កំពតៈ ​បុរស​នេសាទ​ម្នា​ក់បាន​បាត់​ខ្លួន​ទៅក្នុង​លម្ហ​សមុទ្រ​តាំងពី​យប់​ថ្ងៃទី​ ២៦ នៅក្បែរ​កោះទន្សាយ ខេត្ត​កែប ក្រោយពី​ទូក​នេសាទ​លិច​ដោយសារ​ផ្ទុក​លើស​ទម្ងន់​។​

លោក សឹម ហ៊ឹម ប្រធាន​សហគមន៍​នេសាទ​ត្រពាំង​សង្កែ ​ឃុំ​ត្រពាំង​សង្កែ ស្រុក ទឹកឈូ ខេត្តកំពត ​ហើយ​ដែល​​ទូក​សមាជិក​របស់ខ្លួន​ជួប​គ្រោះថ្នាក់​លិច​ទូក​នេះ​បាន​និយាយថា ​បុរស​នេសាទ​ម្នាក់​ដែល​បាន​បាត់​ខ្លួន​នៅក្នុង​លំហ​សមុទ្រ​កាលពី​យប់​ថ្ងៃទី​២៦ ហើយ​រហូតមកដល់​ថ្ងៃទី​២៧​ ធ្នូ ​នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។​

លោក​បន្តថា បើតាម​សម្តី​របស់​ជនរងគ្រោះ​ដែល​បាន​រួចផុតជីវិត​បាន​និយាយថា ​ពួកគេ​មាន​គ្នា​ចំនួន​៥​នាក់​ដោយ​ជិះទូក​មង​កេវ​ចេញទៅ​នេសាទ​ត្រី​។ ​នៅពេលនោះ​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៦ ​ធ្នូ ​នោះ​មិនមាន​ខ្យល់​ខ្លាំង​ទេ ​ហើយ​ពួកគេ​ក៏​រកត្រី​បាន​ច្រើន​ដែរ​។ ​បន្ទាប់ពី​រកត្រី​បាន​ច្រើន​ហើយក៏​នាំគ្នា​ត្រឡប់មក​ឃុំ​ត្រពាំង​សង្កែ ​ស្រុក​ឈូក ​វិញ​តែ​ជា​អកុសល​ក៏ លិច​ទូក​តែម្តងទៅ​។​គ្រានោះ​បុរស​ម្នា​ក់បាន​ហែល​ទឹកសមុទ្រ​សំដៅទៅ​ដីគោក​នៅ​កោះទន្សាយ​រីឯ​ជនរងគ្រោះ​៣​នាក់​ទៀត​ត្រូវ​នគរបាល​និង​យោធា​ជើង​ទឹក​ជួយសង្គ្រោះ​រួច​ជីវិត ​នៅឡើយ​តែ​បុរសរងគ្រោះ​ឈ្មោះ​បាន ​អាយុ ៥៤​ឆ្នាំ​បាន​លិច​ក្នុង​ទឹក​បាត់​រក​មិនឃើញ​ដោយសា​តែ​គាត់​មិនចេះ​ហែល​ទឹក​។

លោក​ប្រាប់ថា​៖«​បើតាម​ជនរងគ្រោះ​និយាយប្រាប់​ខ្ញុំ ​គាត់​ថា​ ទូក​លិច​ដោយសារ​លើស​ចំណុះ​ព្រោះ​រកត្រី​បាន​ច្រើន​។​ពួកគាត់​ដឹងថា ​ទម្ងន់​លើស​ចំណុះ​ទូក​ដែរ ​តែបើ​ពួកគាត់​លែង​ត្រី​ចូល​ទឹក​វិញ​ស្តាយ​»​។​

លោក​បន្ថែមថា​ ជនរងគ្រោះ​ទាំង​៥​នាក់​នោះ​មិនមែនជា​សមាជិក​នៅក្នុង​សហគមន៍​នេសាទ​របស់លោក​ទេ ​តែ​ម្ចាស់​ទូក​ជា​សមាជិក​ក្នុង​សហគមន៍​របស់លោក ​ហើយ​គាត់​បានឱ្យ​ជនរងគ្រោះ​ដែលជា​កម្មករ​របស់គាត់​ចេញទៅ​នេសាទ​។​ចំពោះ​ចំណុច​ដែល​ទូក​លិច​មក​ដីគោក​កោះទន្សាយ​មាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​។​ក្នុង​ប្រតិបត្តិ​ការតាមរក​សាក​សព​គឺ​សមត្ថកិច្ច​ប្រើ​អូ​ប័​រ​ខាងជើង​ទឹក​ចំនួន​៣​គ្រឿង ទូក​នេសាទ​២​គ្រឿង និង​ទូក​សម្រាប់​ដឹក​ភ្ញៀវទេសចរ​២​គ្រឿង​៕