
ការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់ស្ត្រីនៅខេត្តស្ទឹងត្រែងកាលពីខែវិច្ឆិកា ឆ្នាំនេះ។ រូបថត មន្ទីរកិច្ចការនារីខេត្ត
ស្ទឹងត្រែងៈ អង្គការភ្លែនអន្តរជាតិកម្ពុជា នឹងរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់ខេត្តស្ទឹងត្រែងរយៈពេល ៤ ថ្ងៃ ដើម្បីបង្ហាញពីគម្រោងចំនួន ៤ ដែលកំពុងដំណើរការនៅក្នុងខេត្តនេះក្នុងការលើកកម្ពស់សិទ្ធិអំណាចក្មេងស្រី ខណៈខេត្តស្ទឹងត្រែងជាខេត្តគោលដៅមួយដែលក្មេងស្រី មិនទទួលបានការយកចិត្តទុកដាក់ និងប្រឈមនឹងការរើសអើង។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់ខេត្តស្ទឹងត្រែង នឹងធ្វើឡើងនៅថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៣ ដើម្បីចែករំលែកព័ត៌មាន និងបង្ហាញពីគម្រោងចំនួន៤ ដែលកំពុងដំណើរការនៅក្នុងខេត្តនេះ និងការជះផលវិជ្ជមានទៅកាន់សហគមន៍។
គម្រោងទាំង ៤ ដែលកំពុងដំណើរការនៅក្នុងខេត្តស្ទឹងត្រែង គឺមានគម្រោងការរៀនពេញ ១ ជីវិត គម្រោងការចាប់ផ្តើមជាមួយសុខភាពល្អគម្រោងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងគម្រោងផ្សព្វផ្សាយពីការបង្ការ និងការពារពីជំងឺកូវីដ១៩។ នេះបើតាមការអះអាងរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា។
អង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់ថា៖«ក្រុមអ្នកសារព័ត៌មាន នឹងបានទៅដល់អនុវិទ្យាល័យ១កន្លែង ដែលត្រូវបានសាងសង់ដោយអង្គការភ្លែនអន្តរជាតិកម្ពុជា និងបានចូលរួមចំណែកកាត់បន្ថយការបោះបង់ការសិក្សារបស់ក្មេងស្រី និងយុវជននៅតំបន់នោះ។ អនុវិទ្យាល័យនេះផងដែរ មានបន្ទប់ទឹកបានបែងចែកជាបន្ទប់ទឹកស្រី និងបន្ទប់ទឹកប្រុស ព្រមទាំងមានកន្លែងដាក់សម្ភារអនាម័យ ដូចជាសំឡីអនាម័យ ជាដើម ដែលបង្កភាពងាយស្រួល និងសុវត្ថិភាពសម្រាប់សិស្សស្រី»។
បន្ថែមពីនេះ ក្រុមអ្នកសារព័ត៌មាន ក៏នឹងបានស្វែងយល់ពីការលូតលាស់ និងអាហារូបត្ថម្ភកុមារដែលមានអាយុក្រោម៥ឆ្នាំ ដូចជា ការវាស់ដើមដៃ និងថ្លឹងទារក និងកុមារ បបរខាប់គ្រប់គ្រឿង និងអត្ថប្រយោជន៍សួនបន្លែតាមផ្ទះតាមរយៈគម្រោងការចាប់ផ្តើមជាមួយសុខភាពល្អ នៅខេត្តស្ទឹងត្រែង។
អង្គការភ្លែនអន្តរជាតិកម្ពុជាបានបញ្ជាក់ទៀតថា៖«ក្រុមអ្នកសារព័ត៌មាន នឹងចូលរួមក្នុងកម្មវិធីសន្ទនាអន្តរជំនាន់ដែលជាការលើកឡើងពីបញ្ហារបស់កុមារ ដោយកុមារផ្ទាល់ជាពិសេសការរៀបការវ័យក្មេងទៅកាន់ឪពុកម្តាយ និងអាជ្ញាធរ ព្រមទាំងស្វែងរកការប្តេជ្ញាចិត្តរបស់ពួកគាត់ផងដែរ។ សកម្មភាពមួយទៀត គឺការធ្វើបទបង្ហាញរបស់ក្រុមយុវជនដែលបានប្រើប្រាស់គម្រោងថវិកាខ្នាតតូច ដើម្បីផ្សព្វផ្សាយពីផលវិបាកនៃការបោះបង់ការសិក្សា និងការរៀបការវ័យក្មេង»។
