ភ្នំពេញៈ ​ក្រសួង​មុខងារសាធារណៈ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ប្រភេទ​ថ្មី ដែលមាន​អត្ថប្រយោជន៍​ជាច្រើន​យ៉ាង ខណៈ​បណ្ណ​គំរូ​ថ្មី​នេះ​អាច​ប្រើប្រាស់​ជា​បណ្ណ​សម្គាល់​ខ្លួន​ជា​បណ្ណ​អេ​ធី​អឹម ​(ATM)​ សម្រាប់​បើកប្រាក់​បៀវត្សរ៍​ពី​ធនាគារ និង​អាច​ទូទាត់​ទំនិញ​តាមរយៈ​ម៉ាស៊ីន​ឆូត​កាត​ផងដែរ​។​

ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ប្រភេទ​ថ្មី កាលពី​ថ្ងៃទី២៨ ខែធ្នូ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​លោក ព្រុំ សុខា បាន​ថ្លែងថា​ អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ប្រភេទ​ថ្មី​នេះ នឹងត្រូវ​ប្រើប្រាស់​ជា​បណ្ណ​សម្គាល់​ខ្លួន​ផង ជា​បណ្ណ​អេ​ធី​អឹម​សម្រាប់​ដក​ប្រាក់បៀវត្សរ៍​ពី​ធនាគារ​ផង ហើយនឹង​អាច​ប្រើប្រាស់​ជា​មធ្យោបាយ​ចាំបាច់​ផ្សេងទៀត​។​

លោក​បន្តថា​៖«​ក្រៅពី​ការបោះពុម្ព​អត្តសញ្ញាណ​ប័ណ្ណ​ប្រភេទ​ថ្មី​នេះ ក្រសួង​មុខងារសាធារណៈ​នឹងដាក់​ដំណើរ​ឱ្យប្រើ​ប្រាស់​កម្មវិធី​ព័ត៌មាន​មន្ត្រីរាជការ​លើ​ទូរស័ព្ទដៃ (Mobile App) ដែល​អនុញ្ញាតឱ្យ​មន្ត្រីរាជការ​អាច​ពិនិត្យ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​កែតម្រូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​មួយចំនួន​ដោយ​ខ្លួនឯងបាន​ផងដែរ​»​។​

ជាមួយគ្នា​នោះ​ក្រសួង​នឹង​បន្ត​សហការ​ជាមួយ​ដៃគូ និង​ស្ថាប័ន​ពាក់ព័ន្ធ លើកកម្ពស់​កិច្ចការ​គាំពារ​មន្ត្រីរាជការ (​សំណាញ់​សុ​វត្ថិភាព​) ដើម្បី​បម្រើ​ជា​ប្រយោជន៍​ជូន​មន្ត្រីរាជការ ក្នុង​បុព្វហេតុ​សុខសន្តិភាព វឌ្ឍនភាព វិបុលភាព​យូរអង្វែង​របស់​សង្គម​ជាតិ​។​

ធនាគារ​ចំនួន ៣ ដែលជា​ដៃគូ​ជាមួយ​ក្រសួង​មុខងារសាធារណៈ​សម្រាប់​ការបើកប្រាក់​បៀវត្សរ៍​ជូន​មន្ត្រីរាជការ​នោះ​រួមមាន ធនាគារ​អេស៊ីលីដា ធនាគារ​កាណាឌីយ៉ា និង​ធនាគារ​វី​ង​។​

​បន្ថែម​ពីនេះ លោក​ព្រុំ សុខា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខំប្រឹងប្រែង​របស់​ក្រុមការងារ​ក្រសួង​មុខងារសាធារណៈ និង​កិច្ចសហការ​គាំទ្រ​ពី​ក្រសួង​-​ស្ថាប័ន​ទាំងអស់ ក៏ដូចជា​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ និង​ធនាគារ​ដៃគូ​ទាំង៣ ក្នុង​ការរៀបចំ​បោះពុម្ព​អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ប្រភេទ​ថ្មី (​ស្មា​ត​កាត​)​។

លោក​ថា​៖«​ព្រឹត្តិការណ៍​ថ្ងៃនេះ​បាន​សបញ្ជាក់​ច្បាស់​ថា​ យើង​សម្រេចបាន​នូវ​ពន្លក​សា្ន​ដៃ​១ ដែល​យើង​បាន​រួមគ្នា​អនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​របស់​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​»​។​

