ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​រំឭក​ក៏​ដូចជា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ ឱ្យ​បាន​ខ្ជាប់ខ្ជួន ខណៈ​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ​ចំពោះ​អំពើ​ល្មើសច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០២៣។

ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ឱ្យ​បាន​ជាអតិបរមា កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ការ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក នឹង​ដាក់​ឱ្យ​ដំណើរការ​អនុវត្ត​ពេញលេញ​ជា​ផ្លូវការ ចាប់​ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៣ នេះតទៅ។

ជាមួយគ្នានេះ​ដែរ ក្រសួង​សាធារណការ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ខ្ជាប់​ខ្ជួន និង​ធ្វើ​ដំណើរ​ប្រកប​ដោយ​ការ​យោគយល់​អធ្យាស្រ័យ​ខ្ពស់​រវាងគ្នា ដើម្បី​អាច​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព​ល្អ​ក្នុង​ការ​ធ្វើ​ដំណើរ។

ក្រសួង​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅ កម្មវិធី​នេះ​បាន​ដាក់​ឱ្យ​ដំណើរការ​អនុវត្ត​សាកល្បង​នៅ​តាម​គោលដៅ​មួយ​ចំនួន ដែល​គិតមក​ទល់​ពេល​នេះ​មាន​រយៈពេល ៤ខែ និង​មាន​បណ្ណ​បើកបរ​ប្រមាណ ២៣ ០១៥ បណ្ណ ត្រូវ​បាន​ដកពិន្ទុ។

ជុំវិញ​បញ្ហា​ចរាចរណ៍​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ ២០២២ អំពាវនាវ​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​គោរព​ច្បាប់ចរាចរណ៍​ទាំងអស់​គ្នា និង​សង្កត់​ធ្ងន់​ថា ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ក​សោកនាដកម្ម​ដល់​ខ្លួនឯង និង​អ្នក​ដទៃ​ដែល​មិន​ដឹង​អី​សោះ។

លោក​ថ្លែង​ថា៖‍ «ខ្ញុំ​នៅតែ​បន្ត​ការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​គោរព​ច្បាប់​ចរាចរណ៍ សូមកុំ​ខ្លាច​ប៉ូលិស​ចរាចរណ៍ ខ្លាច​ស្លាប់​ ឬ របួស​អាហ្នឹង​ល្អជាង»។

គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឱ្យ​ដឹង​ថា ការ​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ត្រូវ​បាន​អនុវត្ត​ដោយ​ឧបករណ៍​បច្ចេកទេស ដើម្បី​កត់ត្រា​ព័ត៌មាន​រក្សា​ទុក​ក្នុង​ប្រព័ន្ធ។ ដូចនេះ អ្នក​បើកបរ យានយន្ត​គ្រប់​រូប​យក​តាម​ខ្លួន​នូវ​បណ្ណ​បើកបរ​យានយន្ត (ច្បាប់​ដើម) ដើម្បី​ផ្តល់​ជូន​សមត្ថកិច្ច​ត្រួត​ពិនិត្យ និង​អនុវត្ត​ការ​ដកពិន្ទុ ក្នុង​ករណី​មាន​ការប្រព្រឹត្ត​ល្មើស​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។

ចំពោះ​ការ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក អាច​បង់ប្រាក់​នៅ​តាម​បញ្ជ​ ទ្រូម៉ាន់នី ​ឬ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី (TrueMoney Mobile App) បន្ថែម​លើ​ការ​បង់ប្រាក់​ដោយ​ផ្ទាល់​នៅ​ស្នាក់ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក៕