កណ្តាល​/​កំ​ពតៈ លោកនាយក​រដ្ឋមន្ត្ រី​ហ៊ុន សែន និង​លោក​ វ៉ាង វិ​ន​ធៀន​ ​(Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បើក​ការដ្ឋាន​សាងសង់​លើក​កម្រិត គុណភាព​ផ្លូវជាតិ​លេខ​​ ៤១ ប្រវែង ជាង​ ៩៥ គីឡូម៉ែត្រ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៦៧ លាន​ដុល្លារ​អាមេរិក ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៤ ខេត្តកណ្តាល ទៅដល់​ផ្លូវជាតិ​លេខ​ ៣ ខេត្តកំពត​។​

​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន នា​ថ្ងៃទី​ ២៦ ខែធ្នូ លោក​ហ៊ុន សែន ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ពី​សំណាក់ ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ដងផ្លូវ​នេះ ដោយសារ​ការសាងសង់ ពិតជា​រំខាន​ទៅដល់​ប្រជាពលរដ្ឋ ក្នុង​មួយរយៈ​កាល​។ ប៉ុន្តែ​បន្ទាប់ពី​ការសាងសង់​រួចហើយ ផ្លូវ​នេះ​នឹង ផ្តល់​ផលប្រយោជន៍​ធំធេង​ណាស់ សម្រាប់ ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ ឬក៏​អ្នកធ្វើដំណើរ នឹង​ទទួលផល​ប្រយោជន៍​ពី​ផ្លូវ​នេះ​។​

​លោក​ថ្លែងថា​៖ «​ធ្វើ​ផ្លូវ​ពិតជា​ផ្តល់​ប្រយោជន៍​ធំ​ណាស់​សម្រាប់​យើង​។ ដូច្នេះហើយ​បានជា​យើង​សុខចិត្ត​ចំណាយ​ទុន​។ កាលពី​មុននេះ យើង​ចាយ​អស់ ៤៦​ លានជាង [​ជាង​ ៤៦ ​លាន​ដុល្លារ​អាមេរិក​]​។ ប៉ុន្តែ​ឥឡូវនេះ យើង​ត្រូវ​ចាយ​អស់ ៦៧ ​លាន​ដែល​គ្រោង​ជាមួយនឹង​ការចំណាយ​សម្រាប់​ការសាងសង់​ផ្លូវ​ ១ ​ខ្សែ​នេះ​។ សមិទ្ធផល​ទាំងអស់នេះ​មិនបាន​ធ្លាក់​ពីលើ​មេឃ​ទេ ក៏ប៉ុន្តែ វា​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​»​។​

​លោក​បន្តថា ប្រទេស​ចិន​ បាន​ជួយ​កម្ពុជា​ក្នុងការ​កសាង​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ចាំបាច់​ទាក់ទង​ជាមួយ នឹង​ផ្លូវ ស្ពាន ដែល​បានធ្វើ​រយៈ​​ពេល​កន្លងទៅ​។ រហូតមកដល់​ពេលនេះ ប្រទេស​ចិន​បាន​ចូល​​រួមចំណែក​ជួយ​សាងសង់​ផ្លូវ​នៅ​កម្ពុជា​បាន​ចំនួន​ ៣០ ខ្សែ​ដែលមាន​ប្រវែង​ជាង ​៣ ០០០​ គីឡូម៉ែត្រ ដោយ​ចំណាយ​ថវិកា អស់​ជិត ២ ០០០​ លាន​ដុល្លារ​អាមេរិក​។ ផ្លូវ​ដែល​កំពុង​សាងសង់​មាន​ចំនួន ៣ ​ខ្សែ​ទៀត ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ​៥០០​ លាន​ដុល្លារ​អាមេរិក​។ ចំណែក​ស្ពាន​ធំៗ មាន​ចំនួន​ ៩ ដែល​បាន​កសាង​រួច​។​

​លោក​ ហ៊ុន សែន បាន​ថ្លែងថា​៖ «​ជោគវាសនា​រួម​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន​បាន​បង្កើត​នូវ​ការជឿទុកចិត្ត​គ្នា ហើយ​ដែល​មិត្ត​ចិន ក្រៅពី​ការផ្តល់​ជំនួយឥតសំណង ក៏​នៅបាន​ផ្តល់នូវ​ឥណទាន​សម្បទាន សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​»​។​

​លោក​បន្ថែមថា​៖ «​រឿងនេះ​គេ​អាច​មើលឃើញ​ជាក់ស្តែង​នៅតាម​សមិទ្ធផល​ទាំងអស់ ដែល​ប្រជាពលរដ្ឋ​របស់​យើង បាននិងកំពុង​ធ្វើដំណើ​រលើ​ផ្លូវ លើ​ស្ពាន បាននិងកំពុង​ចូលរៀន​ក្នុង​សាលារៀន បាននិងកំពុង​ចូល​សម្រាក​នៅតាម​មន្ទីរពេទ្យ បាន​និង​កំពុង​ទទួល​ទឹក​សម្រាប់​ការ​​ដាក់​ស្រែ​។ ខ្ញុំ​អម្បាញ់មិញ ខ្ញុំ​គ្រាន់តែ​និយាយ​ពី​រឿង​ផ្លូវ​ទេ យើង អត់​ទាន់​និយាយ​ពី​ប្រព័ន្ធ​ធា​រា​សាស្ត្រ​ធំៗ​ដែលមាន​ចរិត​ខ្នាត​ធំ​សម្រាប់​បណ្ដា​ខេត្ត​នានា ហើយ និង​ទាក់ទង​នឹង​វិស័យ​ដទៃទៀត​ដែល​មិត្ត​ចិន​បាន​ជួយ​»​។​

