ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ស្តីពី​ការចាប់ផ្តើម​ទទួល​ពិសោធន៍​សម្ភារ​សំណង់ ដើម្បី​បង្កើន​នូវ​គុណភាព សុវត្ថិភាព និង​ការពារ​ទ្រព្យសម្បត្តិ​។

​យោងតាម​សេចក្តីជូនដំណឹង​បានឱ្យដឹងថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សូម​ជម្រាបជូន​ដល់​សាធារណជន​ជ្រាបថា ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សំណង់ ក្នុង​គោលបំណង​បង្កើន​នូវ​គុណភាព សុវត្ថិភាព ការពារ​ទ្រព្យសម្បត្តិ និង​សុខុមាលភាព របស់​ម្ចាស់​សំណង់ អ្នកប្រើប្រាស់​សំណង់ និង​សាធារណជន ក្រសួង​នឹងដាក់​ឱ្យ​ដំណើរការ​ជំហាន​ដំបូង​សម្រាប់​ការ ទទួល​ពិសោធន៍​សម្ភារ​សំណង់ មានដូចជា​

​ពិសោធន៍​គុណភាព​បេតុង​ (Concrete Strength Test) ពិសោធន៍​គុណភាព​ដែក (Steel Strength Test) និង​ពិសោធន៍ និង​វិភាគ​ដី (Proctor Test, Liquid Limits Test, Sieve Analysis Test)​។

​ក្រសួង​បាន​បញ្ជាក់ថា ក្រសួង​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​ជា​ជំហាន​បន្តបន្ទាប់​នៃ​ការពិសោធន៍​លើ​គ្រឿង​ផ្គុំ​សំណង់ បរិក្ខារ​សំណង់ និង​ផលិតផល​សំណង់ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៣​។​

​សាធារណជន​ដែលមាន​បំណង​ចង់​ធ្វើ​ពិសោធន៍ អាច​ទំនាក់ទំនង​មក​មន្ទីរពិសោធន៍​ជាតិ​សំណង់​តាមរយៈ លោក​ញ៉ ហេង ប្រធាន​មន្ទីរពិសោធន៍​ជាតិ​សំណង់ លេខ​ទូរស័ព្ទ ០៩២ ៥៩៥ ៤៩៥ / ០១២ ៩១៦ ៨៦៩ និង​

​អ៊ីមែល chhln-piseth@mlmupc.gov.kh ឬ​មក​មន្ទីរពិសោធន៍​ជាតិ​សំណង់ អាសយដ្ឋាន ដីឡូត៍​លេខ ២០០៥ ​ផ្លូវ​លេខ ៣០៧ សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