
លោក ស ខេង ដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៨ ខែធ្នូ។ រូបថត SKS
ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងថា សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តម្រូវឱ្យអ្នកបើកបរធ្វើតេស្តរកសារធាតុញៀន ទើបអាចអនុញ្ញាតឱ្យបើកបរបានហើយបើអ្នកបើកបររូបណាដែលរកឃើញថា មានផ្ទុកសារធាតុញៀន អាចប្រឈមនឹងការដកហូតបណ្ណបើកបរ។
លោក ស ខេង ថ្លែងបែបនេះកាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០២២ ក្រោយកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នាទីស្តីការក្រសួងមហាផ្ទៃ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ច្បាប់ថ្មីនេះគឺមានមែន (ការត្រួតពិនិត្យអ្នកបើកបររកសារធាតុញៀន) ហើយយើងក៏បានគាំទ្រឯកភាពទាំងអស់គ្នា។ យើងចង់និយាយថា អ្នកបើកបរយានយន្តទាំងអស់ មិនត្រូវស្ថិតក្រោមស្ថានភាពស្រវឹង ក្នុងនោះមានទាំងគ្រឿងញៀន និងជាតិស្រវឹងផ្សេងទៀត ហើយអ្នកបើកបរយានយន្តតម្រូវឱ្យធ្វើតេស្តគ្រឿងញៀន»។
លោកបញ្ជាក់បន្ថែមថា លក្ខខណ្ឌនៃការធ្វើតេស្តគ្រឿងញៀនសម្រាប់អ្នកបើកបរយានយន្ត គឺនឹងត្រូវចែងជាកាតព្វកិច្ច និងកំណត់ដោយប្រកាសអន្តរក្រសួងរបស់ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ចូន ហើយនឹងមានការជជែកពិភាក្សាបន្ថែមទៀត ជាមួយអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន។
យ៉ាងណាក្តីលោក ស ខេង បានបញ្ជាក់ថា នៅពេលច្បាប់ថ្មីនេះចូលជាធរមាន មិនមែនគ្រប់អ្នកបើកបរទាំងអស់ត្រូវមានកាតព្វកិច្ចឱ្យធ្វើតេស្តរកគ្រឿងញៀននោះភ្លាមៗទាំងអស់នោះទេ។ កាតព្វកិច្ចតម្រូវនេះគឺអាស្រ័យទៅលើក្រុមអ្នកបើកបរមួយចំនួនតែប៉ុណ្ណោះ ដូចជាអ្នកបើកបរយានយន្តធុនធ្ងន់ ឬអ្នកបើកបរដឹកភ្ញៀវក្នុងចំនួនច្រើន ព្រោះអាចប្រឈមនឹងហានិភ័យខ្ពស់ដល់អាយុជីវិតមនុស្ស។
លោកបញ្ជាក់ថា៖ «អ្នកបើកបរមានហានិភ័យខ្ពស់ យើងតម្រូវឱ្យគាត់ធ្វើតេស្តមុន ហើយសម្រាប់អ្នកបើកបរទូទៅ ដែលយើងគិតជាជំហានបន្តបន្ទាប់ទៅតាមស្ថានភាពជាក់ស្តែង។ យើងនឹងចែងលម្អិតនៅក្នុងបែបបទនីតិវិធី ព្រោះនៅក្នុងច្បាប់នេះ យើងមិនទាន់និយាយជាក់លាក់ទេពីទោសប្បញត្តិ គ្រាន់តែមានចែងច្បាស់ថា បើសិនជាអ្នកបើកបររកឃើញសារធាតុញៀន គឺយើងដកបណ្ណបើកបរគាត់ ហើយរហូតដល់ធ្វើតេស្តលើកក្រោយ ដែលគាត់អត់មានសារធាតុញៀន បានយើងអនុញ្ញាតឱ្យបើកបរឡើងវិញ»។
លោក ស ខេង ចាត់ទុកសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីថា មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ និងរំពឹងថា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីនាពេលឆាប់ៗ មុននឹងបន្តបញ្ជូនទៅដល់ស្ថាប័នរដ្ឋសភានៅត្រីមាសទី១ ឆ្នាំ ២០២៣។
លោក ហ៊ាង សុធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គឺមាន ១២ ជំពូក និង ៩០ មាត្រា ហើយសេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានពិភាក្សាចប់សព្វគ្រប់ទាំងស្រុងដោយមានការកែសម្រួលឱ្យសមស្របទៅតាមស្ថានភាពសង្គម ដែលមានការរីកចម្រើន និងកត្តាប្រឈមនានា។
លោកថា សេចក្តីព្រាងច្បាប់ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន៤៨មាត្រា និងបន្ថែមមាត្រាថ្មីមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍផ្លូវថ្នល់ ដូចជាការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន។
លោកបញ្ជាក់ថា៖ «បទដ្ឋានគតិយុត្តមួយចំនួន ក៏នឹងត្រូវបានកែសម្រួល ខណៈមួយចំនួនទៀត នឹងត្រូវតាក់តែងឡើងថ្មី ដើម្បីធានាអនុលោមភាពនៃច្បាប់ និងការគ្រប់គ្រងឱ្យបាន ក្នុងការធានាសុវត្ថិភាពការធ្វើដំណើររបស់បងប្អូនតាមដងផ្លូវ។ អង្គប្រជុំនេះបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ពីសំណាក់សមាជិក សមាជិកា លើការកែសម្រួល ពាក្យពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យនៃវាក្យសព្ទ ដែលប្រើប្រាស់ក្នុងច្បាប់ថ្មី»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកមិនបានទទួលព័ត៌មានលម្អិត និងទទួលបានខ្លឹមសារនៃសេចក្តីព្រាងច្បាប់ថ្មីនេះទេ។ ដូច្នេះលោក មិនអាចវាយតម្លៃបានទេ ចំពោះការធ្វើសេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មីថា មានលក្ខណៈល្អប្រសើរជាងមុនកម្រិតណា?
យ៉ាងណាក្តី លោក គឹម បញ្ញា គាំទ្រចំពោះការធ្វើវិសោធនកម្ម ឬការធ្វើសេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មី ដើម្បីឱ្យស្របតាមបរិបទ និងសភាពការណ៍ក្នុងពេលបច្ចុប្បន្ន ខណៈលោកស្នើឱ្យរដ្ឋាភិបាល គួរមានការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ រួមទាំងក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យនេះផងដែរ។
លោកបញ្ជាក់ថា៖ «យើងក៏ស្នើឱ្យមានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលនៅជាធរមានដែលយើងប្រកាសដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ ២០១៥ និងមានការកែសម្រួលខ្លះ ដើម្បីប្រើប្រាស់នៅក្នុងឆ្នាំ ២០១៧។ សុំឱ្យអនុវត្តច្បាប់ដែលនៅជាធរមានឱ្យបានទូលំទូលាយ ឱ្យជាប់លាប់ និងធ្វើទាំងថ្ងៃ ទាំងយប់ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងស្មើភាព»។
សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានឆ្លងកាត់កិច្ចប្រជុំចំនួន ២៣ លើក រហូតរៀបចំបានជាលទ្ធផលចុងក្រោយ ដើម្បីដាក់ជូនលោក ស ខេង និងអង្គប្រជុំធ្វើការពិនិត្យ និងឆ្លងខ្លឹមសារនាថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០២២។ នេះបើតាមលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ ដែលបានចូលរួមការពារសេចក្តីព្រាងច្បាប់នេះ៕