
អ្នកស្ម័គ្រចិត្តភីសខ័ររបស់អាមេរិក បានមកដល់កម្ពុជា កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០២២។ រូបថត ស្ថានទូតសហរដ្ឋអាមេរិក
ភ្នំពេញៈ អ្នកស្ម័គ្រចិត្តភីសខ័ររបស់អាមេរិកចំនួន៣៣នាក់ បានធ្វើសច្ចាប្រណិធានចូលបម្រើការងារស្ម័គ្រចិត្តនៅតាមមូលដ្ឋាននៃប្រទេសកម្ពុជា រយៈពេល ២ ឆ្នាំ ខណៈក្រុមអ្នកស្ម័គ្រចិត្តទាំងនោះ ត្រូវបានស្នើឱ្យជួយបង្រៀនភាសាអង់គ្លេសនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា និងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូទូទាំងប្រទេស។
ពិធីសច្ចាប្រណិធាន បានធ្វើឡើងនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២២ ដែលមានអ្នកចូលរួមជាង១០០នាក់ នៅសាលសន្និសីទចតុមុខ បន្ទាប់ពីអ្នកស្ម័គ្រចិត្តទាំងនោះ បានមកដល់កម្ពុជា និងបានសិក្សារៀនសូត្រជាភាសាខ្មែរ ដោយចំណាយពេលវេលារស់នៅជាមួយប្រជាសហគមន៍ ដោយផ្ទាល់ប្រមាណ២ខែរួចមកហើយ។
លោកស្រី Aleksandra P Zittle អនុស្ថានបេសកកម្មស្តីទីស្ថានទូតអាមេរិកកម្ពុជា បាននិយាយថា ក្នុងរយៈពេលជិត២៦ឆ្នាំ ជនជាតិអាមេរិកជាង២៤០ ០០០នាក់ គ្រប់វ័យ និងសាវតារទាំងអស់ បានបម្រើការងារក្នុងទីភ្នាក់ងារភីសខ័រចំនួន១៤២ប្រទេស។ លោកស្រីបន្តថា នៅប្រទេសកម្ពុជា ទីភ្នាក់ងារភីសខ័រ ត្រូវបានស្នើសុំឱ្យជួយជាមួយការបង្រៀនភាសាអង់គ្លេស នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា និងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។
លោកស្រីបញ្ជាក់ថា៖«ទីភ្នាក់ងារភីសខ័រ មានមោទនភាពក្នុងការធ្វើការងារជាមួយដៃគូកម្ពុជារបស់ខ្លួន ដើម្បីជួយលើការបង្រៀនភាសាអង់គ្លេស ក៏ដូចជាការធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីជួយសាងសង់ និងផ្គត់ផ្គង់សម្ភារដល់បណ្ណាល័យសាលា ថ្នាក់រៀនកុំព្យូទ័រ សួនច្បារសាលា ក្លិបកីឡា ក្រុមសិក្សាបរិស្ថាន និងកិច្ចការផ្សេងៗទៀត»។
លោកស្រីចាត់ទុកថា សកម្មភាពផ្សេងៗទាំងនេះរបស់អ្នកស្ម័គ្រចិត្តនៅកម្រិតសហគមន៍ គឺជាមូលហេតុ១ ដែលជំរុញឱ្យមន្ត្រីនៅកម្រិតខ្ពស់បំផុតនៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងខ្លាំងចំពោះទីភ្នាក់ងារភីសខ័រ។ លោកស្រីរំពឹងថា អ្នកស្ម័គ្រចិត្តភីសខ័រជំនាន់ទី១៤ នេះ នឹងស័ក្តិសមចំពោះប្រពៃណីដ៏គួរឱ្យកោតសរសើររបស់កម្ពុជា។
លោកស្រីថ្លែងថា៖«នៅពេលចប់បេសកកម្មរបស់ខ្លួន អ្នកស្ម័គ្រចិត្តភីសខ័រដឹងថា ផ្នែកដ៏លំបាកបំផុតនៃការចាកចេញពីកម្ពុជា គឺការនិយាយសូមលាចំពោះគ្រួសារ ដែលបានទទួលឱ្យពួកគេស្នាក់នៅ សហការីនៅសាលារៀន សិស្ស និងមិត្តភក្ដិកម្ពុជា។ នៅពេលដែលអ្នកស្ម័គ្រចិត្តទាំងនេះវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ពួកគេមានរឿងរ៉ាវច្រើន ដើម្បីចែករំលែកអំពីប្រទេសកម្ពុជាជាមួយមនុស្ស នៅក្នុងប្រទេសរបស់យើង។ ប្រទេសយើងទាំង២ ទទួលប្រយោជន៍ពីបទពិសោធន៍ភីសខ័រនេះ»។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកយក់ ង៉ុយ ថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡា បានទទួល ស្គាល់ថា ការបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ នាំឱ្យសិស្សមានសមត្ថភាពចាំបាច់សម្រាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសជំនាញសម្រាប់សតវត្សរ៍ទី២១។ ការចេះរៀនដោយខ្លួនឯង ព្រមទាំងមានសមត្ថភាពជំនាញឌីជីថលក្នុងការប្រើប្រាស់ព័ត៌មានលើពិភពលោក ក៏ដូចទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស ប្រកបដោយជោគជ័យ នៅពេលពួកគេមានចំណេះដឹងផ្នែកភាសា។
