន​។​

​ចំណែក​ «​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​» នៃ​ខេត្តក្រចេះ​ត្រូវបាន​អនុក្រឹត្យ​កំណត់ឱ្យ​កាត់​យក​ ៥​ ឃុំ​ពី​ស្រុក​សំបូរ រួមមាន ឃុំ​ក្បាល​ដំរី ឃុំ​អូរ​គ្រៀង ឃុំ​អូរ​កណ្ដៀរ​​សែន​ជ័យ ឃុំ​រលួស​មានជ័យ និង​ឃុំ​ស្រែ​ជិះ​។ រីឯ​ទីតាំង​រដ្ឋ​បាល​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ត្រូវ​ស្ថិតក្នុង​ឃុំ​អូរ​គ្រៀង​។​

​ដោយឡែក អនុក្រឹត្យ​មួយទៀត សម្រេច​បំបែក​ស្រុក​ឧដុង្គ​ជា​ ២​ គឺ​បំបែក​ទៅជា​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ និង​ស្រុក​សាមគ្គី​មុនី​ជ័យ​នៃ​ខេត្តកំពង់ស្ពឺ​។​ក្នុងនោះ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​មាន​សង្កាត់​ ៥ ​គឺ​សង្កាត់​វាំង​ចាស់​, វាល​ពង់ ត្រាច​ទង​, ព្រះ​សែ និង​សង្កាត់​ក្សេមក្សាន្ដ​។​រីឯ​ទីតាំង​រដ្ឋបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​ត្រូវ​ស្ថិតក្នុង​សង្កាត់​វាល​ពង់​។​ចំណែក ស្រុក​​សាមគ្គី​មុនី​ជ័យ មាន​ឃុំ​ចំនួន​ ១០​ គឺ​ឃុំ​ចាន់​សែន​, ជើង​រាស់​, ជម្ពូព្រឹក្ស​, ក្រាំងចេក​, មានជ័យ​,​ព្រៃ​ក្រសាំង​,​យុទ្ធ​សាមគ្គី​,​ដំណាក់​រាំង​,​ពាំង​ល្វា និង​ឃុំ​ភ្នំ​តូច​។​រីឯ ទីតាំង​រដ្ឋបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ត្រូវ​ស្ថិតនៅ​ឃុំ​ជើង​រាស់​។​

​យ៉ាងណាក្ដី ប្រធាន​ម​ជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិ​វឌ្ឍន៍ និង​សន្ដិភាព លោក យង់ គិ​ម​អេង បាន​លើកឡើងថា បើ​ផ្អែកលើ​ជំរឿន​ថ្មីៗ​នេះ​ចំនួន​ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​មាន​ប្រមាណ ​១៨ ​លាន​នាក់​។ លោក​បន្តថា ជា​ទស្សនៈ​ផ្ទាល់ខ្លួន លោក​មិនទាន់​មើលឃើញ​ពី​ភាពចាំបាច់​ត្រូវបង្កើត​ក្រុង ស្រុក ខណ្ឌ ថ្មី​ទេ​។​

​លោក​ថ្លែងថា​៖ «​បើ​យើង​មើលទៅ​ក្រុង ស្រុក ដែលមាន​បច្ចុប្បន្ននេះ​ក៏​មិនទាន់​ដល់​ដំណាក់កាល​ដែលថា​ហួស​ពី​សេចក្តីត្រូវការ ឬ​ហួស​សមត្ថភាព​ដែល​អាច​គ្រប់គ្រង​បានដែរ​»​។​

ជុំវិញ​បញ្ហា​នេះ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ធ្លាប់បាន​លើកឡើងថា ការសម្រេច​បង្កើត​ក្រុង ស្រុក​ឬ​ឃុំ សង្កាត់ ថ្មី ដើម្បី​ឆ្លើយតប​តម្រូវ​ការជាក់ស្តែង​នៃ​កំណើនសេដ្ឋកិច្ច និង​កំណើនប្រជាជន ជា​ពិសេស​បង្ខិត​សេវាសាធារណៈ​ឱ្យបាន​ទៅដល់​មូលដ្ឋាន​៕