​ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់​យក​ថ្ងៃទី​ ​២ ខែមករា ឆ្នាំ​ ២០២៣ ជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​នៃ​ការចាប់ផ្តើម​ការសិក្សា​ដំបូង​របស់​សិស្សានុសិស្ស ដែល​ទើប​គ្រប់​អាយុ​ត្រូវ​ចូល​សាលារៀន និង​ជា​ថ្ងៃ​បើក​បវេសនកាល​ចូល​រៀន ហើយ​រាជរដ្ឋាភិបាល​បានប្រកាស​ចូលរួម​អបអរសាទរ​ចំពោះ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២២-២០២៣ នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បានលើកឡើង​តាមរយៈ​សារលិខិត​កាលពី​ថ្ងៃទី​ ​១ ខែមករា​ថា ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក ដែល​ប្រជាជន និង​រាជ​​រដ្ឋាភិបាល​បាន​ឆ្លងកាត់​នាពេល​កន្លងមក និង​តាមរយៈ​យុទ្ធនា​​ការចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស គ្រប់គ្នា​អាច​រៀនសូត្រ និង​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​ «​គន្លង​ប្រក្រតី​ភាព​ថ្មី​នៃ​វិស័យ​អប់រំ​»​។​

​លោក​ថ្លែងថា​៖ «​យើង​បានចាត់ទុក​អាយុជីវិត​របស់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​ជា​កត្តា​អាទិភាព​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​៣​កុំ ៣​ការពារ​និង​ការរៀបចំ​ដំណើរ​​ការអប់រំ រួមទាំង​ប្រព័ន្ធ​អប់រំ ដែលមាន​ភាព​ធន់ និង​ឆ្លើយតប​ទៅនឹង​វិបត្តិ​។ ឆ្លងតាម​បទ​​ពិសោធន៍​ទាំងនេះ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ង្ឃឹ​មយ៉ាង​មុតមាំ​ថា ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី ២០២២-២០២៣ នឹង​បន្ត​ប្រព្រឹត្ត​ទៅដោយ​រលូន​»​។

​ដើម្បីឱ្យ​គន្លង​ប្រក្រតីភាព​ថ្មី នៃ​វិស័យ​អប់រំ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២២-២០២៣ នេះ ដំណើរការ​ទៅបាន​ល្អប្រសើរ តាម​ការគ្រោងទុក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​នូវ​ចំណុច​មួយចំនួន​ដោយ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ត្រូវ​បន្ត​ដឹកនាំ និង​អនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល នូវ​ទស្សនទាន ​«​គន្លង​ប្រក្រតី​ភាព​ថ្មី​នៃ​វិស័យ​អប់រំ​» ដោយ​ត្រូវ​ធានា​ផ្តល់​សេវា​អប់រំ ដែលមាន​ភាព​ធន់ រស់​រវើក និង​ភាពឆ្លើយតប​។

​ក្រសួង និង​អ្នកពាក់ព័ន្ធ ត្រូវ​បន្ត​អនុវត្ត និង​គាំទ្រ​ដល់​ការអប់រំ​តាមបែប ឌីជីថល​ដើម្បីឱ្យ​កម្ពុជា​អាចឈាន និង​ឆ្លើយតប​ទៅនឹង​សភាពការណ៍​ជាតិ តំបន់ និង​សកលលោក និង​ត្រូវ​បន្ត​អភិវឌ្ឍ​សមត្ថ​ភាព និង​កសាង​ប្រព័ន្ធ​អប់រំ ឱ្យ​កាន់តែ​រឹងមាំ មាន​ភាពរស់រវើក មាន​គណនេយ្យភាព និង​កាន់តែ​ធានាបាន​នូវ​ភាព​ស័ក្ដិសិទ្ធិ​នៃ​ការដឹកនាំ និង​គ្រប់គ្រង​របស់​បុគ្គលិក​នៅ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​ការគ្រប់គ្រង​នៅ​កម្រិត​សាលារៀន​។​

​លោក ហ៊ុន សែន បញ្ជាក់ថា ៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវខិតខំ​កែលម្អ​សេវា​អប់រំ និង​កម្មវិធី​អប់រំ ដើម្បី​កសាង​ធនធានមនុស្ស​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ ក្នុង​យុគសម័យ​ឌីជីថល និង​សេដ្ឋកិច្ច​ឌីជីថល និង​ប្រកបដោយ​ជំនាញ​ក្នុង​សតវត្សរ៍​ទី​ ២១ ជាពិសេស​ការអប់រំ វិទ្យា​សាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​»​។​

