​កណ្តាលៈ គណៈកម្មាធិការ​​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែង​​ក្លាយ បាន​បង្ក្រាប​ទីតាំង​នាំចូល ផលិត ស្តុក​ទុក និង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​ក្លែង​ក្លាយ​ ១ ​កន្លែង ដោយ​រឹបអូស​ឡេ​លាប​ខ្លួន​ម៉ាក BLACK SHEEP ក្លែងក្លាយ​ជាង​ ៦ ​តោន ហើយ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន និង​ឈប់​ប្រើប្រាស់​ផលិតផល​ម៉ាក​នេះ​ពី​ផេ​ចលក់​ចែកចាយ​មួយចំនួន​។​

​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​នាំ​ចូល ផលិត ស្ដុក​ទុក និង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០២២​ដែលមាន​ទីតាំង​ស្ថិតនៅ​បុរី​ពិភពថ្មី​កំបូល​ ៣ ផ្ទះ​លេខ​ ៦២-៦៤ ផ្លូវ​លេខ​ ៨B ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​ ២៦ ខែធ្នូ លោក មៀ​ច សុផាន់​ណា ប្រធាន​-​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឱ្យដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​នេះ កម្លាំងចម្រុះ​របស់​គណៈ​​ក​ម្មា​ធិ​ការ (​គ​.​ប​.​ផ​.​ក​) បាន​រកឃើញ​ផលិតផល​គ្រឿងសម្អាង​ជាង​ ៦ តោន​។

​លោក បញ្ជាក់ថា​៖ «​ជនសង្ស័យ​បាន​លួច​ផលិត ស្តុក​ទុក និង​ចែកចាយ​ផលិត​​ផល​គ្រឿងសម្អាង ​(​ឡេ​)​ ម៉ាក BLACK SHEEP BODY LOTION ក្លែងក្លាយ គ្មាន​បទដ្ឋាន​បច្ចេកទេស និង​គ្មាន​ច្បាប់​អនុ​ញ្ញាត​ពី​ក្រសួងសុខាភិបាល​។ ជនសង្ស័យ​ក៏បាន​លួច​ក្លែងបន្លំ​ប្រភព​នៃ​ការផលិត​ឡេ​ម៉ាក BLACK SHEEP BODY LOTION ជា​ផលិតផល​របស់​ប្រ​ទេស​ថៃ ដែល​លួច​ផលិត​ដោយ​យក​វត្ថុធាតុដើម​ដូចជា ផលិត​ផល​ឱសថ និង​គ្រឿងសម្អាង​ក្លែងក្លាយ មក​លាយ​ផ្សំ​បញ្ចូល​គ្នា ដើម្បី​ផលិត​កែច្នៃ​គុណភាព​ផលិតផល​គ្រឿងសម្អាង​ក្លែង​​ក្លាយ​នេះ ដែល​ខុសពី​ផលិត​​ផល​ពិត​ដែល​បាន​ផលិត​នៅ​ប្រ​ទេស​ថៃ​»​។

​ជាមួយនឹង​ការបង្ក្រាប​នេះ​លោក មៀ​ច សុផាន់​ណា បានឱ្យដឹង​បន្តថា សមត្ថកិច្ច ក៏បាន​រកឃើញ​ករណី​លួច​ប្រើប្រាស់​បុគ្គលិក​ចំនួន ​២៣ ​នាក់ ដែល​ក្នុងចំណោម​បុគ្គលិក​ទាំងនោះ មាន​បុគ្គលិក​មួយចំនួន​ជា​អ​នី​​តិ​ជន​មិនទាន់​គ្រប់​អាយុ ក្នុងការ​បម្រើ​ការងារ​ដែល​ខុស​នឹង​ច្បាប់ របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ផងដែរ​។​

​លោក​ថា​៖ «​ទីតាំង​ប្រព្រឹត្ត​ខុសច្បាប់​នេះ មិន​អនុលោម​តាមច្បាប់ សម្រេច​ឱ្យ​បិទ​ទីតាំង ដោយ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យ​ការ​អម​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​»​។​

