ភ្នំពេញៈ រដ្ឋាភិបាល​ចិន ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ​ចំនួន​ ១ ​លាន​កម្រិត ដល់​កម្ពុជា ដើម្បី​រួមចំណែក​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ លើ​វិស័យ​កសិកម្ម ខណៈ​ជំងឺឆ្លង​សត្វ ត្រូវបាន​ចាត់ទុកជា​ឧបសគ្គ​ ១​ ចម្បង​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការចិញ្ចឹម​សត្វ ការ​ផ្គត់ផ្គង់​សាច់ និង​ផលិតផល​សត្វ​នៅលើ​ទីផ្សារ​ក៏ដូចជា​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

​កម្មវិធី​ប្រគល់​ទទួល​វ៉ា​ក់​សាំង​ការពារ​ជំងឺឆ្លង​សត្វ​ចំនួន​ ១​ លាន​កម្រិត ដែលជា​អំណោយ​របស់​ក្រសួងកសិកម្ម និង​កិច្ច​ការ​ជនបទ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា បានធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ​ ២០២២ នា​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​វ៉ាក់សាំង​សត្វ​ ១ លាន​កម្រិត​ដែល​កម្ពុជា​ទទួលបាន​នេះ គឺ​រួមមាន​វ៉ាក់សាំង​ដុំ​ពក​ស្បែក​គោក្របី​ចំនួន​ ៥០ ​ម៉ឺន​កម្រិត និង​វ៉ា​ក់​សាំង​ជំងឺ​អុតក្តាម​ចំនួន​ ៥០ ​ម៉ឺន​កម្រិត ខណៈ​វ៉ាក់សាំង​នេះ​ត្រូវបាន​អះអាងថា នឹង​ជួយ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​សត្វ ដែល​បាននិងកំពុង​កើតមាន​ជា​បន្ថែម​ទៅនឹង​វ៉ាក់សាំង​ដែល​កម្ពុ​ជាមាន​ស្រាប់​។​

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការផ្តល់​វ៉ាក់សាំង​ការ​ពារ​ជំងឺឆ្លង​សត្វ​ចំនួន​ ១ ​លាន​កម្រិត គឺជា​ការចូលរួមចំណែក​ក្នុងការ​គ្រប់គ្រង​ជំងឺឆ្លង​សត្វ​នៅ​កម្ពុជា​។ លោក បាន​បន្តថា វិស័យ​ចិញ្ចឹមសត្វ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ប្រាក់ចំណូល លើកកម្ពស់​ការរស់នៅ និង​ជំរុញ​សេដ្ឋកិច្ចជាតិ ខណៈ​ការ​ចិញ្ចឹមសត្វ គឺ​ត្រូវ​ពឹងផ្អែក​ជាសំខាន់​លើ​កត្តា​ពូជ ចំណី ការ​​គ្រប់គ្រង​សុខភាព និង​ការជំរុញ​ទីផ្សារ​។

​លោក បាន​បញ្ជាក់ថា​៖ «​កន្លងមក​អគ្គនាយក​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏​ដូច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​វិស័យនេះ​ឱ្យមាន​ការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​។ ប៉ុន្តែ​យើង​នៅតែ​ជួប​នូវ​បញ្ហាលំបាក​មួយចំនួន ហើយ​មន្ទីរ​​ពិសោធន៍ និង​ធនធានមនុស្ស​នៅមានកម្រិត បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ​»​។

​លោក ឌិ​ត ទីណា បាន​ថ្លែង​ដោយ​ចាត់ទុកថា ជំងឺឆ្លង​សត្វ គឺជា​ឧបសគ្គ​ ១​ ជា​ចម្បង​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការចិញ្ចឹម​សត្វ ការផ្គត់ផ្គង់​សាច់ និង​ផលិតផល​សត្វ​នៅលើ​ទីផ្សារ​ក៏ដូចជា​សេដ្ឋកិច្ច​នៅ​កម្ពុជា ខណៈ​ការផ្ទុះ និង​ការឆ្លង​រាល​ដាល​ជំងឺឆ្លង​ទាំងនេះ ធ្វើឱ្យ​ខូច​ខាត​យ៉ាងខ្លាំង​ដល់​អ្នក​ចិញ្ចឹមសត្វ និង​សេដ្ឋកិច្ច​។​

