
អភិបាលខេត្តកណ្ដាល លើករង្វាន់ជយលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ពីថ្ងៃទី ២២ ធ្នូ។ រូបថត រដ្ឋបាលខេត្ត
ភ្នំពេញៈ ក្រសួងអភិវឌ្ឍន៍ជនបទដាក់ផែនការសម្រេចឱ្យបានអត្រាគ្របដណ្តប់អនាម័យជនបទ៩០ភាគរយនៅឆ្នាំ២០២៣ ដោយសម្រេចឱ្យបាននូវស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងកម្រិតសហគមន៍ឱ្យបានច្រើនបំផុតជាង ១ ម៉ឺនភូមិ បន្ទាប់ពីលទ្ធផលចុងក្រោយសម្រាប់ឆមាសទី ២ ឆ្នាំ ២០២២ មានភូមិចំនួន ៧ ០៨៥ ឬស្មើ ៤៩ ភាគរយទទួលបានជោគជ័យ។
ការប្រកាសពីគោលដៅនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលារំឭកឡើងវិញស្តីពីការចូលរួមរបស់អ្នកសារព័ត៌មានក្នុងវិស័យទឹកស្អាត និងអនាម័យ និងផ្សព្វផ្សាយសូចនាករ ស្តីពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា (ODF) កាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
លោក ជឹម ចរណៃ ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា នៅឆ្នាំ ២០២៣ ក្រសួងបានដាក់ចេញផែនការសម្រេចឱ្យបានអត្រាគ្រប ដណ្តប់អនាម័យជនបទ ៩០ ភាគរយ។ ក្នុងនោះគឺត្រូវសម្រេចឱ្យបាននូវស្ថានភាពបញ្ចប់ការបន្ទោបង់ពាលវាលពាសកាលក្នុងកម្រិតសហគមន៍ឱ្យបានច្រើនរហូតដល់ ១២ ៧០០ ភូមិ ៦០០ ឃុំ សង្កាត់, ៣០ ស្រុក និង ៤ ខេត្តនៅក្នុងឆ្នាំ ២០២៣ ខាងមុខ។
លោកបានបញ្ជាក់ថា៖ «ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅសហគមន៍គឺជាសូចនាករដ៏សំខាន់មួយបង្ហាញពីការផ្លាស់ប្តូរឥរិយាបថវិជ្ជមានរបស់ពលរដ្ឋកម្ពុជាក្នុងការប្រតិបត្តិអនាម័យដែលជាការរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងជំហានឆ្ពោះទៅសម្រេចបានគោលដៅអភវិឌ្ឍន៍ប្រកបដោយចីរភាព»។
យោងតាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានចេញផ្សាយនៅថ្ងៃទី ២៨ ធ្នូ បានឱ្យដឹងថា លទ្ធផលជាក់ស្តែងឆមាសទី២ ឆ្នាំ ២០២២ គឺមានរាជធានីខេត្តចំនួន ៣ ក្នុងចំណោម ២៥ រាជធានី ទទួលបានជយលាភី ឬសម្រេចបាន ODF ដែលស្មើនឹង ១២ ភាគរយ។
របាយការណ៍ដដែលបានឱ្យដឹងបន្តថា ចំពោះស្រុក ក្រុង ខណ្ឌចំនួន ៤៧ ក្នុងចំណោម ២០៤ ទូទាំងប្រទេស ទទួលបានជយលាភី ឬសម្រេចបាន ODF ខណៈឃុំ សង្កាត់ចំនួន ៥៦១ ឬស្មើ ៣៤ ភាគរយក្នុងចំណោម ១ ៦៥២ ទទួលបានជយលាភី ឬសម្រេចបាន ODF។
