កំ​ពតៈ ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ បាននិងកំពុង​បណ្តុះ​បណ្តាល​ធនធានមនុស្ស​លើ​ជំនាញ​វិជ្ជា​​ជីវៈ​ទេសចរណ៍​អន​ឡាញ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ទេសចរណ៍ ស្រប​ពេលដែល​កម្ពុជា​កំពុង​បន្ត​បើក​សកម្មភាព​សេដ្ឋកិច្ច សង្គម និង​ទេសចរណ៍​នៅក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​ឡើងវិញ​។​

​នៅក្នុង​សិក្ខាសាលា​ដែល​ធ្វើឡើង​នៅក្នុង​ខេត្តកំពត ស្តីពី​ការលើកកម្ពស់​គុណភាព​ការផ្តល់​សេវាកម្ម​ទេសច​រណ៍​សម្រាប់​ភ្ញៀវទេសចរ​ចិន ដែលមាន​អ្នក​ចូលរួម​ជាង​​ ២០០​​ នាក់ កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ លោក ជា សែ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការ​បើក​ដំណើរការ​សេដ្ឋកិច្ចសង្គម​ឡើងវិញ​នេះ បានធ្វើ​ឱ្យមាន​ភ្ញៀវទេសចរ​ចេញទៅ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​ពី​សំណាក់​ទេសចរ​ក្នុងស្រុក និង​អន្តរជាតិ​។​

​ជាមួយនឹង​ការ​ងើបឡើង​វិញ នៃ​វិស័យ​ទេសចរណ៍​នេះ លោក​ថា ក្រសួងទេសចរណ៍ បានគិត​គូរ និង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការពង្រឹង​គុណភាព​សេវាកម្ម​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​តាម​គន្លង​ថ្មី និង​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ​ទាំង​ទេសចរ​អន្តរជាតិ និង​ទេសចរ​ក្នុងស្រុក​។

​លោក​បាន​ថ្លែងថា​៖ «​ក្រសួង​ទេសចរណ៍ បាន​មើលឃើញ​ច្បាស់​ពី​សារៈសំខាន់​នៅក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ព័ត៌មាន ជួយ​ដល់​ការ​រៀបចំ​បណ្តុះបណ្តាល និង​វាយតម្លៃ​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ ដោយបាន​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​អន​ឡាញ​ជាដើម សំដៅ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ទេសចរណ៍​ទាំង​បរិមាណ និង​គុណភាព​ផងដែរ​»​។​

​ជាមួយគ្នានេះ លោក Wang Zhiquan ប្រធានការិយាល័យ​កុងស៊ុល​ចិន ប្រចាំខេត្ត​ព្រះសីហនុ បាន​លើក​ឡើង​ដែរ​ថា តាមរយៈ​សិក្ខាសាលា​ស្តីពី​ការលើកកម្ពស់​គុណភាព​ការផ្តល់សេវា​កម្ម​ទេសចរណ៍​សម្រាប់​ភ្ញៀវទេសចរ​ចិន ក្រោម​មូលនិធិ​ពិសេស​នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ​ឡាង​ឆាង​នេះ គឺ​បាន​រៀបចំឡើង​ស្របពេល​វេលា​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួងទេសចរណ៍​ក្នុង​ការជំរុញ​អភិវឌ្ឍ​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ដើម្បី​ត្រៀមលក្ខណៈ​ទទួលភ្ញៀវ​ទេសច​រ ជាពិសេស​ភ្ញៀវទេសចរ​ចិន​មកកាន់​កម្ពុជា​។

​លើសពីនេះ​ទៀត​លោក​ថា ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ ចាំបាច់​ទាមទារ​ឱ្យមាន​ការគិតគូរ​ដល់​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​សមត្ថ​ភាព​អ្នកជំនាញ ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​វិជ្ជាជីវៈ​ខ្ពស់ ពិសេស​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​អន​ឡាញ ដើម្បី​ងាយ​ស្រួល​នៅក្នុង​ការផ្តល់​សេវាកម្ម​ដល់​ទេសចរ​កាន់តែ​ប្រសើរ និង​ប្រកបដោយ​ភាព​ពេញចិត្ត​ដល់​ភ្ញៀវ ដែល​ធ្វើដំណើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​នៅ​កម្ពុជា​។​

​ក្រសួងទេសចរណ៍​បាន​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​អន​ឡាញ ដែលមាន​អាសយដ្ឋាន www.tptd.org ដើម្បី​ជួយ​ដល់​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ យុវជន សិស្ស និស្សិត និង​សាធារណជន ដែលមាន​បំណង​ចង់​អភិ​វ​ឌ្ឍ​សមត្ថភាព និង​ចាប់យក​អាជីព​ជា​អ្នកជំនាញ​នៅក្នុង​វិស័យ​ទេសចរណ៍​។​

​ជាក់ស្តែង បើ​គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​ ២០២០ រហូតមកដល់​ខែធ្នូ ឆ្នាំ​ ២០២២ នេះ សិក្ខាកាម​សរុប​ដែល​បាន​សិក្សា​តាម​ថ្នាក់​នៅក្នុង​ប្រព័ន្ធ​ខាងលើនេះ មាន​ប្រមាណ ៦៩ ៥៩៥ ​នាក់​។​

​បើតាម​ក្រសួងទេសចរណ៍ គិត​ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២២ ភ្ញៀវ​​ទេសចរ​អន្តរជាតិ​ដែល​ចូលមក​ទស្សនា​កម្ពុ​ជាមាន​ចំនួន ៩៩៨ ២៧២​ នាក់ កើនឡើង ៧២០% បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១ និង​ថយចុះ ៧៧% ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩​។

​ដោយឡែក ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២២ ​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​ចិន​ជាង​៩​ម៉ឺន​នាក់ ក្នុង​អត្រាកំណើន​ ១១៣,៨​ ភាគរយ ដែល​ចំនួន​នេះ ក្រសួងទេសចរណ៍​រំពឹងថា អាចជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ទេស​ចរណ៍​កម្ពុជា នា​ឆ្នាំ​ ២០២៣​ ខាងមុខ​។​

​យ៉ាងណាមិញ​តាមរយៈ​សិក្ខាសាលា​នេះ​ក្រសួងទេសចរណ៍ និង​ស្ថានទូត​ចិន​នៅ​កម្ពុជា​ក៏បាន​បង្ហាញ​ក្តី​រំពឹងថា សិក្ខា​សាលា​នេះ មិន​ត្រឹមតែ​ចូលរួម​ដល់​ការ​បណ្តុះបណ្តាល​ទេពកោសល្យ​ជំនាញ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​អ្នកបម្រើ​​ការ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​គោលដៅ​ទេសចរណ៍​ឱ្យ​កាន់​តែមាន​សមត្ថភាព​នៅ​ក្នុង​ការផ្តល់​សេវាកម្ម​ជូន​ភ្ញៀវទេសចរ និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ភាពជា​ដៃគូ​យុទ្ធ​​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ក្នុងការ​ជំរុញ និង​បង្កើន​ការផ្លាស់ប្តូរ​វប្បធម៌ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២ ​ទៀតផង​៕