
ភ្នំពេញៈ ក្នុងរយៈពេល ៤ខែ មានបណ្ណបើកបរជាង២ម៉ឺនបណ្ណ ត្រូវបានដកពិន្ទុ បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យដំណើរការអនុវត្តសាកល្បងនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យចំពោះបទល្មើសចរាចរណ៍នៅតាមគោលដៅមួយចំនួន។
កាលពីខែសីហា ក្រសួងបានប្រកាសថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនឹងដាក់ឱ្យដំណើរការអនុវត្តពេញលេញជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នេះតទៅ។
កម្មវិធីនេះមានគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា។
ក្រសួងបានបញ្ជាក់តាមរយៈហ្វេសប៊ុកនាថ្ងៃទី៣១ ខែធ្នូ ថា៖ «កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ កម្មវិធីនេះបានដាក់ឱ្យដំណើរការអនុវត្តសាកល្បងនៅតាមគោលដៅមួយចំនួន ដែលគិតមកទល់ពេលនេះមានរយៈពេល ៤ខែ និងមានបណ្ណបើកបរប្រមាណ ២៣ ០១៥បណ្ណ ត្រូវបានដកពិន្ទុ»។
ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងធ្វើដំណើរប្រកបដោយការយោគយល់អធ្យាស្រ័យខ្ពស់រវាងគ្នា ដើម្បីអាចទទួលបាននូវសុខសុវត្ថិភាពល្អក្នុងការធ្វើដំណើរ៕