កំពង់ស្ពឺៈ ខេត្តកំពង់ស្ពឺ​នៅតែ​ប្រឈម​នឹង​ជំងឺ​គ្រុនចាញ់ ​ព្រោះ​ប្រជាពលរដ្ឋ​មិន​អនុវត្ត​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ ​ដោយ​ពួកគេ​បាន​បោះបង់​ការព្យាបាល ​ឬ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​មិន​ទៀង​ទាត់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ​ដែល​លើកឡើង​ក្នុង​កម្មវិធី​ថ្នាក់​ខេត្ត​មួយ ​កាលពី​ថ្ងៃទី​ ២៧ ​ខែធ្នូ​។​

លោកស្រី​ឡុង ​បូណារ៉េត ​អភិបាលរង​ខេត្តកំពង់ស្ពឺ ​លើកឡើងថា ​កន្លងមក​កិច្ចសហការ​ពី​មន្ត្រី​សុខាភិបាល​ អាជ្ញាធរ​មូលដ្ឋាន ​និង​អ្នកស្ម័គ្រចិត្ត ​បានធ្វើឱ្យ​ជំងឺ​គ្រុនចាញ់ ​ក្នុង​ខេត្ត​នេះ ​លុបបំបាត់​ស្ទើរតែ​ក្បែរ​សូន្យ ​ប៉ុន្តែ​ទំនងជា​ពិបាក​បំបាត់​ជំងឺ​នេះ​ឱ្យអស់​១០០%​បាន​ណាស់។​

លោកស្រី​បញ្ជាក់ថា​៖«ការណ៍​ដែល​មិនអាច​លុបបំបាត់​ជំងឺគ្រុនចាញ់​ក្បែរ​សូន្យ​ទាំងស្រុង​នេះ​ គឺ​ដោយសារតែ​ប្រជាពលរដ្ឋ​ បាន​បោះបង់​ការព្យាបាល ​និង​មួយទៀត​អ្នក​ដែល​ធ្លាប់​បានកើត​ជំងឺ​គ្រុនចាញ់​ហើយ​ច្រើន​តែមាន​អាការ​រើ​ឡើងវិញ ​ពីព្រោះ​អ្នក​ធ្លាប់​កើត​ជំងឺ​ទាំងនោះ ​គឺ​មិនបាន​ធ្វើតាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ ​ដោយ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​មិន​ទៀង​ទាត់»។​

លោកស្រី​បាន​បន្តថា​៖«ដោយសារ​ប្រជាពលរដ្ឋ ​ជីវភាព​របស់​ពួកគាត់​ចេញ​ចូល​ប្រកប​របរ​រក​អនុផល​ព្រៃឈើ​ក្នុង​ព្រៃ​រហូត​ ពីព្រោះ​វដ្ត​នៃ​ជីវិត​សត្វ​មូស​នៅពេល​មាន​ទឹកភ្លៀង ​គឺ​ចាប់ផ្ដើម​កកើត​ទៀត»។​

ទោះបីជា​យ៉ាងណា​ លោកស្រី​បញ្ជាក់ថា ​មាន​ជំនួយ​ជាច្រើន​បាន​គាំទ្រ​ ក្នុង​ការដោះស្រាយ​បញ្ហា​នេះ ​ដូច្នេះ​ប្រជាពលរដ្ឋ​ នឹង​ទទួលបាន​ការបង្កើន​ព្យាបាល​ផ្តាច់​ឱ្យបាន​១០០​ភាគរយ​ ពី​មន្ត្រី​សុខាភិបាល​(មណ្ឌល​សុខភាព) ​អ្នកស្ម័គ្រចិត្ត ​និង​អាជ្ញាធរ​មូលដ្ឋាន ​ក្នុង​ការជំរុញ​ឱ្យមាន​ការចូលរួម​របស់​ប្រជា​ជន​ប្រឈម​នឹង​ជំងឺ​គ្រុនចាញ់​។ ជាពិសេស​អ្នក​ដែល​ចូល​ព្រៃ​ប្រកប​របរ​រក​អនុផល​ព្រៃឈើ ​និង​អ្នក​ត្រូវ​ទទួល​ការព្យាបាល​ផ្តាច់​។​

