ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលយក​សំណូមពរ​អង្គការ​អាហ្វេស៊ីប​កម្ពុជា​ដែល​សុំ​មិនឱ្យ​កុមារ​អាយុ​៥​ឆ្នាំ​ដែល​រងគ្រោះ​ដោយ​ការរំលោភបំពាន​ផ្លូវភេទ និង​ជួញដូរ​ផ្លូវភេទ​ឡើងទៅ​តុលាការ ពីព្រោះ​វា​ជា​កន្លែង​ដែល​កុមារ​ភ័យ​ខ្លាច​បន្ថែមទៀត នៅពេល​ជួប​ជន​ល្មើស​នៅឯ​តុលាការ​។

​លោក​ទទួលយក​សំណូមពរ​នេះ​ធ្វើឡើង​ក្នុង​ពិធី​សួរសុខទុក្ខ​ដល់​កុមារី និង​យុវតី​កំព្រា និង​រងគ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP) ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​​ភ្នំពេញ នា​ថ្ងៃទី​​ ១ ខែមករា ឆ្នាំ​ ២០២៣​។​

​នៅ​ចំពោះមុខ​លោកនាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​នោះ​លោកស្រី ម៉ម សុ​ម៉ាលី ស្ថាបនិក និង​ជា​នាយិកា​គ្រប់គ្រង​អង្គការ​អាហ្វេស៊ីប ថ្លែងថា​៖ «​កូនសុំ​ឱ្យ​កូនៗ​ដែល​គាត់​អាយុ​ ៥ ​ឆ្នាំ​កុំឱ្យ​គាត់​ឡើង​តុលាការ​ដោយសារ​គាត់​ឡើងទៅ​គាត់​ជួប​ជាមួយ​ជនល្មើស​គាត់​មកវិញ​គឺ​ពិបាក​ខ្លាំងណាស់ លោក​ពុក​»​។​

​លោក ហ៊ុន សែន ថ្លែងថា​៖ «​ឥឡូវ​ហ្នឹង ខ្ញុំ​ទទួលយក​នូវ​សំណូម​ពរ​នេះ​គឺ​ត្រឹមតែ​មេធាវី​ទៅបាន​ទេ​? អាហ្នឹង​គឺ ឯកឧត្តម កើត រិ​ទ្ធ [​រដ្ឋ​មន្ត្រី​យុត្តិធម៌​] ក៏ដូចជា​លោកជំទាវ ជូ ប៊ុន​អេង​[​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិ​​ន្រៃ្ត​យ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​)] ​ធ្វើការ​ជាមួយ​ឯកឧត្តម កើត​ រិ​ទ្ធិ អំពី​ខាង​ផ្នែក​យុត្តិធម៌ គឺ​យក​ក្មេង​ទាំងនេះ​ឡើងទៅ​តុលាការ​ស្មើនឹង​បំបាក់ស្មារតី​បន្ថែម ការ​ភ័យ​ខ្លាច​កាន់តែ​ធ្ងន់​»​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បន្ថែមថា​៖ «​អ៊ីចឹង​តុលាការ​គួរតែ​យល់​អំពី​បញ្ហា​ហ្នឹង​។ យើង​អាច​បញ្ជូន​មេធាវី មេធាវី​បាន មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ​ទៅហើយ​។ ក៏ប៉ុន្តែ តុលាការ​តម្រូវឱ្យ​យក​ក្មេងៗ​ឡើងទៅ​កាន់​តុលាការ​គឺជា​កន្លែង​ដែល​គ្នា​ភ័យខ្លាច​ថែម​ទៀត​។ ឥឡូវ​គ្នា​មិនទាន់​បាត់​ទាំង​ការភ័យខ្លាច​ផង​តុលាការ​តម្រូវ​»​។​

