ភ្នំពេញៈ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចូលរួមផ្តល់វគ្គសិក្សាពាក់ព័ន្ធនឹងការពិនិត្យគ្រឿងញៀនដល់កម្លាំងប្រដាប់អាវុធសរុបចំនួន១១៦នាក់ ដែលវគ្គសិក្សានេះមានរយៈពេល១ខែ១២ថ្ងៃកន្លះ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

យោងតាមអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(NACD)បានឱ្យដឹងថា សិក្ខាកាមនៃវគ្គវិក្រឹតការបញ្ជាការសេនាធិការកងរាជអាវុធហត្ថ និងវគ្គវិក្រឹតការថ្នាក់កងអនុសេនាធំ វរសេនាតូច មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ-ក្រុង-ស្រុកទាំង១១៦នាក់ទទួលបានចំណេះដឹងពីច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀន។

លោកយិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទានៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ពីគោលបំណងនៃវគ្គនេះថា គឺដើម្បីឱ្យសិក្ខាកាមទាំងអស់បានយល់ដឹងពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ពង្រីក និងពង្រឹងបន្ថែមអំពីគុណភាព សមត្ថភាព យល់ដឹងក្នុងការងារប្រយុទ្ធប្រឆាំងគឿងញៀន។

កាលពីពេលថ្មីៗនេះផងដែរ NACD ក៏បានសហការជាមួយនឹងក្រសួងកិច្ចការនារី ដើម្បីបើកវគ្គបណ្តុះបណ្ដាលគ្រូបង្គោល (ថ្នាក់តំបន់) ស្ដីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនផងដែរ។

វគ្គបណ្តុះបណ្ដាលគ្រូបង្គោលនេះក៏មានការចូលរួមពីមន្ទីរកិច្ចការនារីខេត្តចំនួន៩ផងដែរ។ ក្នុងនោះរួមមាន ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារីថ្នាក់ខេត្ត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាចយកទៅធ្វើការអប់រំផ្សព្វផ្សាយបន្តដល់ប្រជាជននៅតាមភូមិគោលដៅឱ្យមានចំណេះដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។

លោកស្រីគឹម ចាន់នី អភិបាលរងខេត្តកែប បានថ្លែងស្វាគមន៍ និងរាយការណ៍ជូនពីកិច្ចខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងមូលដ្ឋានខេត្តកែប ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋខេត្តទេសចរណ៍មួយនេះ។

លោកលឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណដល់ក្រសួង មន្ទីរនិងអ្នកពាក់ព័ន្ធនៃកិច្ចការនារីទាំងអស់ដែលបានខិតខំចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងវិស័យកិច្ចការនារី៕