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ ​លោក ហុក​ គ្រី ​បាន​ថ្លែងថា​ ក្នុង​ខេត្តកំពង់ស្ពឺ ​នៅតែ​ប្រឈម​នឹង​បញ្ហា​ជំងឺគ្រុនចាញ់​ ដោយ​ពិបាក​ក្នុង​ការលុបបំបាត់​ឱ្យអស់​១០០​ភាគរយ ​ដោយសារ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​ប្រកប​របរ​រក​អនុផល​ព្រៃឈើ ​មិន​អនុវត្ត​វិធានការ​ណែនាំ​របស់​ពេទ្យ​ឱ្យបាន​ត្រឹមត្រូវ ​និង​មិន​ទទួល​ការព្យាបាល​ផ្តាច់​។

លោក​ហុក គ្រី ​បញ្ជាក់ថា​៖«បច្ចុប្បន្ន ​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​នៃ​ស្រុក​ឆ្ងាយៗ ​នៅតែ​ប្រើ​ទម្លាប់​ចូល​ព្រៃ ​ដើម្បី​រក​អនុផល​ព្រៃឈើ​មក​លក់​ដោះដូរ​ជីវភាព​។ ការចូល​ព្រៃរបស់​ពួកគាត់​ត្រូវ​ស្នាក់​នៅក្នុង​រយៈពេល​វែង​នៅក្នុង​ព្រៃ​នោះ ​ពួកគាត់​មិនសូវ​បាន​អនុវត្តតាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ភូមិ​នោះ​ទេ ​ដោយ​ដេក​មិនមាន​មុង​សុវត្ថិភាព ​ឬក៏​ប្រើ​ថ្នាំ​ការពារ​មុន​ចូល​ព្រៃ​។ ប្រការនេះ​ធ្វើឱ្យ​ពួកគាត់​ងាយ​ប្រឈម​នឹង​កើត​ជំងឺ​គ្រុនចាញ់»។

លោក​បន្តថា ​មិនតែ​ប៉ុណ្ណោះ ​ក្រោយ​ការព្យាបាល ​ក៏​មិន​ព្យាយាម​ព្យាបាល​ឱ្យដាច់​ដែរ ​ដែល​ងាយ​ធ្វើឱ្យ​ជំងឺ​លាប់​ឡើង​វិញ​ ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

លោក​ថ្លែងថា​៖«មាន​ករណី​គ្រុនចាញ់​១​ប្រភេទ ​គឺ​ ជំងឺ​គ្រុនចាញ់​ប្រភេទ​ម៉ាឡាយ៉េ ​ដែល​ស្ថិតនៅ​តំបន់​ព្រំប្រទល់​ជាមួយ​ខេត្តពោធិ៍សាត់​(ភូមិ​ត្រពាំង​ក្រើន ​ស្រុក​ថ្ពង) ​គឺ​មិនអាច​ប្រើប្រាស់​តេស្ត​រហ័ស ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​បានទេ ​ដែល​ទាមទារ​ឱ្យ​អ្នកជំងឺ​ត្រូវ​ប្រើពេល​ដើម្បី​[ធ្វើ​រោគ]​វិនិច្ឆ័យ​ឱ្យឃើញ ​និង​ព្យាបាល»។​

​របាយការណ៍​ពី​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ ​ឱ្យដឹងថា ​ក្នុង​ឆ្នាំ​២០២២ ​ខេត្តកំពង់ស្ពឺ ​មាន​ករណី​គ្រុនចាញ់ ​៨០៨​ករណី​ ក្នុង​នោះ​ករណី​រកឃើញ គ្រុនចាញ់​ប្រភេទ​ម៉ាឡាយ៉េ ​មាន​៤​ករណី​។ ករណី​គ្រុនចាញ់​នេះ​មិន​ធ្លាប់​ត្រូវបាន​រកឃើញ​នៅ​ខេត្តកំពង់ស្ពឺ​កន្លងមក​ទេ​។ មណ្ឌល​សុខភាព​ចំនួន​៦ ​ដែលមាន​ករណី​គ្រុនចាញ់​ច្រើន​បំផុត ​គឺ មណ្ឌល​សុខភាព​ឱរ៉ាល់​ មណ្ឌល​សុខភាព​ត្រពាំង​ជោរ ​មណ្ឌល​សុខភាព​ចំបក់​ មណ្ឌល​សុខភាព​តាំង​សំរោង​ មណ្ឌល​សុខភាព​អម​លាំង ​និង​មណ្ឌល​សុខភាព​មនោ​រុងរឿង​៕