​លោក ហ៊ុន សែន បាន​ថ្លែង ដោយ​យល់ថា តុលាការ​នឹង​យល់​ពី​បញ្ហា​នេះ ហើយ​លោក​បញ្ជាក់ថា ប្រសិនជា​តុលាការ​មានកូន និង​មាន​ចៅ​របស់ខ្លួន​ជួប​រឿង​បែបនេះ​ពួកគាត់​ច្បាស់​ជា​នឹង​យល់​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ដោយ​លោក​គាំទ្រ​ចំពោះ​សំណូម​-​ពរ​នេះហើយ​លោក​នឹង​ធ្វើការ​ជាមួយ ខាង​ផ្នែក​យុត្តិធម៌​ដើម្បីឱ្យ​តុលាការ​យល់ព្រម​ទៅលើ​បញ្ហា​នេះ ហើយ​សូម្បីតែ​មនុស្សពេញវ័យ​មួយចំនួន​ក៏​មិនចាំបាច់​ឡើង​តុលាការ​ដោយ​ខ្លួនឯង​នោះទេ តែ​បញ្ជូន​ត្រឹមតែ​មេធាវី​ដើម្បី​ទៅ​ការពារ​ក្ដី​គឺ​វា​គ្រប់​គ្រាន់​ហើយ​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា​៖ «​អ៊ីចឹង​ខ្ញុំ​ទទួលយក​ជាមួយនឹង​សំណួរ​នេះ​។ វា​លំបាក​ណាស់ រឿងរ៉ាវ​វា​បានកើត ហើយ​ជួនកាល​គឺ​ទៅ​តទល់​ជាមួយនឹង អា​ភាពភ័យខ្លាច​វា​មិនទាន់​បាត់ទៅ​ផង ហើយ​យកគ្នា​ទៅ​ចេញ​ត្រឡប់មកវិញ​គឺ​បង្កើត​បញ្ហា​ដ៏​លំបាក​សម្រាប់​អារម្មណ៍​របស់​គ្នា​នោះ​។ យើង​នៅ​ខាង​មណ្ឌល​ត្រូវ​ទទួលខុសត្រូវ​មើលថែទាំ​ក្រែងលោ​គ្នា​មាន​វិបត្តិ​ផ្លូវចិត្ត​បន្ថែម​លើ​ហ្នឹង​ទៅទៀត​»​។​

​លោក​ហ៊ុន សែន បាន​ថ្លែង ដោយបាន​ប្រកាស​ផ្តល់​អាទិភាព​អាហារូបករណ៍​ដល់​សិស្សស្រី​នៅ​អង្គការ​អាហ្វេស៊ីប ឱ្យ​បន្ត​ការសិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ និង​បន្ថែម​ការផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​អង្គការ​សម្រាប់​ទ្រទ្រង់​ការចំណាយ​។​

​ចាប់ពី​ខែមករា ឆ្នាំ​ ២០២៣ តទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឧបត្ថម្ភ អង្ករ​ចំនួន​ ១,២​ តោន រួម​នឹង​ថវិកា ២០ លាន​រៀល​ជា​រៀងរាល់ខែ ​(​ខណៈ​ឆ្នាំ​កន្លងទៅ​គឺ ១០ ​លាន​រៀល​ក្នុង​ ១​ ខែ​) ឧបត្ថម្ភ​ដល់​កុមារ​ប្រចាំខែ​ចំនួន ១០​ ម៉ឺន​រៀល និង​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​ ម៉ឺន​ដុល្លារ​អាមេរិក ជា​រៀង​​រាល់​ឆ្នាំ ដល់​អង្គការ​នេះ​សម្រាប់​ប្រើប្រាស់​ជា​ថវិកាបម្រុង​សម្រាប់​ការខ្វះខាត​ក៏ដូចជា​ហេតុការណ៍​អាសន្ន​ផ្សេងៗ នៅក្នុង​អង្គការ​។​