ប្រភពដដែលបានឱ្យដឹងបន្ថែមថា កម្រិតរដ្ឋបាលភូមិមាន ចំនួន ៧ ០៨៥ ឬស្មើ ៤៩ ភាគរយក្នុងចំណោម ១៤ ៤៣០ ភូមិទទួលបានជយលាភីឬសម្រេចបាន ODF ខណៈភូមិដែលសម្រេចបានក្នុងការដឹកនាំអនាម័យក្នុងសហគមន៍ដើម្បីចូលរួមបំផុសផ្សព្វផ្សាយការយល់ដឹងអំពីអនាម័យ និងបញ្ចេះឱ្យសហគមន៍សាងសង់ និងប្រើប្រាស់បង្គន់អនាម័យតាមខ្នងផ្ទះមានដល់ ៧ ៧១០ ភូមិ ឬស្មើ ៥៣ភាគរយ។
លោកលន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងថា សូចនាករដែលសម្រេចបានក្នុងឆ្នាំ ២០២២ និងគ្រោងសម្រេចឱ្យបាននៅឆ្នាំ ២០២៣ គឺគោលដៅដ៏ចម្បងដែលក្រសួងអភិវឌ្ឍន៍ជនបទ ដាក់គោលដៅសម្រេចឱ្យបានអត្រាគ្របដណ្តប់អនាម័យជនបទឱ្យបាន ១០០ ភាគរយក្នុងឆ្នាំ ២០២៥ ខាងមុខ។
យ៉ាងណា លោក អះអាងថា ដើម្បីសម្រេចឱ្យបាននូវជោគជ័យទាំងនេះ គឺទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធយល់ច្បាស់ ជាពិសេសអ្នកសារព័ត៌មាន ដើម្បីចូលរួមសហការផ្សព្វផ្សាយពន្លឿនអត្រាសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា (ODF)។
លោកបានបញ្ជាក់ទៀតថា៖ «យើងបានធ្វើការងារសម្រេចជាច្រើនមកដល់បច្ចុប្បន្នគឺនៅ សល់តែការងារលំបាកៗទេដែលក្នុងនោះគឺមានអនាម័យក្នុងបរិបទប្រឈមនិងភាពក្រីក្រដែលជាបញ្ហាប្រឈមដែលយើងត្រូវរួមដោះស្រាយទាំងអស់គ្នា។ការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺមានសារៈសំខាន់ ព្រោះអនាម័យជនបទរបស់យើង គឺជាអនាម័យសម្រាប់ទាំងអស់គ្នា»។
យ៉ាងណា លោក ហង់ ហ៊ីប៊ុណ្ណា ប្រធានកម្មវិធីមកពីអង្គការភ្លែនអន្តរជាតិ បានលើកឡើងថា បើទោះជាអត្រាទទួលបានសេវាអនាម័យជាមូលដ្ឋាននៅតាមជនបទមានការកើនឡើងក៏ដូចជា កំណើននៃការសម្រេចបាន ODF ក៏ដោយ ក៏កម្ពុជានៅមានបង្ហាញប្រឈមមួយចំនួន ដែលរួមគ្នាផ្តោតយកចិត្តទុកដាក់បន្ថែមទៀត។
លោកបានបញ្ជាក់ថា យើងនឹងធ្វើការរួមគ្នាបន្ថែមទៀត ដោយធ្វើម៉េចឱ្យសម្រេចបានទៅតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៅដំណាច់ឆ្នាំ២០២៥រឿងទឹកស្អាត និងអនាម័យជនបទ។ ក្នុងឆ្នាំ ២០២៥ យើងអាចនឹងសម្រេចបាន តែពេលនេះ យើងក៏មានបញ្ហាប្រឈមផ្សេងៗទៀតដែរ ព្រោះយើងមានតំបន់ប្រឈម ដូចជានៅលើកោះ តំបន់ភ្នំ ហើយតំបន់ខ្លះ ក៏មានបញ្ហាប្រឈម ព្រោះស្ថានភាពដីមានសុទ្ធតែថ្ម។ ពេលខ្លះពលរដ្ឋ នៅក្នុងតំបន់មួយដាច់ស្រយាល និងជាតំបន់ជនជាតិដើមភាគតិចដែលគាត់មានឥរិយាបថ និងអាកប្បកិរិយារបស់គាត់ នៅបត់ជើងពាសវាលពាសកាល»។
កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ខេត្តកណ្តាលជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) បន្ទាប់ពីខេត្តស្វាយរៀង និងព្រៃវែង ដែលប្រជាជនគ្រប់គ្នានៅក្នុងខេត្តមានបង្គន់ប្រើប្រាស់គ្រប់ខ្នងផ្ទះ៕