ភ្នំពេញៈ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គជប ) បាន​កំណត់​កាល​បរិច្ឆេទ​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​សមា​ជិក​ក្រុម​ប្រឹក្សា​ក្រុង-ស្រុក​ទាំង​៥ ដែល​រដ្ឋាភិបាល​ទើប​ចេញ​អនុ​ក្រឹត្យ​​បង្កើតថ្មី នៅក្នុង​អំឡុង​ខែមេ​សា ឆ្នាំ ២០២៣ ខាង​មុខ​។

លោក សោម សូរីដា អគ្គលេខា​ធិការ​រង គជប ថ្លែង​ថា ជាធម្មតា នៅពេល​ដែល​មាន​ការ​បង្កើតក្រុង​ ស្រុក​ថ្មី គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​តួនាទី​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ដើម្បី អនុ​លោម​ទៅតាម​ច្បាប់។

ក្នុង​ដំណាក់​កាល​ចាប់​ពីពេល​នេះ​តទៅ គជប កំពុង​រៀបចំ​ផែ​ន​ការមេ រួម​ទាំង​ប្រតិទិន​ក្នុង​ការបោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​សម្រាប់​ក្រុង ស្រុក​ដែល​ទើប​បង្កើត​ថ្មី ។

ដោយ​ឡែក​​សម្រាប់​សមាជិក​ក្រុម​ប្រឹក្សា ត្រូវ​បាន​កំណត់​ដោយ​អនុ​ក្រឹត្យ​របស់រាជ​រដ្ឋាភិ​បាល មាន​ប្រធាន ក្រុម​ប្រឹក្សា និង​សមាជិក​របស់​ក្រុម​ប្រឹក្សា ទៅ​តាម​ការ​កំណត់​របស់​អនុ​ក្រឹត្យ​នេះ ​។

លោក​សោម សូរីដា​ថ្លែង​ថា​៖« សម្រាប់​អាណត្តិ​របស់​ក្រុម​ប្រឹក្សា​នេះ នឹង​​​ចាប់​គិត​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៤ ហើយ​នៅ​ពេល​ដល់​ឆ្នាំ​នេះ នឹង​មាន​ការ​បោះ​ឆ្នោត​ម្តង​ទៀត។ ដូច្នេះ អាណត្តិ​របស់​ក្រុម​ប្រឹក្សា​ក្រុង​ស្រុក​ថ្មី​នេះ ក៏នឹង​ត្រូវ​បាន​បញ្ចប់​ដូច​ក្រុម​ប្រឹក្សា​ចាស់​ផង​ដែរ​» ។

ក្នុង​ដំណើរ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ក្រុង​ស្រុក​ថ្មី​នេះ គណ​បក្ស​នយោបា​យ​ដែលបា​នចុះបញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ អាច​ដាក់​បេក្ខជន​របស់​ខ្លួន​ឈរ​ឈ្មោះ ចូល​រួម​ប្រកួត​ប្រជែង ដើម្បី​ទទួល​បាន​មុខ​តំណែង​ក្នុង​ក្រុម​ប្រឹក្សា​ក្រុង ​ស្រុក​ផង​ដែរ​។

លោក​ ញឿន រ៉ាដែន អ្នក​នាំពាក្យ​គណ​បក្សហ៊្វុន​ស៊ិន​ប៉ិច ថ្លែង​ថា គណ​បក្សលោក​បា​ន​ទទួល​រួច​ហើយ​ពីការ​បង្កើត​ក្រុង​ស្រុក​ថ្មី​របស់​រាជ​រដ្ឋាភិ​បាល ។

ជាមួយ​គ្នា​នេះ គណ​បក្ស​ក៏​បាន​និង​កំពុង​ត្រៀម​បេក្ខ​ជន សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​សមា​ជិក​ក្រុម​ប្រឹក្សា​ក្រុង ស្រុក​ថ្មី​នេះផង​ដែរ ​។

លោក​ថា ទោះជា​នៅក្នុង​ក្រុង​ស្រុក​ថ្មី​នោះ គណ​បក្ស​ហ៊្វុនស៊ិន​ប៉ិច មិ​ន​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​នៅ​ក្នុង​ក្រុង​ស្រុក ដែល​បង្កើត​ថ្មី​ក៏ដោយ ក៏​គណបក្ស នឹង​ដាក់​បេក្ខ​ជន ចូល​រួម​ប្រកួត​ប្រជែង​ដែរ ពីព្រោះ​នេះ គឺមាន​សារៈ​សំខាន់​សម្រាប់​គណ​បក្ស​ក្នុង​ទិសដៅ​​ដាក់​បេក្ខ​ជន​សម្រាប់​អាណត្តិ​នៅពេល​ខាង​មុខ។​

លោ​កនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពីថ្ងៃ​ទី ២៣ ខែធ្នូ ឆ្នាំ ២០២២ បាន​ចេញ​អនុក្រឹត្យ​ដាច់​ដោយ​ឡែក​ពីគ្នា សម្រេច​បង្កើ​តក្រុ​ងចំ​នួន ២ នៅ​ខេត្ត​កណ្តាល គឺក្រុង​អរិយ​ក្សត្រ និងក្រុង​សំពៅ​ពូន ហើយ​បង្កើត​ស្រុក ​១ ទៀត​នៅ​ខេត្ត​ក្រចេះ ​គឺស្រុកអូរ​គ្រៀង​សែនជ័​យ​ ហើយ​ក៏​បាន​បំបែក​ស្រុក ឧដុង្គជា ២ នៅ​ខេត្ត​កំពង់​ស្ពឺ​៕