​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែង​ក្នុង​ពិធី​នេះ​ថា គម្រោង​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​ ៤១ ​នេះ មាន​ប្រវែង​ជាង​ ៩៥​ គីឡូម៉ែត្រ ចាប់ពី​ថ្នល់​ទទឹង ត្រង់ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​ ៤ ខេត្តកណ្តាល ទៅដល់​ស្រុក​ជុំ​គិរី ត្រង់ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​ ៣ ខេត្តកំពត​។​

​បើតាម​លោក​រដ្ឋមន្ត្រី​ស៊ុន​ចាន់ថុល គម្រោង​ផ្លូវ​នេះ​នឹង​ប្រើពេល​សាងសង់​ចំនួន​ ៤០ ​ខែ ស្មើនឹង​រយៈពេល​ជាង​ ៣ ​ឆ្នាំ ដោយ​គ្រោង​នឹង​បញ្ចប់ នៅ​អំឡុង​ឆ្នាំ​ ២០២៦ និង​គ្រោង​ចំណាយ​ថវិកា​សរុប ប្រមាណ ៦៧ ​លាន​ដុល្លារ​អាមេរិក ដែលជា​ឥណទាន​សម្បទាន បានមកពី​រដ្ឋាភិបាល​ចិន រួម​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់ ការដោះស្រាយ​ផលប៉ះពាល់ និង​ពន្ធអាករ​ផ្សេងៗ​។​

​លោក​ ស៊ុន ចាន់ថុល បាន​ថ្លែងថា ផ្លូវជាតិ​លេខ​ ៤១ គឺជា​សរសៃឈាម​សេដ្ឋកិច្ច ដ៏​មាន​សារៈសំខាន់ សម្រាប់​ឆ្លងកាត់​ខេត្ត​ចំនួន​ ៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្តកំពត និង​ត​ភ្ជាប់​ទៅកាន់​កំពង់ផែ​អន្តរជាតិ​សំខាន់ៗ ដូចជា​កំពង់​ផែ​ក្រុងព្រះសីហនុ កំពង់ផែ​ពហុ​បំណង​ខេត្តកំពត និង​មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម ដែល​កំពុង​សាងសង់​កំពង់ផែ​ទេស​ចរណ៍​ខេត្តកំពត និង​កំពង់ផែ​​ទេសចរណ៍​ខេត្ត​កែប​កោះទន្សាយ ដែល​ទើប​សាងសង់​រួច​។ ផ្លូវ​នេះ​ថែមទាំង​ត​ភ្ជាប់​ទៅ​តំបន់​ទេសចរណ៍ធម្មជាតិ នៅតាម​បណ្ដា​ខេត្ត មាន​ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្តកំពត តាម​រយៈ​ខ្សែ​ផ្លូវជាតិ​លេខ​ ៣ ផ្លូវជាតិ​លេខ​ ៤ ផ្លូវជាតិ​លេខ​ ៣១ និង​ផ្លូវជាតិ​ ៣៣​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ក្រោយ​បញ្ចប់​ការសាងសង់ ខ្សែ​ផ្លូវ​នេះ នឹង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ និង​កសិផល​ដំណាំ​កៅស៊ូ ម្រេច ផល​នេសាទ អំបិល ដំណាំ​ស្រូវ និង​ផ្លែឈើ ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​»​។​

​លោក​ ស៊ុន ចាន់ថុល បានឱ្យដឹង ទៀតថា ផ្លូវជាតិ​លេខ​ ៤១ ​នេះ នឹងចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ តំបន់​ទេសចរណ៍​សំខាន់ៗ ដូចជា តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ កោះទន្សាយ តំបន់ឆ្នេរ និង​តំបន់​មាត់សមុទ្រ​ធម្មជាតិ​។ ខ្សែ​ផ្លូវ​នេះ ក៏​នឹង​ជួយ​សម្រួល​និង​បញ្ចៀស​ការកកស្ទះ​នៅលើ​ផ្លូវជាតិ​លេខ​ ៣ និង​ផ្លូវជាតិ​លេខ ​៤ បាន​ ១ កម្រិត​បន្ថែម​ទៀតផង​ដែរ​។​

​លោក ​វ៉ាង វិ​ន​ធៀន ថ្លែង​ក្នុង​ពិធី​នេះ​ថា ជោគវាសនា​រួមគ្នា រវាង​ចិន និង​កម្ពុជា ត្រូវបាន​​ឆ្លុះបញ្ចាំង​ក្នុងការ​គាំទ្រ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​ទៅវិញ​ទៅមក ដើម្បី​ការពារ​ផល​ប្រយោជន៍​ស្នូល​។

លោក​ថ្លែង​តាមរយៈ​អ្នកបកប្រែ​ថា​៖ «​រាជ​​រដ្ឋាភិបាល ដែល​កាន់អំណាច ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​គាំទ្រ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គោ​លន​យោ​បាយ​ចិន​មួយ​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​»​។

​លោក​បាន​ថ្លែងថា ពាក់ព័ន្ធ​បញ្ហា​ផលប្រយោជន៍​ស្នូល​របស់​ចិន​ភាគី​ចិន​បន្ត​ប្រកាន់​ខ្ជាប់​នូវ​ការគោរព​ឯករាជភាព​អធិបតេយ្យភាព និង​បូ​រណ​ភាព​ដែនដី​កម្ពុជា និង​គាំទ្រ​ចំពោះ​ជម្រើស នៃ​មាគ៌ា​អភិវឌ្ឍន៍ របស់​កម្ពុជា ស្របទៅនឹង​លក្ខខណ្ឌ​ជាតិ របស់​កម្ពុជា​។ ភាគី​ចិន​គាំទ្រ​ដោយ​ម៉ឺងម៉ាត់​ចំពោះ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​តួនាទី​របស់​កម្ពុជា លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​៕