កណ្តាលៈ លោ​ក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី នឹង​តម្រូវឱ្យ​អ្នកបើកបរ​គ្រប់​ប្រភេទ ត្រូវធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន ប៉ុន្តែ​មិនទាន់​កំណត់ថា នឹងត្រូវ​ធ្វើតេស្ត​ប៉ុន្មាន​ដង​ក្នុង​រយៈពេល​ ១​ ឆ្នាំ​នោះទេ​។​

​លោ​កស ខេង​បាន​មាន​ប្រសា​​សន៍​បែបនេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​សុក្រឹតការ​ថ្នាក់ដឹកនាំ​នគរបាល កម្រិត ​១ និង​កម្រិត ​២ ជំនា​ន់ទី ​២ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា ស្រុក​កៀនស្វាយ ខេត្តកណ្ដាល នា​ថ្ងៃទី​​ ២៧ ខែធ្នូ ឆ្នាំ ​២០២២​។​

​លោក​ថ្លែងថា​៖ «​ការធ្វើ​វិ​សោធ​​ន​កម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​នឹងមាន​ការបន្ថែម​ចំណុច​ ១ ​ដោយ​តម្រូវឱ្យ​អ្នកបើកបរ​យាន​យន្ត​គ្រប់​ប្រភេទ​ត្រូវតែ​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន ហើយ​ត្រង់​ថា យើង​នឹងត្រូវ​កំណត់​ធ្វើ​ប៉ុន្មាន​ឆ្នាំ​ម្តង​យ៉ាងណា​នោះ គឺ​នឹង​កំណត់ដោយ​រាជរដ្ឋាភិបាល ហើយ​ធ្វើ​តេស្ត​នៅទីណា ឬ​កន្លែង​ណា​នោះ ក៏​នឹង​កំណត់​នៅពេល​ក្រោយ​»​។

​ប៉ុន្តែ​ជាគោលការណ៍ គឺ​ត្រូវតែ​ធ្វើតេស្ត​ចំពោះ​អ្នកបើកបរ​យានយន្ត​ទាំងអស់ តាំងពី​អ្នក​​បើកបរ​ម៉ូតូ ម៉ូតូ​កង់​៣ ឬ​កង់​៤​ក៏ត្រូវ​តែ​ធ្វើ​ដូចគ្នា​ដែរ​។ ជាមួយ​គ្នា​នេះ​លោ​កស ខេង​ក៏បាន​ពន្យល់​ពី​ការធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន ដល់​អ្នកបើកបរ​យាន​យន្ត​គ្រប់​ប្រភេទ​នេះ គឺ​ដើម្បី​បង្ការ និង​ទប់​ស្កាត់​ការប្រើប្រាស់​សារធាតុ​ញៀន និង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​​ចរាចរណ៍​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​​ភាព​បន្ថែមទៀត ខណៈ​បញ្ហា​គ្រឿងញៀន និង​បញ្ហា​ចរាចរណ៍​នេះ​បាននិងកំពុង​ធ្វើឱ្យមាន​កង្វល់​យ៉ាងខ្លាំង​នៅ​កម្ពុជា​៕

វីដេអូ៖