​លោក​ឯក ស៊ុន​រស្មី អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ ធ្នូ​ថា ករណីនេះ កំពុងស្ថិត​នៅក្នុង​សមត្ថកិច្ច​មន្ត្រីនគរបាល​យុត្តិធម៌​របស់​ក្រសួងមហាផ្ទៃ​ដើម្បី​បន្ត​នីតិវិធី​នៅឡើយ ដោយ​មិនទាន់​បញ្ជូន​មកដល់​តុលាការ​នៅឡើយ​ទេ​។​

​ជាមួយនឹង​ការបង្ក្រាប​ទីតាំង​ខាងលើនេះ លោក​សុផាន់​ណា បាន​អំពាវនាវ​ដល់​សាធារណ​​ជន​ទាំងអស់​មេត្តា​ប្រុងប្រយ័ត្ន និង​បញ្ឈប់​រាល់​ការទិញ​ផលិត​ផល​ឡេ​ក្លែងក្លាយ​ម៉ាក BLACK SHEEP BODY LOTION ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន ដូចជា Facebook Account៖ Bella Facebook Page៖ ប្រេន Black Sheep (Ceo Bella) និង Facebook Page លេ​ចៀម Black Sheep ក្នុងការ​ផ្សព្វផ្សាយ និង​លក់​ចែក​​ចាយ​ផលិតផល​ម៉ាក​ក្លែងក្លាយ​ខាងលើ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់​។

​លោក​បញ្ជាក់​៖ «​គណៈ​ក​ម្មា​ធិ​ការ បាន​កត់សម្គាល់ថា មាន​ជនខិលខូច​មួយចំនួន បាន​កំពុង​លួច​ផលិត ស្តុក​ទុក និង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ ស្រប​ពេលដែល​អ្នក​ប្រើប្រាស់​កំពុងមាន​តម្រូវការ​ប្រើប្រាស់​ច្រើន ជា​ហានិភ័យ​ងាយ​រង​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ គណៈកម្មាធិការ​នឹង​បន្ត​តាមដាន​ស្រាវជ្រាវ​លើ​កិច្ចការងារ​នេះ​បន្ថែមទៀត ដើម្បី​នាំ​ជនល្មើស​ពាក់ព័ន្ធ​ឱ្យទទួល​ខុសត្រូវ​តាមច្បាប់​»​។​

​ជាមួយគ្នានេះ លោក ក៏បាន​ព្រមាន​ដែរ​ថា គ​ប​ផ​ក នឹង​នៅតែ​បន្ត​ស្រាវជ្រាវ ស៊ើបអង្កេត​ទីតាំង និង​ជន​ប្រព្រឹត្ត​បទល្មើស​ផលិត​ផល​ក្លែងក្លាយ​ខុសច្បាប់ ក្នុងប្រទេស​កម្ពុជា ដើម្បី​សុវត្ថិភាព និង​សុខភាព​សាធារណៈ និង​ជា​គុណប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​។​

​លោកបញ្ជាក់ថា​៖ «​នេះ​ជា​ករណី​គ្រឿងសម្អាង​ក្លែង​ក្លាយ​ដែលមាន​ចំនួន​សន្ធឹក​​សន្ធាប់​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិ​នៃ​ប្រ​ត្តិ​ប​ត្តិ​ការ​របស់​គណៈកម្មាធិកា​រ​។ លទ្ធផល​ទាំងនេះ មិនមែន​គណៈ​ក​ម្មា​ធិ​ការអនុវត្ត​តែ​ឯកឯង​បាន​នោះទេ គឺ​ដោយមាន​ការចូលរួម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថា​ប័ន​អយ្យការ ក្រសួងសុខាភិបាល និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ដទៃ​ទៀត ទើប​ទទួលបាន​ជោគជ័យ​ដ៏​ធំ​នេះ​»៕