
ការប្រកួតប្រជែងការអាន ដែលរៀបចំឡើង ដោយបណ្ណាល័យខេត្តកំពង់ស្ពឺ និង យុទ្ធនាការ សៀវភៅ ១ សហគមន៍ ១ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣។ រូបថត One Book One Community
ភ្នំពេញៈ បណ្ណាល័យខេត្តកំពង់ស្ពឺ សហការជាមួយយុទ្ធនាការ សៀវភៅ១ សហគមន៍១ នឹងរៀបចំការប្រកួតប្រជែងការអានសៀវភៅជាលើកដំបូងប្រចាំខេត្តកំពង់ស្ពឺ ដើម្បីជ្រើសរើសបេក្ខជនតំណាងខេត្ត មុននឹងឈានទៅស្វែងរកបេក្ខជនជាបន្តបន្ទាប់តំណាងរាជធានី-ខេត្តទាំង ២៥ ចូលរួមប្រកួតប្រជែងជើងឯកបំបែកជើងឯកប្រចាំប្រទេស។
កម្មវិធីប្រកួតប្រជែងការអាននៃយុទ្ធនាការសៀវភៅ១ សហគមន៍១ ប្រចាំខេត្តកំពង់ស្ពឺ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ទន្ទឹមនឹងព្រឹត្តិការណ៍ប្រកាសជាផ្លូវការគម្រោងយុទ្ធនាការលើកកម្ពស់ការអានជាសាធារណៈ ដែលមានឈ្មោះថា សៀវភៅ១ សហគមន៍១ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គម្រោងយុទ្ធនាការ សៀវភៅ១ សហគមន៍១ ថ្ងៃប្រកួតផ្តាច់ព្រ័ត្រប្រចាំខេត្តកំពង់ស្ពឺក្នុងកម្មវិធីប្រកួតប្រជែងការអាន នឹងត្រូវធ្វើឡើងរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១៣ ខែមករា តែម្តង ដើម្បីជ្រើសរើសបេក្ខជនជយលាភីប្រចាំកំពង់ស្ពឺ ដើម្បីយកទៅប្រកួតក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
សេចក្តីប្រកាសបញ្ចាក់ថា៖«ថ្ងៃផុតកំណត់នៃការដាក់ពាក្យចូលរួម នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គោលដៅសម្រាប់យុវជនទូទៅ ចាប់ពីអាយុ១៥ ដល់៣០ឆ្នាំ(ដំណាក់កាលទី១ គឺសម្រាប់ខេត្តកំពង់ស្ពឺ)។ បេក្ខជន១០០នាក់ក្នុង១ខេត្ត សម្រាប់ការជ្រើសរើសវគ្គដំបូង និងម្ចាស់ជយលាភីម្នាក់ក្នុង១ខេត្ត»។
សេចក្តីប្រកាសឱ្យដឹងដែរថា ចំពោះបេក្ខជនជយលាភីក្នុងការប្រកួតប្រចាំខេត្តនីមួយៗ ដែលជាអ្នកជយលាភីលេខ១ នឹងទទួលបានថវិកា៦០ម៉ឺនរៀល អ្នកជយលាភីលេខ២ នឹងទទួលបានថវិកា៣០ម៉ឺនរៀល ហើយអ្នកជយលាភីលេខ៣ នឹងទទួលបានកាដូអនុស្សាវរីយ៍ផ្សេងៗ។
លោកសុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត និងជាសហស្ថាបនិកយុទ្ធនាការសៀវភៅ១ សហគមន៍១ បាននិយាយថា កម្មវិធីប្រកួតប្រជែងការអាននេះ គឺធ្វើឡើងក្នុងគោលបំណងជំរុញឱ្យមានអ្នកអាន និងអ្នកអប់រំកាន់តែច្រើន និងបង្កើនការយល់ដឹងអំពីសារ:សំខាន់នៃការអាន ព្រមទាំងចូលរួមបំផុសសក្ដានុពលនៃធនធានមនុស្សនៅថ្នាក់មូលដ្ឋាននិងខេត្ត។
