
ទិដ្ឋភាពកំណាត់ផ្លូវជាតិលេខ៣៣ ដែលគ្រោងនឹងបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវ នាថ្ងៃទី៣០ ធ្នូ។ រូបថត ក្រសួងសាធារណការ
កំពត/កែបៈ ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងធ្វើអធិបតីភាពក្នុងពិធីបើកការដ្ឋាន គម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ ៣៣ នៅថ្ងៃសុក្រ ទី ៣០ ខែធ្នូនេះ ក្រោមកម្ចីហិរញ្ញប្បទានពីប្រទេសចិន ដោយលើកកម្រិតគុណភាព ពីផ្លូវកៅស៊ូ ២ ស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC)។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២៧ ខែធ្នូ។
ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានស្តារ និងលើកកម្រិតផ្លូវជាតិលេខ ៣៣ នេះ នាថ្ងៃទី ២៦ និងថ្ងៃទី ២៧ ខែធ្នូ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោង (PMU) បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងបានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារគម្រោងនេះ។ ក្នុងនោះមានការចូលរួមផងដែរ ពីលោក អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលខេត្តកែប តំណាងរដ្ឋបាលខេត្តកំពត តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
ទីតាំងសម្រាប់រៀបចំកម្មវិធីខាងលើ គឺស្ថិតនៅតាមដងផ្លូវជាតិលេខ ៣៣ ផ្ទាល់ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ ៤+៨០០ ហើយត្រូវបានរៀបចំសម្អាត ឈូសឆាយ ចាក់ថ្ម កៀរ កិនបង្ហាប់ ដើម្បីឱ្យមានរបៀបរៀបរយតាមការគ្រោងទុក។
ក្រៅពីនោះកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការខេត្ត នៃគម្រោងសាងសង់ និងលើកកម្រិតផ្លូវជាតិលេខ៣៣ ក្នុងខេត្តកែប និងខេត្តកំពត គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សា លើការងារមួយចំនួននៃគម្រោង ដែលនៅសេសសល់ ដើម្បីសម្រួលដល់ការអនុវត្តគម្រោង អាចប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយគុណភាព ទៅតាមការផែនការដែលបានគ្រោងទុក។
ក្រសួងសាធារណការក៏បានឱ្យដឹងដែរថា ផ្លូវជាតិលេខ៣៣ ទទួលបានការសិក្សា ហើយគ្រោងនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ដោយចំណាយពេលសាងសង់ប្រមាណ២៤ខែ។ គម្រោងនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាកម្ចីហិរញ្ញប្បទានពីប្រទេសចិន។ កំណាត់ផ្លូវនេះគ្រោងពង្រីក និងលើកកម្រិតគុណភាពពីផ្លូវកៅស៊ូ២ស្រទាប់ស្តើង(DBST)ទៅជាផ្លូវបេតុងកៅស៊ូ(AC) តភ្ជាប់ពីទីរួមខេត្តកំពត ផ្លូវជាតិលេខ ៣ (គីឡូម៉ែត្រ១៤៨+១០០) ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម)។ ក្នុងនោះ ទទឹងតួផ្លូវ១២ម៉ែត្រ និង១១ម៉ែត្រ ទៅតាមទីតាំងភូមិសាស្ត្រ ស្ពានទទឹង១១ម៉ែត្រចំនួន៣កន្លែង លូចំនួន១៣៤កន្លែង និងមានបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៥កន្លែងផងដែរ។
បន្ទាប់ពីក្រុមការងារបានចុះត្រួតពិនិត្យស្ថានភាពផ្លូវជាក់ស្តែង នាពេលកកន្លងមក ក្រសួងសាធារណការ ក៏ធ្លាប់បានបើកអង្គប្រជុំ ដើម្បីធ្វើការណែនាំឱ្យក្រុមហ៊ុនអនុវត្តគម្រោងនេះត្រៀមរៀបចំការងារមួយចំនួនឱ្យបានរួចរាល់មុនបើកការដ្ឋាន។ ក្នុងនោះ ដូចជា ការរៀបចំបំពាក់ស្លាកសញ្ញាចរាចរណ៍ ផ្ទាំងប៉ាណូបង្ហាញការដ្ឋាន។ ជាពិសេស ការជួសជុលថែទាំផ្លូវដែលកំពុងរងការខូចខាតជាបណ្ដោះអាសន្ន ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ និងបានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំពិភាក្សាលើកត្តាប្រឈមដែលអាចកើតមានក្នុងការអនុវត្តគម្រោង៕