​លោកស្រី ម៉ម សុ​ម៉ាលី ថ្លែង​ក្នុង​ពិធី​នេះ​ថា អង្គការ​អាហ្វេស៊ីប​បាន​ជួយ​ដល់​កុមារ និង​យុវតី​ចំនួន​ជាង​ ៧ ០០០​ នាក់​មកហើយ​។ បច្ចុប្បន្ន​កុមារ និង​យុវតី​ចំនួន ​១៤៨​ នាក់​ស្ថិតនៅក្រោម​បន្ទុក​ក្នុងការ​មើលថែ​ព្យាបាល​ផ្លូវចិត្ត​ព្យាបាល​សុខភាព​រាងកាយ ការផ្តល់​ជំនួយ​ផ្នែក​ច្បាប់ និង​ផ្តល់​ការឧបត្ថម្ភ​អាហារូបករណ៍​សិក្សា​រប​ស់​ពួកគាត់​រហូតដល់​បញ្ច​ប់ ថ្នាក់ឧត្ដម​សិក្សា និង​អាហា​រូប​ករ​ណ៍​បណ្តុះបណ្តាល​ជំនាញ​។​

​លោកស្រី​ថ្លែងថា​៖ «​នាង​ខ្ញុំ​នៅក្នុងនាម​ជា​ម្តាយ​របស់​កូនៗ​រងគ្រោះ​ពិតជា​មាន​មោទនភាព​ចំពោះ​កូនៗ​ខ្លាំងណាស់​ថ្វីដ្បិតតែ​គាត់​ធ្លា​ប់រង​គ្រោះ​ប៉ុន្តែ​គាត់​ក្រោកឈរ​និង​មាន​សមត្ថភាព​»​។​

​លោក អំ សំអាត នាយក​ទទួល​​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ថ្លែង​ដោយ​គាំ​ទ្រ​ចំពោះ​ការផ្តល់​អនុសាសន៍​រប​ស់លោក​នាយករដ្ឋមន្ត្រី ដោយ​លោក​បន្ថែមថា តុលាការ​មិនមាន​ភាព​ចាំ​បាច់​ក្នុង​ការកោះហៅ​ក្មេងស្រី​រង​គ្រោះ​អាយុ​ ៥ ​ឆ្នាំ​ឡើង​តុលាការ​ទេ​។​

​លោក​ថ្លែងថា​៖ «​នៅ​តុលាការ​ស្រុក​យើង​អត់​ទាន់​មាន​តុលាការ​វិជ្ជាជីវៈ​ខាង​កុមារ ឬ​ស្ត្រី​ទាក់ទង​នឹង​ការរំលោភ​ទេ ហើយ​នៅ​ស្រុក​គេ គេ​មាន​វិធានការ មិនដែល​ឱ្យ​កុមារ​ប្រឈមមុខ​ជាមួយនឹង​អ្នកប្រព្រឹត្ត​បទល្មើស​ទេ ព្រោះ​នៅពេលដែល​ឃើញ​មុខ​ជនល្មើស​គឺ​ធ្វើឱ្យ​អារម្មណ៍​ផ្លូវចិត្ត​របស់​កុមារ​កាន់តែ​ធ្ងន់ធ្ងរ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​កុមារ​ធ្ងន់ធ្ងរ​។ ការមិន​ប្រឈមមុខ​ទៅ​តុលាការ​ជាមួយ​ជន​ប្រព្រឹត្ត​បទល្មើស​ជា​រឿង​ត្រឹមត្រូវ​»​។​

​លោក​ក៏បាន​ថ្លែង ដោយ​ស្នើ​ទៅ​តុលា​ការឱ្យ​ផ្តន្ទាទោស​ស្ថាន​ទម្ងន់ទោស​ចំពោះ​ជនល្មើស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​រំលោភបំពាន​ផ្លូវភេទ​កុមារ​ព្រោះ វា​គឺជា​រឿង​ឃោរឃៅ​និង​អ​សីល​ធម៌​មិនអាច​ទទួលយកបាន​៕