រីឯចំណុចចុងក្រោយ ក្រុមអ្នកសារព័ត៌មាននឹងស្វែងយល់ពីការលើកកម្ពស់ការយល់ដឹងលើបញ្ហាកូវីដ១៩ និងការបង្ការការពារក្នុងសហគមន៍នៅខេត្តស្ទឹងត្រែងដោយផ្ទាល់ក្នុងអំឡុងពេលបំពេញទស្សនកិច្ចខណៈក៏មានជនបង្គោលមកពីមន្ទីរសុខាភិបាលខេត្តលើកិច្ចការនេះនឹងចូលរួមផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការនេះ។
លោក យី គីមថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៦ធ្នូថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានលើកនេះ នឹងជួយបង្កើតឱកាសបន្ថែមសម្រាប់អ្នកសារព័ត៌មានដើម្បីស្វែងយល់អំពីបញ្ហានានា ដែលកុមារជាពិសេសកុមារីនិងសហគមន៍របស់់ពួកគេបាននិងកំពុងជួបប្រទះ។
លោកជឿថា ក្រោយដំណើរទស្សនកិច្ចនេះសំឡេងរឿងរ៉ាវនិងការផ្លាស់ប្រែរបស់អ្នកចូលរួមកម្មវិធីរបស់អង្គការភ្លែនអន្តរជាតិកម្ពុជានឹងត្រូវបានបង្ហាញ និងស្តាប់ឮដោយអ្នកសារព័ត៌មានហើយព័ត៌មានទាំងនេះ នឹងត្រូវបានផ្សព្វផ្សាយបន្តទៅដល់សាធារណជន និងអ្នកធ្វើគោលនយោបាយផងដែរ។
លោកគីមថាន បានបញ្ជាក់ថា៖«អង្គការភ្លែន បានអនុវត្តកម្មវិធីរបស់ខ្លួននៅទីនោះ អស់រយៈពេលជាង៥ឆ្នាំមកហើយ។ សកម្មភាព និងបទអន្តរាគមន៏ជាច្រើនត្រូវបានអនុវត្ត។ បទពិសោធន៍ និងផលជះល្អៗជាច្រើនត្រូវទទួលបានដោយអ្នកទទួលផល និងកុមារ»។
ប៉ុន្តែទោះបីយ៉ាងណា លោកនៅតែមើលឃើញថា បញ្ហាជាច្រើននៅតែកើតមានឡើងដូចជាភាពក្រិសក្រិនក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំមានកម្រិតខ្ពស់ដល់ទៅ២៩,១ភាគរយនៅស្ទឹងត្រែង និង៣៩,១ភាគរយនៅរតនគិរី ផ្អែកលើ CDHS ឆ្នាំ២០២១ និងឆ្នាំ២០២២។ បន្ថែមពីនេះ លោកថា មានកុមារតែ១៦ភាគរយប៉ុណ្ណោះ ក្នុងនោះ៤៣ភាគរយនៃ១៦ភាគរយ ជាក្មេងស្រី ដែលបានចុះឈ្មោះចូលរៀននៅអនុវិទ្យាល័យក្នុងខេត្តស្ទឹងត្រែង។
តាមលោក យី គីមថាន សកម្មភាពគម្រោទាំង៤ ដែលអ្នកសារព័ត៌មាននឹងត្រូវធ្វើដំណើរទស្សនកិច្ចនេះ ក៏កំពុងអនុវត្តនៅខេត្តឬតំបន់ផ្សេងៗទៀតដូចជា ការបោះបង់ចោលការសិក្សារបស់កុមារនៃកម្មវិធីរៀនពេញ១ជីវិត នៅខេត្តសៀមរាប និងរតនគិរី។ គម្រោងកម្មវិធីចាប់ផ្តើមជាមួយសុខភាពល្អ កំពុងអនុវត្តនៅខេត្តសៀមរាបក្រចេះ និងរតនគិរី។ ចំណែកគម្រោងការរៀបការវ័យក្មេងនៃកម្មវិធីភាពជាអ្នកដឹកនាំក្មេងស្រីកំពុងអនុវត្តនៅខេត្តសៀមរាប និងរតនគិរី ខណៈគម្រោងផ្សព្វផ្សាយពីការបង្ការ និងការពារពីជំងឺកូវីដ១៩ ក៏កំពុងអនុវត្តនៅខេត្តរតនគិរី ក្រចេះ ព្រះវិហារនិងមណ្ឌលគិរី ផងដែរ៕