​លោក បានបញ្ជាក់​បន្តថា​៖ «​កម្ពុជា​កន្លងមក​បាន​ជួប​​ប្រទះ​នូវ​ការផ្ទុះ និង​ឆ្លង​រាល​ដាល​នៃ​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​អុតក្តាម ជំងឺសា​ទឹក​គោ​-​ក្របី ជំងឺប៉េស្ត​ជ្រូក ជំងឺ​ផ្តាសាយ​​បក្សី ជំងឺប៉េស្ត​ជ្រូក​អ្រា​ហ្វិ​ក និង​នាពេល​ថ្មីៗ​នេះ ជំងឺ​ដុំ​ពក​ស្បែក លើ​គោ​-​ក្របី ដែល​ធ្វើឱ្យ​ខូច​​ខាត​យ៉ាងខ្លាំង​ដល់​អ្នក​ចិញ្ចឹមសត្វ ជាពិសេស​កសិករ​នៅ​ជនបទ​»​។​

​លោក ឌិ​ត ទីណា ថ្លែងថា កន្លងមក​សាធារណរដ្ឋ​ប្រជា​មានិត​ចិន បាន​គាំទ្រ​វិស័យ​ចិញ្ចឹមសត្វ​កម្ពុជា តាមរយៈ​ការ​លើកកម្ពស់​ការចិញ្ចឹម​សត្វ និង​តាមរយៈ​គម្រោង និង​កិច្ច​សហ​ប្រតិបត្តិការ​នានា ក្នុងនោះ​មានកម្ម​វិធី​ឡ​ជីវឧស្ម័ន អំណោយ​ជា​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ និង​កម្មវិធី​បណ្តុះបណ្តាល​ជា​ច្រើន​។

​លោក Wang Wentian ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែងថា រដ្ឋាភិបាល​ចិន មាន​កិច្ចសហប្រតិបត្តិការ​ជា​ច្រើន​លើ​វិស័យ​សំខាន់ៗ នៃ​កសិកម្ម​កម្ពុជា ដូចជា​ដំណាំ ការចិញ្ចឹម​សត្វ នេសាទ កៅស៊ូ​ជាដើម ត្រូវបាន​អនុវត្ត​យ៉ាង​ពេញលេញ និង​ទទួលបាន​ផលិតផល​ជា​ផ្លែផ្កា​។ លោក បាន​ថ្លែងបន្តថា ការប្រគល់​វ៉ា​ក់​សាំង​ចំនួន ១​ លាន​កម្រិត​នេះ​ដល់​កម្ពុជា នឹង​ដើរតួនាទី​ជា​វិ​ជ្ជ​មាន​ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​ចិន មាន​គម្រោង​ជាច្រើន​ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​លោក​Wang Wentian បាន​បញ្ជាក់ថា​៖ «​យើង​ជឿជាក់ថា ក្រោម​ការដឹកនាំ​ជា​យុទ្ធ​​សាស្ត្រ និង​ការជំរុញ​ដោយផ្ទាល់​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ២ ចិន និង​កម្ពុជា និង​ការ​ជំរុញ​យ៉ាងសកម្ម​របស់​ក្រសួង​កសិកម្ម​នៃ​ប្រទេស​ទាំង​ ២​។ ភាព​ទម្លុះ​ថ្មី​នៃ​កសិកម្ម​ចិន និង​កម្ពុជា នឹង​សម្រេចបាន​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​នៃ​ប្រទេស​ទាំង​ ២ ​ឡើងដល់​កម្រិត​ថ្មី​ ១ ​ទៀត​»​។

​គួរ​រំឭក​ផងដែរ​ថា កាលពី​ថ្ងៃទី ​៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា និង​ក្រសួង​​កសិកម្ម និង​កិច្ចការ​ជនបទ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​ ២ ស្តីពី​ការពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​កា​រលើប​សុ​ឱសថ វត្ថុ​ធាតុ​ជីវ​បសុព្យាបាល និង​សារធាតុ បន្ថែម​ចំណី​សត្វ និង​ការ​ផ្តល់ជំនួយ​វ៉ាក់សាំង​សត្វ​ស្រប​ពេលដែល​គម្រោង​អាស៊ាន​-​ចិន គ្រោង​នឹង​សាងសង់​មន្ទីរ​ពិ​​សោធន៍​រោគវិនិច្ឆ័យ​ជំងឺ​សត្វ​ថ្នាក់ជាតិ​ជូន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ផងដែរ​៕