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ទៅលើ​ការការពារ​មេរោគ​កូ​វីដ​ ១៩ ដោយ​ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា បន្ត​លើកកម្ពស់​សុខភាព​សិក្សា និង​ការឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ ដោយ​បន្ត​អនុវត្តតាម​អភិក្រម ៣​កុំ ៣​ការពារ ជាពិសេស ត្រូវមាន​យន្តការ និង​វិធានការ​ឆ្លើយតប​ភ្លាមៗ ទៅនឹង​ប្រធាន​ស័ក្ដិ​នានា​។

​លោក​ហ៊ុន សែន ថា ៖ «​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ត្រូវ​បន្ត​រៀបចំ​បរិស្ថាន​សាលារៀន​ស្អាត សាលារៀន​បៃតង ឱ្យ​ស័ក្តិ​សមជា​ទីកន្លែង​សម្រាប់​ការអប់រំ និង​បណ្ដុះ​គំនិត​ស្អាតស្អំ ឥរិយាបថ​ល្អ និង​គ្មាន​ការ​ញាំញី​ផ្លូវចិត្ត ផ្លូវកាយ ហើយ​សិស្សានុសិស្ស ទាំងអស់ សូម​បន្ត​ខិតខំ​រៀនសូត្រ និង​ស្រាវ​ជ្រាវ​ឱ្យបាន​ខ្ជាប់ខ្ជួន​និង​ចូលរួម​ឱ្យបាន​សស្រាក់​សស្រាំ​ក្នុង​អំពើ​ល្អ ដើម្បី​ការរីកចម្រើន​នៅក្នុង​គ្រួសារ ក្នុងសង្គម និង​ប្រទេសជាតិ​យើង​ទាំងមូល​»​។​

​នាឱកាស​នៃ​ការអបអរសាទរ​ថ្ងៃ​បើក​​បវេសនកាល​ឆ្នាំ​ថ្មី ២០២២-២០២៣ នេះដែរ លោក ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​ជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ​ទាំងអស់​ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សប្បុ​រស​ជន​នានា ដែល​តែងតែបាន​រួមចំណែក​ក​សាង និង​អភិវឌ្ឍ​វិស័យ​អប់រំ នៅ​កម្ពុជា​ឱ្យមាន​ដំណើរការ​រីកចម្រើន​គួរ​ជាទី​មោទនៈ​។​

​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ នឹងចូលរួម​ប្រារព្ធ​ពិធី​បើក​បវេសនកាល ឆ្នាំ ​២០២២-២០២៣ ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២៣ ​នេះ នៅ​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ ឱ្យដឹងថា ឆ្នាំ​សិក្សា ២០២២-២០២៣ ត្រូវ​ចាប់ផ្ដើម​ដំណើរការ​នា​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២៣ និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​

​ថ្ងៃ​បើក​បវេសនកាល​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២៣ និង​វិស្សមកាល​ប្រព្រឹត្តទៅ​ចំនួន​២​ដង​គឺ​វិស្សមកាល​តូច ចាប់ពី​ថ្ងៃទី​ ៦ ខែមេសា ដល់​ថ្ងៃទី​ ១៨ ខែឧសភា និង​មហា​វិស្សមកាល ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ​ ២០២៣​។ ចំពោះ​ថ្ងៃ​បើកប​វេ​សន​​កាល​ជា​ផ្លូវការ ក្រសួង​អប់រំ បាន​ណែនាំ​ឱ្យ​គ្រប់​សាលារៀន​ត្រូវ​រៀបចំ​ចង​បដា ពាក្យស្លោក​អបអរសាទរ​ថ្ងៃ​បវេសនកាល ឱ្យបាន​មុន​ថ្ងៃ​ប្រារព្ធ​ពិធី និង​អញ្ជើញ​ថ្នាក់ដឹកនាំ ឬ​មន្ត្រី​ក្រសួង​អប់រំ​, មន្ទីរអប់រំ​, អាជ្ញាធរ​ដែនដី​, មាតាបិតា ឬ​អ្នកអាណាព្យាបាល​សិស្ស ចូលរួម​និង​អមដោយ​ការបិទ​ផ្សាយ​បដា​បញ្ជាក់​ពី​ការ​ចូលរៀន​ដោយ​ឥត​បង់ថ្លៃ​ផងដែរ​៕