ព្រះ​វិហារៈ សហគមន៍​តំបន់ការពារធម្មជាតិ​ចាក់អង្រែ​បាននិងកំពុង​តែ​សាងសង់​ជណ្តើរ​ឈើ​ថ្មី​មួយ​ប្រវែង​ ៣៧៩​ ម៉ែត្រ ដើម្បី​ឡើងទៅ​លើ​ភ្នំ​ត្បែង ដែល​ការសាងសង់​នេះ​ត្រូវ​បានផ្តល់​មូលនិធិ​ដោយ​ជំនួយ​ខ្នាតតូច​របស់ ​UNDP​។

​យោងតាម ព្រៃ​ឡង់​បៃតង (USAID Greening Prey Lang)​បានឱ្យដឹងថា ជណ្តើរ​ថ្មី​ត្រូវ​សាងសង់ ដោយសារតែ​ជណ្តើរ​ចា​ស់មានភាព​ទ្រុឌទ្រោម ដែល​ធ្វើឱ្យ​អ្នកទេសចរ​ពិបាក​ឡើង​ភ្នំ​ដ៏​ចោត​នោះ​។ ការសាងសង់​នេះ​ធ្វើតាម​គំរូ​ជណ្តើរ​ដែល​បាន​សាងសង់​នៅ​ភ្នំ​ជម្រក​សត្វ ក្នុង​ខេត្តស្ទឹងត្រែង​។

​សមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ​ចាក់អង្រែ បាន​រៀន​ពី​គំរូ​ជណ្តើរ​នេះ​អំឡុងពេល​ទស្សនកិច្ច​សិក្សា​នៅ​ភ្នំ​ជម្រក​សត្វ ក្រោម​ជំនួយ​របស់​UNDP​។​

​ជណ្តើរ​នេះ​នឹង​ភ្ជាប់​សហគមន៍​តំបន់ការពារធម្មជាតិ​ចាក់អង្រែ​ជាមួយ​សហគមន៍​២​ផ្សេងទៀត​នៅក្នុង​ឧទ្យាន​ជាតិ​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង​ដែល​វា​បង្កើតជា​ផ្លូវ​អេកូ​ទេសចរណ៍​ដ៏​ពិសេស​សម្រាប់​ភ្ញៀវទេសចរ​ដើម្បី​ដំណើរ​កម្សាន្ត​លើ​ភ្នំ​ត្បែង​។

​ជណ្តើរ​ឈើ​ថ្មី​នេះ នឹង​អាចជួយ​ឱ្យ​ភ្ញៀវទេសចរ​ឡើងទៅ​កាន់​តំបន់​ធម្មជាតិ​ដ៏​ស្រស់ស្អាត​នៅលើ​ឧទ្យាន​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង​បាន​កាន់តែ​ងាយស្រួល​។ ការផ្តល់​គ្រឿង​បរិក្ខារ និង​បទពិសោធន៍​ទេសចរណ៍​ល្អ នាំឱ្យ​ភ្ញៀវទេសចរ​កាន់តែច្រើន​មក​ទស្សនា​សហគមន៍​អេកូ​ទេសចរណ៍​។

​ចំនួន​ភ្ញៀវទេសចរ​កើនឡើង​ក៏​ជាការ​រារាំង​ដល់​បទល្មើស​ព្រៃឈើ​ផងដែរ ដោយសារ​ជនល្មើស​មិនអាច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​កន្លែង​ដែលមាន​ទេសចរ​និង​ម​គ្គុ​ទ្ទេស​សហគមន៍​បាន​នោះទេ​។ សហគមន៍​មូលដ្ឋាន និង​អាជ្ញាធរ​ក៏​ត្រូវបាន​លើកទឹកចិត្ត​ក្នុងការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ នៅពេលដែល​សកម្មភាព​អេកូ​ទេសចរណ៍​ទទួលបាន​ជោគជ័យ ដោយសារ​ការបង្កើន​ប្រាក់ចំណូល​ដែល​អេកូ​ទេសចរណ៍​ផ្តល់​ដល់​សហគមន៍​មូលដ្ឋាន​។​

​សហគមន៍​២​ផ្សេងទៀត​ក៏​ទទួលបាន​ជំនួយ​ពី​ UNDP ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​អេកូ​ទេសចរណ៍​ផងដែរ​។ ជំនួយ​របស់​UNDP បំពេញបន្ថែម​ទៅលើ​ជំនួយ​ផ្នែក​បច្ចេកទេស និង​អភិវឌ្ឍន៍​សមត្ថភាព​ស​ហគ​មន៍​របស់​គម្រោង​ USAID​ ព្រៃ​ឡង់​បៃតង​។​

​កាលពី​ឆ្នាំ​ ២០១៦ រដ្ឋាភិបាល​បានចេញ​អនុ​ក្រឹ​ត​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ដែលមាន​ផ្ទៃដី​ទំហំ​ជាង​២៥ ២៦៩​ហិកតា​៕