ភ្នំពេញៈ ម៉ាស៊ីនរាវមីន អាវ​ការពារ និង​ឧបករណ៍​គ្រឿង​បំផ្ទុះ ជាច្រើន​គ្រឿង ដែល​សរុប​ជា​ទឹកប្រាក់ ជាង​​ ៧៨​ ម៉ឺន​ដុល្លារ​អាមេរិក ត្រូវ​​បាន​អាជ្ញាធរ​មីន​កម្ពុជា​ប្រគល់ជូន​បញ្ជាការដ្ឋាន​ក​ង​វិស្វកម្ម​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​អង្គរក្ស នា​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២៣ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី​លី ធុជ អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​។​

​លោក​លី ធុជ ថ្លែង ក្នុង​ពិធី​ប្រគល់ និង​ទទួល​នូវ​សម្ភារ​ទាំងនេះ ថា សម្ភារ​បោសសម្អាត​មីន ដែល​ខាង​អាជ្ញាធរ​មីន​ប្រគល់​ដល់​បញ្ជា​ការដ្ឋាន​កងវិស្វកម្ម​កងទ័ពជើងគោក និង​បញ្ជាការដ្ឋាន​អង្គរក្ស នាពេលនេះ រួមមាន ម៉ាស៊ីនរាវមីន ចំនួន​ ១៦០ ​គ្រឿង ឃី​ដ​ចំនួន​ ១៦០ ​កញ្ចប់ អាវ​ការពារ​ចំនួន​ ៤០ ​អាវ និង​ឧ​ប​ករ​ណ៍​គ្រឿង​បំផ្ទុះ​ចំនួន ៨៥ ដែល​សរុប​ជា​ថវិកា​ចំនួន​ ៧៨៥ ១២៥ដុល្លារ​អាមេរិក​។

​លោក​ឱ្យដឹងថា សម្ភារ​បោស​​សម្អាត​មីន​ទាំងនេះ ត្រូវបាន​បែង​ចែក​ទៅតាម​បញ្ជាការដ្ឋាន​ផ្សេងៗ​គ្នា ក្នុងនោះ​មាន​បញ្ជាការដ្ឋាន​កង​វិស្វកម្ម​កងទ័ពជើងគោក ទទួល​បាន​ម៉ាស៊ីនរាវមីន​ចំនួន​ ១៥០ ឃី​ដ​ចំនួន​ ១៥០ អាវ​ការពារ​ចំនួន​៤០ និង​ឧបករណ៍​គ្រឿង​បំផ្ទុះ​ចំនួន​ ៨៥ សរុប​ជា​ថវិកា ចំនួន ៧៤៥ ៧៧៥​ ដុល្លារ​អាមេរិក​។​

​ចំណែក​បញ្ជាការដ្ឋាន​អង្គរក្ស ទទួលបាន​ម៉ាស៊ីនរាវមីន​ចំនួន ​១០ និង​ឃី​ដ​ចំនួន​ ១០ ដែល​សរុប​ជា​ថវិកា ចំនួន ៣៩ ៧៧៥ ​ដុល្លារ​​អាមេរិក​ផងដែរ​។​

​សម្ភារ​ទាំងនេះ បានទទួល​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុច វ៉ាន់​ថា មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងវិស្វកម្ម​កង​ទ័ពជើងគោក និង​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រាជ្ញ សុផល មេបញ្ជាការរង​បញ្ជា​ការដ្ឋាន​អង្គរក្ស​។​

​លោក​លី ធុជ ថ្លែងថា​៖ «​បច្ចុប្បន្ននេះ កងទ័ពជើងគោក មិន​ត្រឹមតែ​ការពារ​បូរណភាព​ទឹកដី និង​ការពារ​សន្តិភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​បានទទួល​នូវ​ការហ្វឹកហ្វឺន​ជំនាញ បំពាក់​សម្ភារ និង​ចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​មនុស្ស​ធម៌​ផងដែរ​»​។​

​លោក​បន្ថែមថា​៖ «​ហើយ​ថ្មីៗ​នេះ បាន​ចូលរួម​ធ្វើការ​បោសសម្អាត​មីន ក្នុង​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន ផ្តល់​ដី​​សុវត្ថិភាព បង្កើត​ស្នាមញញឹម ប្រកបដោយ​ជំនាញ​»​។

​បើតាម​លោក​ទេសរដ្ឋមន្ត្រី​លី​ធុជ សម្ភារ ដែល​ប្រគល់ នា​ថ្ងៃទី​ ២ ខែមករា​នេះ កងទ័ពជើងគោក នឹង​យកទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​ព​ន្លឿ​ន​ការងារ​បោសសម្អាត​មីន ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ទស្សនវិស័យ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ឆ្ពោះទៅរក​កម្ពុជា​គ្មាន​មីន ឆ្នាំ​ ២០២៥៕