លោកយក់ ង៉ុយ អះអាងថា ក្រសួងអប់រំ យុវជន និងកីឡា គាំទ្រចំពោះការជួយបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័ររបស់ក្រុមអ្នកស្ម័គ្រចិត្តភីសខ័រ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអប់រំរបស់កម្ពុជា។
លោកថ្លែងថា៖«ខ្ញុំសូមសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារភីសខ័រកម្ពុជា ដែលជានិច្ចកាលតែងជួយគាំទ្រផ្ដល់អ្នកស្ម័គ្រចិត្តដល់ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីក្រុមទី១ រហូតដល់ក្រុមទី១៤ ក្នុងការលើកកម្ពស់ការបង្រៀន និងរៀនភាសាអង់គ្លេសនៅកម្ពុជា»។
លោក LuKe Reifenberg អ្នកស្ម័គ្រចិត្តភីសខ័រជំនាន់ទី១៤ និយាយថា លោកមានមោទនភាពដែលបានមកធ្វើការស្ម័គ្រចិត្តនៅកម្ពុជា។ តាមរយៈបទពិសោធន៍ ក្នុងការសាកល្បងបង្រៀនភាសាអង់គ្លេស រយៈពេល១សប្តាហ៍ ជាមួយយុវជនខ្មែរ លោកទទួលបានបទពិសោធន៍ និងការចងចាំមួយដ៏ល្អ ដែលលោកនឹងមានក្តីសង្ឃឹមក្នុងការបន្តការងារជាអ្នកស្ម័គ្រចិត្តនៅកម្ពុជា ជាបន្តទៀត ដែលមានអាណត្តិ២ឆ្នាំ។
លោកនិយាយថា៖«សម្រាប់រយៈពេល២ឆ្នាំ យើងខ្ញុំដែលជាអ្នកស្ម័គ្រចិត្ត នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីប្រែក្លាយក្តីសង្ឃឹមសុទិដ្ឋិនិយមនេះ ទៅជាការអនុវត្តជាក់ស្តែង ដើម្បីឆ្ពោះទៅរកសុខុមាលភាពមនុស្សជាតិ។ យើងខ្ញុំសូមអរគុណចំពោះការផ្តល់ឱកាសនេះ»។
លោកស្រីគា សុភូ អភិបាលរងខេត្តតាកែវ ដែលជាខេត្តមួយទទួលបានការជ្រើសរើសសម្រាប់ធ្វើការបណ្តុះបណ្តាល និងចំពោះកិច្ចដល់អ្នកស្ម័គ្រចិត្តថ្មីទាំងនេះ បាននិយាយថា អ្នកស្ម័គ្រចិត្តទាំងអស់នៃទីភ្នាក់ងារភីសខ័រ មានការប្ដេជ្ញាចិត្ត និងឧត្តមគតិខ្ពស់ចំពោះប្រជាជនកម្ពុជា។ លោកស្រីបន្តថា ក្នុងការបណ្តុះបណ្តាលសាកល្បង រយៈពេល២ខែ នៅខេត្តតាកែវ ពួកគេទទួលបទពិសោធន៍ច្រើន និងអាចសម្របខ្លួនបានយ៉ាងល្អ ក្នុងការងារស្ម័គ្រចិត្តនៅកម្ពុជា។
លោកស្រីបញ្ជាក់ថា៖«ខ្ញុំជឿជាក់ថា អ្នកបានមើលឃើញច្រើន អ្នកបានយល់ច្រើន និងបានរៀនច្រើន ហើយបានសម្របខ្លួន ដើម្បីត្រៀមលក្ខណៈធ្វើជាអ្នកស្ម័គ្រចិត្ត។ ក្នុងអំឡុងពេលស្នាក់នៅខេត្តតាកែវកន្លងមកថ្មីៗនេះ អ្នកបានរៀនរស់នៅក្នុងសហគមន៍ខ្មែរ១ បានរៀនពិសាអាហារខ្មែរ បានរៀនប្រាស្រ័យទាក់ទងជាមួយប្រជាជននៅក្នុងមូលដ្ឋាន និងបានបង្កើតនូវទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋខ្មែរ»។
បើតាមលោកស្រី គា សុភូ ជាច្រើនឆ្នាំមកនេះ ទីភ្នាក់ងារភីសខ័រ បានធ្វើការបណ្តុះបណ្តាលជាច្រើននៅខេត្តតាកែវ និងបានដាក់អ្នកស្ម័គ្រចិត្តជាច្រើននាក់នៅក្នុងខេត្តនេះ ធ្វើការជាមួយសាលារៀនក្នុងមូលដ្ឋាននៅតាមស្រុកផ្សេងៗ ដើម្បីបង្រៀនសិស្ស។ លោកស្រីថា អ្នកស្ម័គ្រចិត្តភីសខ័រ កំពុងធ្វើឱ្យមានភាពខុសគ្នាដ៏ប្រាកដមួយក្នុងជីវិតនៃប្រជាជនកម្ពុជា ជាបុគ្គលដែលពួកគេធ្វើការជាមួយ។ តាមរយៈកិច្ចសហការនេះ កម្មវិធីភីសខ័រ កំពុងធ្វើការរួមចំណែកដ៏សំខាន់ដល់យុទ្ធសាស្ត្ររាជរដ្ឋាភិបាលយើង សម្រាប់ការកាត់បន្ថយភាពក្រីក្រ៕