អនុប្រធាន​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ ធនាគារ អេស៊ីលីដា លោកស្រី សូ ផន​ណា​រី ថ្លែងថា ធនាគារ អេស៊ីលីដា បាន​បោះពុម្ព​អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ទម្រង់​ថ្មី​នេះ គឺ​ផ្អែកលើ​ការវិវត្ត​ជឿនលឿន​នៃ​បច្ចេកវិទ្យា ស្របតាម​ប្រក្រតីភាព​ថ្មី​នៃ​បរិបទ​កូ​វីដ​១៩ ដោយបាន​រៀបចំ​បោះពុម្ព​ជា​ប្រភេទ​ស្មា​ត​កាត (Smart Card) ដែល​អនុញ្ញាតឱ្យ​មន្ត្រីរាជការ​ស៊ីវិល អាច​ប្រើប្រាស់​សេវា​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​បាន​យ៉ាង​ងាយស្រួល នៅ​គ្រប់ពេលវេលា ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ជាពិសេស​មន្ត្រីរាជការ​ស៊ីវិល​ទូទាំងប្រទេស នឹង​ទទួលបាន​បណ្ណ​នេះ​ដោយ​ឥតគិតថ្លៃ​។

លោកស្រី​បញ្ជាក់ថា​៖«​ការដាក់ឱ្យ​ប្រើប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ថ្មី​នេះ សបញ្ជាក់​ឱ្យឃើញថា វិស័យ​សាធារ​ណៈ និង​វិស័យ​ឯកជន​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតល្មួត គាំទ្រ​គ្នា​ទៅវិញទៅមក មិនអាច​កាត់ផ្តាច់​ពីគ្នា​បានឡើយ ជាងនេះទៅទៀត ជា​លទ្ធផល​បង្ហាញឱ្យឃើញ​ថា វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ជាពិសេស​ប្រទេស​កម្ពុជា​ទាំងមូល មានការ​រីកចម្រើន ជឿនលឿន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាន់សម័យ ដូច​ប្រទេស​ជឿនលឿន​មួយចំនួន នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក​»​។​

ជាមួយគ្នានេះដែរ ធនាគារ​កាណាឌីយ៉ា​ដែលជា​ដៃគូ​សហការ បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា ​អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ប្រភេទ​ថ្មី អាច​ប្រើប្រាស់​បាន​មុខងារ​២​ក្នុង​បណ្ណ​តែ​១​។​ធនាគារ​បានឱ្យដឹងថា​៖«​បណ្ណ​មន្ត្រីរាជការ​ប្រភេទ​ថ្មី ដែល​អាច​ប្រើប្រាស់​ជា​បណ្ណ​សម្គាល់​ខ្លួន​ផង ជា​បណ្ណ​អេ​ធី​អឹម (ATM) ផង និង​អាច​ប្រើប្រាស់​ជាមធ្យោបាយ​សម្រាប់​មុខងារ​ដទៃ​ផ្សេងទៀត​មានដូចជា ដក ដាក់​ប្រាក់ ផ្ទេរប្រាក់​ឆ្លង​ធនាគារ​ក្នុងស្រុក ទូទាត់​ទំនិញ​តាម​ម៉ាស៊ីន​ឆូត​កាត និង​ទូទាត់​វិក្កយបត្រ​ផ្សេងៗ​ទៀត តាមរយៈ​ម៉ាស៊ីន ដក ឬ​ដាក់​ប្រាក់​របស់​ធនាគារ កាណាឌីយ៉ា និង​ធនាគារ​ដទៃទៀត​ដែលជា​សមាជិក​CSS»​។​

អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ទម្រង់​ថ្មី​នេះ មានភ្ជាប់​និមិត្តសញ្ញា CSS (Cambodian Shared Switch) ដែលជា​បណ្ណ​អេ​ធី​អឹម សម្រាប់​បម្រើ​មន្ត្រីរាជការ​ស៊ីវិល ក្នុងការ​ទូទាត់​ទំនិញ​-​សេវាកម្ម​តាម​ម៉ាស៊ីន​ឆូត​កាត និង​តាម​អន​ឡាញ ជាមួយ​ដៃគូ​អាជីវកម្ម​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ធនាគារ​ដែល​បាន​សហការ​៕