លោកបន្តថា ការប្រកួតប្រជែងការអាន ដែលនឹងរើសម្ចាស់ជយលាភីចេញពីរាជធានី-ខេត្តទាំង២៥ នឹងចូលរួមបណ្តុះទម្លាប់នៃការអាន និងចែករំលែកទស្សនៈ ការយល់ឃើញ ចំណេះដឹង និងមិត្តភាព សម្រាប់អ្នកអានជាយុវជននៅកម្ពុជា ព្រោះបេក្ខជនប្រចាំខេត្តនីមួយៗ នឹងជួបគ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដែលមានឈ្មោះថា ជើងឯកបំបែកជើងឯកប្រចាំប្រទេស។
លោកបញ្ជាក់ថា៖«តាមការរំពឹងទុក នៅពេលជ្រើសរើសបានម្ចាស់ជយលាភីលេខ១ ក្នុងខេត្តនីមួយៗមក ការប្រកួតប្រជែងជើងឯកបំបែកជើងឯកប្រចាំប្រទេស នឹងទទួលបានធនធាន២៥នាក់ និងជាថ្នាលបន្ដការសិក្សា ដែលជាសសរទ្រូងប្រទេសជាតិ»។
លោកសឿង សារ៉ាន់ ប្រធានបណ្ណាល័យកំពង់ស្ពឺ និយាយថា សម្រាប់បេក្ខជន ជើងឯកជយលាភីផ្នែកអំណានប្រចាំប្រទេស ក៏នឹងទទួលបានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនផងដែរ។ លើសពីនេះទៀត កម្មវិធីដ៏កម្រ និងលើកដំបូងនេះ នឹងផ្ដល់ឱកាសឱ្យអ្នកចូលចិត្តអានអាចស្វែងរកសៀវភៅអាន និងស្នាដៃនានាដ៏សម្បូរបែបក្នុងកម្មវិធីពិព័រណ៍ និងផ្សារណាត់សៀវភៅទៀតផង។
លោកថ្លែងថា៖«កម្មវិធីប្រកួតប្រជែងការអានសៀវភៅជាលើកដំបូងប្រចាំខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមដំណើរការដំបូងនៅបណ្ណាល័យកំពង់ស្ពឺ ស្របជាមួយនឹងព្រឹត្តិការណ៍ប្រកាសជាផ្លូវការគម្រោងយុទ្ធនាការសៀវភៅ១ សហគមន៍១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣, ១៤, ១៥(សុក្រ សៅរ៍ អាទិត្យ) ខែមករា ឆ្នាំ២០២៣ មុននឹងបន្តសកម្មភាពបន្តបន្ទាប់ទៅខេត្ត-ក្រុងដទៃទៀតទូទាំងប្រទេស»។
លោកសឿន សារ៉ាន់ អំពាវនាវដល់សា្ថប័នសាធារណៈ និងឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជននៅក្នុងមជ្ឈដ្ឋាននៃខេត្តកំពង់ស្ពឺ ចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើនកុះករ។ ចូលរួមក្នុងស្មារតីរួមចំណែកលើកកម្ពស់ទម្លាប់អាន និងការសិក្សាស្វែងយល់នូវគន្លឹះសំខាន់ៗសម្រាប់ដុសខាត់សតិបញ្ញា ផ្នត់គំនិត ដែលជាមូលដ្ឋានក្នុងការកសាងសមត្ថភាពប្រកបដោយសក្តានុពល ឈានទៅសម្រេចផែនការជីវិតដ៏ប្រសើរនៅពេលអនាគត និងស្វែងរកឱកាសបង្ហាញសមត្ថភាពនាំយកស្នាដៃ និងកិត្តិយស ជូនទឹកដីមាតុភូមិផងដែរ។
យុទ្ធនាការសៀវភៅ១សហគមន៍១ គឺជាគម្រោង ដែលបង្កើតឡើង ដើម្បីលើកកម្ពស់វិស័យអំណានទៅដល់យុវជននៅក្នុងប្រទេសកម្ពុជា តាមរយៈព្រឹត្តិការណ៍សំខាន់ៗចំនួន៥ គឺការប្រកួតប្រជែងការអាន ការចែកសៀវភៅ បណ្ណាល័យចល័ត ការអភិវឌ្ឍបណ្ណាល័យ និងផ្សារណាត់។ គម្រោងនេះ នឹងដាក់ឱ្យដំណើរការរយៈពេល ២៥ខែ ចាប់ផ្តើមពីដើមឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៤។ នេះបើតាមលិខិតប្រកាសរបស់គម្រោងយុទ្ធនាការសៀវភៅ ១ សហគមន៍១៕